Views: 1
ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរមុខងារ សាធារណៈ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត បានបើក កិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្រលេខ ៣០៩ អនក្រ.បក និងអនុក្រឹត្យលេខ២០ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រង និងចាត់ចែងសេវាបង្រៀន ក្នុងគ្រឹះស្ថានបឋម សិក្សាសាធារណៈ និងអនុក្រឹត្យស្ដីពីការគ្រប់គ្រង និងចាត់ចែងសេវាបង្រៀន តាមកម្មវិធី អប់រំក្រៅប្រព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោក ខេន ផល្លី ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រុង ស្រុក និងគ្រូបង្រៀនផងដែរ ។ មានប្រសាសន៍នៅក្នងឱកាសនោះ លោក ខេន ផល្លី បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំ ផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំការគ្រប់គ្រង និងការចាត់ចែងសេវា បង្រៀន ឱ្យមាននិរន្តរភាព និងមានប្រសិទ្ធភាព ក្នុងគ្រឹះស្ថានបឋមសិក្សាសាធារណៈ និងរៀបចំការគ្រប់គ្រង និងការចាត់ចែងសេវាបង្រៀន តាមកម្មវិធីអប់រំក្រៅប្រព័ន្ធ ឲ្យមាននិរន្តរភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយអប់រំក្រៅប្រព័ន្ធ របស់រាជរដ្ឋាភិបាល ។
ចំណែក លោក ឈិន សេងងួន បានមានប្រសាសន៍ថា កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ អនុក្រឹត្រលេខ៣០៩ អនក្រ.បក និងអនុក្រឹត្យលេខ២០ អនក្រ.បក របស់រាជរដ្ឋាភិបាល ដល់មន្រ្តីរាជការ គ្រូបង្រៀន និងមន្រ្តីអប់រំ នាពេលនេះ ពិតជាមានសារៈសំខាន់ ដែលជួយបង្កើននូវចំណេះដឹង និង វិធីសាស្រ្តការគ្រប់គ្រងនិងចាត់ចាត់សេវាបង្រៀន ឲ្យមាននិរន្តរភាព និងមានប្រសិទ្ធភាព ក្នុងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ។
លោក ឈិន សេងងួន ក៏បានជំរុញដល់គណៈគ្រប់គ្រងកម្មវិធីអប់រំក្រៅប្រព័ន្ធ ដូចជា កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ កម្មវិធីចូលរៀនឡើងវិញ កម្មវិធីសមមូលបឋមសិក្សា នៅតាមមូលដ្ឋានឃុំ សង្កាត់ គ្រឹះស្ថានសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ ត្រូវពិនិត្យ គ្រប់គ្រង និងចាត់ចែងសេវាបង្រៀន ឱ្យមានប្រសិទ្ធភាព អនុលោមសេចក្ដីណែនាំរបស់ ក្រសួងអប់រំយុវជន និង កីឡា ដើម្បីចូលរួមលើកកម្ពស់គុណភាពសិក្សា ឱ្យកាន់តែប្រសើរឡើង នៅគ្រប់មូលដ្ឋានទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ៕/V/r





