Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាល​ស្រុក​ទឹកឈូ​បើក​បម្រើសេវា​អត្រានុកូលដ្ឋាន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​

Views: 12

ដោយ​:​បូកគោ​/​កំពត​: ទឹកឈូ​ជា​ស្រុក​មួយ​ក្នុងចំណោម​ក្រុង​ស្រុក​ទាំង​៩​របស់​ខេត្តកំពត​ដែល​បានប្រកាស​ជូនដំណឹង​អំពី​ការបើក​បម្រើសេវា​អត្រានុកូលដ្ឋាន​តាមរយៈ​ទំព័រ​ហ្វេ​ក​ប៊ុ​ក និង​តេ​ឡេ​ក្រាម​នៃ​រដ្ឋបាល​ស្រុក​។ នេះ​ជា​សេវាកម្ម​ថ្មី​ដែល​នឹង​ផ្តល់​ភាពងាយស្រួល​មួយកម្រិត​បន្ថែមទៀត ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​បំពេញការងារ​នៅ​ខេត្ត​ឆ្ងាយ​។​

​លោក​អ៊ឹម ច័ន្ទ​សោធន អភិបាលស្រុក​ទឹកឈូ​បាន​ប្រាប់​ឲ្យ​ដឹងថា​ផ្អែក​តាម​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ស្រុក​ទឹកឈូ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការផ្តល់សេវា​ផ្សេងៗ​តាម​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​ស្រុក​។ កន្លងមក​ការផ្តល់សេវា​មិនមាន​បញ្ហា​រាំងស្ទះ ឬ​យឺតយ៉ាវ​នោះទេ​។

​លោក​អភិបាលស្រុក​បាន​បន្តថា​ដើម្បី​បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត រដ្ឋបាល​ស្រុក​បានសម្រេច​បើក​បម្រើសេវា​អត្រានុកូលដ្ឋាន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​តែម្តង​។ ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវការ​សេវា ឬ​មាន​ភាពមន្ទិលសង្ស័យ​អ្វីមួយ សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ ឬ​តេ​ឡេ​ក្រាម​របស់​រដ្ឋបាល​ស្រុក ០១២ ៤២៤ ៣៨៩​។​

​លោក​មូល សុធា ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក​ទឹកឈូ​បាន​បញ្ជាក់ថា​មន្ត្រី​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ មាន​ចំនួន​១៣​រូប​ដោយ​ពួកគាត់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​មិនដែល​អវត្តមាន​ឡើយ​។ ជា​លទ្ធផល សម្រាប់​រយៈពេល​១០​ខែ​កន្លងទៅ ស្រុក​បានផ្តល់​សេវា​ជាង​១​ម៉ឺន​ករណី ពោល​គឺមាន​ចំនួន​ច្រើនជាងគេ​ក្នុងចំណោម​ក្រុង​ស្រុក​ទាំង​អស់នៃ​ខេត្តកំពត​។
​លោក​ប្រធានការិយាល័យ​បាន​បន្តថា​ក្រោយ​ចាប់​បើក​បម្រើសេវា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​បន្ថែមទៀត​នេះ ប្រជាពលរដ្ឋ​នឹង​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​៕​

Post navigation