Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីក្រសួងផែនការជំរុញមន្ត្រីនិងពលរដ្ឋឱ្យយកចិត្តទុកដាក់លើការងារធ្វើជំរឿនកសិកម្ម

Views: 1

ដោយ:បូកគោ/កំពត: ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការបានប្រាប់ដល់មន្ត្រីជំរឿន និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់លើការងារធ្វើជំរឿនកសិកម្មបំណងទទួលបានព័ត៌មានជាក់ស្តែងដែលអាចជឿទុកចិត្តបាន ទាំងទិន្ន័យប្រជាជន សេដ្ឋកិច្ច កសិកម្ម និងអាជីវកម្មផ្សេងៗដើម្បីយកទៅប្រើប្រាស់ក្នុងផែនការអភវិឌ្ឍន៍ប្រទេសជាតិ។

ក្នុងដំណើរចុះពិនិត្យលទ្ធផល នៃវគ្គបណ្ដុះបណ្ដាលមន្ត្រីជំរឿនកសិកម្មស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ សម្រាប់មន្ត្រីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ធ្វើឡើងនាសាលប្រជុំសាលាស្រុកទឹកឈូកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ថា ការងារជំរឿនកសិកម្មមានសារសំខាន់ទី១.ដើម្បីត្រួតពិនិត្យប្រជាជន, ទី២. ត្រួតពិនិត្យសេដ្ឋកិច្ច និងទី៣.ត្រួតពិនិត្យកសិកម្មដែលមានចែងក្នុងច្បាប់ស្តីពីស្ថិតិ និងកាតព្វកិច្ចត្រូវបំពេញ។ កន្លងមក មន្ត្រីជំរឿនមតិសាធារណៈ និងពលរដ្ឋខ្លះមិនសូវយកចិត្តទុកដាក់ក្នុងការឱ្យតម្លៃដល់ការងារជំរឿនប៉ុន្មានទេ។ ការងារជំរឿនធ្វើឡើងដើម្បីពិនិត្យតាមដានផង និងវាស់វែងរាល់កិច្ចការសំខាន់ៗរបស់រដ្ឋ ក៏ដូចជាសកលលោកផង។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្វើជំរឿងមិនត្រឹមតែឈានដល់ការងារកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំងអាចវាយតម្លៃបានថាតើកម្ពុជាស្ថិតនៅលំដាប់ណា អាចឆ្លងផុតពីប្រទេសអភិវឌ្ឍន៍តិចតួចដែរទេ ឬក៏ឈានដល់កម្រិតណាហើយ?។

លោក ឆាយ ថន បានបន្តថា ការធ្វើជំរឿនកសិកម្មគឺដើម្បីផ្តល់ទិន្នន័យបច្ចុប្បន្នស្តីពីរចនាសម្ព័ន្ធនៃការកាន់កាប់ផ្ទៃដីកសិកម្ម ការដាំដំណាំ ការចិញ្ចឹមបសុសត្វ សកម្មភាពនេសាទ និងវារីវប្បកម្ម ក៏ដូចជាសកម្មភាពអនុផលព្រៃឈើនៅក្នុងដែនដីនៃកម្ពុជាទៀតផង។ បន្ថែមលើនេះ ជំរឿនកសិកម្មនឹងផ្តល់ទិន្នន័យសម្រាប់ធ្វើការគណនាវាស់វែងអំពីតុល្យភាពនៃសន្តិសុខស្បៀង បានដឹងអំពីគ្រួសារដែលអាចងាយរងគ្រោះ ព្រមទាំងអាចវាយតម្លៃលើផលប៉ះពាល់ពីកត្តាប្រែប្រួលអាកាសធាតុ និងបរិស្ថាន ឬ គ្រោះមហន្តរាយធម្មជាតិជាដើម។ ដូច្នេះ មន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ និងពលរដ្ឋទាំងអស់ត្រូវចូលរួមសហការធ្វើយ៉ាងណាឱ្យទិន្ន័យប្រមូលបានជាក់ស្តែង ទាន់ពេលវេលា ច្បាស់លាស់ ត្រឹមត្រូវ ជឿជាក់ និងអាចយកមកប្រើប្រាស់បាន។

សូមបញ្ជាក់ថា មន្ត្រីជំរឿនទូទាំងខេត្តកំពតមានផ្នែកសម្ភាស១៧៦នាក់ និងមន្ត្រីត្រួតពិនិត្យចំនួន២៧នាក់ដែលនឹងចាប់អនុវត្តពីថ្ងៃទី១ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣៕សរន/R

Post navigation