
ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ វីដេអូ ខនហ្វើរែន (Video Conference) រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចុះហត្ថលេខា លើខ្លឹមសារព្រៀងកំណត់ហេតុ ស្ដីពីការអភិវឌ្ឍ ទំនាក់ទំនងទីក្រុង ជាបងប្អូន រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងបានពិភាក្សា ទៅលើវិស័យសំខាន់ៗមួយចំនួន។ នេះបើតាមប្រភពព័ត៌មានពី រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ។
រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថាៈ វិស័យសំខាន់ៗមួយចំនួននោះ រួមមានៈ
១. វិស័យទេសចរណ៍ៈ ភាគីទាំងពីរ គាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំ ផ្សព្វផ្សាយជាសាធារណៈ ស្ដីពីវិស័យទេសចរណ៍ នៃខេត្ត-ក្រុងទាំងពីរ ហើយនឹងផ្ដល់ភាពងាយស្រួល និងគោលនយោបាយអនុគ្រោះ សម្រាប់ពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅវិញទៅមក។
២. វិស័យពាណិជ្ជកម្មៈ ភាគីទាំងពីរ ផ្ដល់នូវការគាំទ្រពេញលេញ ទៅលើធនធានផ្សេងៗ និងគុណសម្បត្តិ ផ្នែកឧស្សាហកម្ម នៃ ភាគីទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការ បច្ចេកទេសកសិកម្ម និងពាណិជ្ជកម្ម ផ្នែកផលិតផល។
៣. វិស័យវប្បធម៌ៈ ជំរុញផ្សព្វផ្សាយទេសភាព ទេសចរណ៍ជាយក្រុង ទៅវិញទៅមក និងលក្ខណៈពិសេស ផ្នែកឧស្សហកម្ម និងពង្រីកភាពជឿជាក់ ការយោគយល់ និងកិច្ចសហប្រតិបត្តិការ រវាងខេត្ត-ក្រុងទាំងពីរ។
៤. វិស័យអប់រំៈ ពង្រឹងការផ្លាស់ប្ដូរការសិក្សា កិច្ចសហការបង្រៀន អោយបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន និងពង្រឹងកម្មវិធី សម្រាប់ការធ្វើទស្សនកិច្ចសិក្សា របស់និស្សិត ក្រោមលក្ខខណ្ឌ ណាមួយសមរម្យ។
៥. វិស័យកសិកម្មៈ ស្វែងរកធនធានជាលក្ខណៈពិសេស ផ្នែកកសិកម្ម ផ្ដល់គុណសម្បត្តិ ឱ្យភាគីទាំងពីរ និងពង្រឹងមធ្យោបាយថ្មី នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម ដូចជា ធនធានបំពេញបន្ថែមកម្រិតខ្ពស់ និងការច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាកសិកម្ម។
ក្រុងវៃណាន និងខេត្តកោះកុង នឹងជំរុញបង្កើតចំណងមិត្តភាព ខេត្ត-ក្រុង យ៉ាងសកម្ម ជាលក្ខណៈអន្តរជាតិ៕/V