Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តបន្ទាយមានជ័យ លើកទិសដៅការងារសំខាន់ៗ សម្រាប់ឆ្នាំ២០២៣

Views: 1

ដោយៈ .ជ័យ / បន្ទាយមានជ័យៈ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ  រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

លោក លី សុវណ្ណារឹទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងនូវរបាយ ការណ៍ដ៏វែង ស្តីពីការបូកសរុបលទ្ធផលការងារខេត្ត ឆ្នាំ២០២២ ចំណែកលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានធ្វើបទបង្ហាញពីការបូកសរុប ការងារប្រឡងប្រណាំងអនុវត្តផែនការ នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថាៈ ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការកិច្ចខិតខំប្រឹងប្រែងទាំងអស់ របស់អាជ្ញាធរដែនដី មន្ទីរអង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ បំពេញការងារស្រប តាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេច បាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណដល់ មន្រ្ដីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ប្រឆាំងជំងឺកូវីដ១៩

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត នៅបន្ទាប់ពីការផ្តល់មតិស្វាគមន៍ លោក ក៏បានបូកសរុបមួយវគ្គ ដោយដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

បន្តថែរក្សាសន្តិភាព បន្តថែរក្សាការពារ នូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស នានា តាមរយៈការពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ចំណុច។

ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានតឹងរ៉ឹង  និងម៉ឺងម៉ាត់បំផុត។

ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ឲ្យបានម៉ឺងម៉ាត់  និងផុលផុស។

រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តប្រតិបត្តិការបង្ក្រាប ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសង នៅតាមមូលដ្ឋាន

រដូវក្ដៅនាពេលខាងមុខ នឹងងាយនាំឲ្យកើតមានឡើង នូវករណីអគ្គិភ័យ ដូច្នេះ សូមឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយ ដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ។

ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ក្នុងការទប់ស្កាត់ឲ្យ បានទាន់ពេលវេលា រាល់សកម្មភាពរំលោភយកដីសាធារណៈ ការសាងសង់សំណង់ ផ្សេងៗ រំលោភលើដីចំណីផ្លូវ និងការចាក់ដីចូលព្រែក ទន្លេ បឹងបួរ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិឯកជន។

សូមបញ្ជាក់ថា  អង្គសន្និបាតនេះ ក៏មានមានការចូលរួមធ្វើបទអន្តរាគមន៍ពីស្នងការដ្ឋាន នគរបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកដោយផ្ដោត ទៅលើប្រធានបទ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងជនអន្តោប្រវេសន៍, ការងារចាក់វ៉ាក់ សាំងការពារកូវីដ១៩ និងការងារគ្រប់គ្រងសំរាម (សំណល់រឹង សំណល់រាវ បំពុលខ្យល់) និងការរៀបចំអនាម័យ បរិស្ថាន

ក្នុងពិធីបើកសន្និបាត រដ្ឋបាលខេត្ត ក៏បានបំពាក់មេដាយ ប្រគល់ប័ណ្ណសរសើរ ដល់អង្គភាព និងបុគ្គលនៃមន្ទីរ អង្គភាព រដ្ឋបាល ក្រុងស្រុក ទាំង៩ ឃុំ សង្កាត់ អង្គការ សមាគម  វិស័យឯកជន ដែលជាដៃគូអភិវឌ្ឍន៍ផងដែរ /V-PC

Post navigation