Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តកំពង់ស្ពឺនឹងហៅភាគីក្រុមហ៊ុន ម៉ន ដានី និងម្ចាស់ដីចូលមកដោះស្រាយនៅថ្ងៃទី២៣ មីនា

Views: 3

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នៅថ្ងៃទី២៣ ខែមីនា ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងធ្វើការអញ្ជើញភាគីលោកស្រី ម៉ន ដានី នាយកក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក និងភាគីលោក សូ សុវណ្ណ ចូលមកដោះស្រាយរឿងទំនាស់ដីធ្លីដែលបានទិញលក់ និងមិនទាន់បានដោះស្រាយគ្នាចប់សព្វគ្រប់ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍បញ្ជាក់ប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី២០ ខែមីនានេះថា នៅថ្ងៃទី២៣ ខែមីនា លោកនឹងចូលរួមដោះស្រាយដោយផ្ទាល់ សម្របសម្រួលក្រៅប្រព័ន្ធ។ ហើយហៅភាគីលោកស្រី ម៉ន ដានី ជាមួយនឹងភាគី សូ សុវណ្ណ រវាងអ្នកលក់នឹងអ្នកទិញ ដើម្បីធ្វើយ៉ាងណាធានាប្រយោជន៍បងប្អូនប្រជាពលរដ្ឋដែលគាត់បានកក់ បានទិញដីពីក្រុមហ៊ុន ម៉ន ដានី។ យើងខិតខំសម្របសម្រួលនៅថ្ងៃទី២៣ ខែមីនា។ លទ្ធផលវាមិនទាន់ថាយ៉ាងម៉េចទេ ពីព្រោះយើងមិនទាន់បានប្រជុំ មិនទាន់បានដោះស្រាយ មិនទាន់បានជជែក។

លោកស្រី ម៉ន ដានី និងស្វាមី (រូបថតៈឯកសារ)

ការអញ្ជើញភាគីលោកស្រី ម៉ន ដានី និងភាគី សូ សុវណ្ណ ចូលមកជួបតទល់គ្នាដើម្បីដោះស្រាយនេះ ពានធ្វើឡើងបន្ទាប់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានជូនដំណឹងដល់សាធារណជនជ្រាបថា គម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប. ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ដី និងជាមួយអតិថិជនដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។ ហេតុនេះ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ កន្លងមក ន.អ.ប. បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងដូចខាងលើជាបន្ទាន់ដូចជា៖ ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្ន រហូតដល់ ន.អ.ប. សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិវាទជាមួយម្ចាស់ដីរួចរាល់។
បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោកស្រី ម៉ន ដានី និងប្តី បានទិញដីពីឈ្មោះ សូ សុវណ្ណ និងប្រពន្ធ មានទំហំដី ៥០ហិកតា ស្មើនឹង ៦ប័ណ្ណ និងបានផ្ទេរកម្មសិទ្ធិ មកឈ្មោះ ម៉ន ដានី និងប្តីរួចអស់ហើយ ព្រមទាំងប្តូរប្រភេទដី និងបង្រួមក្បាលដីរួចអស់ហើយ។ ប៉ុន្តែភាគីអ្នកទិញពុំទាន់ទូទាត់ប្រាក់ឲ្យថ្លៃដីបង្គ្រប់នៅឡើយ ទើបភាគីអ្នកលក់ សូ សុវណ្ណ បានដាក់ពាក្យប្តឹង រក្សាការពារដី ចំនួន ១៣ប័ណ្ណផ្សេងទៀត ដែលភាគី ម៉ន ដានី មិនទាន់ទូទាត់ប្រាក់ តាមកិច្ចសន្យា។
គួរបញ្ជាក់ថា បន្ទាប់ពីយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានធ្វើឱ្យប្រជាពលរដ្ឋ ជាអ្នកទិញផ្ទះពីក្រុមហ៊ុន ម៉ន ដានី បានលើកគ្នាទៅតវ៉ានៅក្រុមហ៊ុនរឿងដែលពួកគាត់បង់លុយហើយ អត់ឃើញផ្ទះ នៅគំរោងទី២៩ ស្ថិតនៅផ្លូវជាតិលេខ ៣ ឃុំព្រះនិពាន្វ និងផ្លូវលេខ ៥១ ក្នុងខេត្តកំពង់ស្ពឺ។។
លោកស្រី ម៉ន ដានី និងស្វាមី កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឡាយតាមហ្វេសប៊ុក ដោយអះអាងថា ខ្លួនបានចាយលុយ ១២លាន ៧សែនដុល្លារ ទិញដី ១០០ហិកតា តែអត់បានប្លង់ និងស្នើសុំដល់ថ្នាក់ដឹកនាំ មេត្តាជួយរកយុត្តិធម៌ផង៕សរន / N

( ប្រជាពលរដ្ឋតវ៉ានៅក្រុមហ៊ុន ម៉ន ដានី )

Post navigation