Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញការពង្រឹង ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល

Views: 11

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញការពង្រឹងឲ្យល្អប្រសើរ នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ហើយចង់ធ្វើការជាមួយសង្គមស៊ីវិល ដើម្បីសម្រេច នូវផែនបញ្ចកោណនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ។ ពីព្រោះមានចំណុចច្រើនណាស់ ដែលពាក់ព័ន្ធជាមួយនឹងអង្គការសង្គមស៊ីវិល ហើយគួរតែរកយន្តការ ដើម្បីធ្វើការងារ ជាមួយគ្នា ដើម្បីយើងអាចរួមគ្នា នាំកម្ពុជាទៅកាន់ការអភិវឌ្ឍ ការរីកចំរើនថែមមួយ កម្រិតទៀត។

ការបញ្ជាក់នេះ នៅក្នុងកម្មវិធីទិវាអន្តរជាតិ សិទ្ធិទទួលបានព័ត៌មានសកលនៅកម្ពុជា ដែលរៀបចំឡើងដោយ អង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តថា តាមរយៈអង្គការសង្គមស៊ីវិល ដែលជាស្នូល ជាសរសរស្តម្ភ ដែលមានទាំងធនធានមនុស្ស ហិរញ្ញវត្ថុ មានទាំងអ្នកទទួលផលស្រាប់ នៅតាមជនបទ ដើម្បីសហការគ្នា ក្នុងការជម្រុញ និងពន្លឿននូវការអភិវឌ្ឍផែនការ សកម្មភាព ក៏ដូចជាបំពេញឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យយើងអាចឈានទៅសម្រេច បាននូវទស្សនៈវិស័យ ឆ្នាំ២០៣០ និង២០៥០ សម្រាប់ប្រទេសកម្ពុជា។ ហើយនេះគឺ ជាគោលនយោបាយ ក៏ដូចជា ការប្រាថ្នាចង់បានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកកំពុងតែរៀបចំផែនទីនាំផ្លូវ និងក្របខណ្ឌការងារមួយចំនួន ក្នុងការធ្វើការជាមួយ អង្គការសង្គមស៊ីវិល ដើម្បីដាក់ជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី ពិនិត្យ និងផ្តល់យោបល់ ហើយសង្ឃឹមថា តទៅមុខទៀត អាចមានឱកាសជួបប្រាស្រ័យទាក់ទងគ្នា ធ្វើការជាមួយគ្នា ឲ្យបានកាន់តែជិតស្និទ្ធ និងកាន់តែមានផលផ្លែផ្កាថែមទៀត។

លោកបានបញ្ជាក់ថាៈ “រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោកមានបំណងចង់ពង្រឹង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដើម្បីយើងធ្វើការជាមួយគ្នា ក្នុងនាមជាដៃគូ”៕ V / N

Post navigation