Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថាសន្ធិសញ្ញាយោធាដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុនដោយសហរដ្ឋអាម៉េរិកនិងប៉ាពូអាស៊ី នូវែលហ្គីណេនឹងផ្តល់ឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននូវមូលដ្ឋានទ័ពនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងនិងអនុញ្ញាតឱ្យអាម៉េរិកបន្តធ្វើយោធូបនីយកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប៉ាពូអាស៊ី នូវែលហ្គីណេ លោក ជេម ម៉ារ៉ាប៉េ (James Marape) និងរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិនដែលបានមកដល់រដ្ឋធានីព័រម័ររ៉េសប៊ី (Port Moresby) របស់ប្រទេសកោះប៉ាស៊ីហ្វិកនេះក្នុងនាមជាអ្នកតំណាងសម្រាប់ប្រធានាធិបតីចូបៃដិនបន្ទាប់ពីគាត់បានលុបចោលការធ្វើដំណើរដែលបានគ្រោងទុកដោយសារតែវិបត្តិពិដានបំណុល។
លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova)អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា”អត្ថិភាពនៃសន្ធិសញ្ញានេះ…អាចត្រូវបានបកស្រាយថាជាជំហានឆ្ពោះទៅមុខមួយទៀតទៅរកការធ្វើយោធូបនីយកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការបង្កើនភាពតានតឹងផ្នែកយោធា និងការអូសរដ្ឋាភិបាលក្រុងព័រម៉េរ៉េសប៊ីចូលទៅក្នុងល្បែងភូមិសាស្ត្រនយោបាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលមានបំណងប្រឆាំងនឹងរុស្ស៊ីនិងចិន”។
រដ្ឋាភិបាលប៉ាពូអាស៊ី នូវែលហ្គីណេបានចេញសេចក្តីថ្លែងការណ៍មួយនៅមុនពិធីចុះហត្ថលេខាលើការស្វះស្វែងដោះស្រាយកង្វល់នៅក្នុងស្រុកអំពីការងាកចេញរបស់ខ្លួនពីអព្យាក្រឹតភាពខណៈសហរដ្ឋអាម៉េរិកមិនបានលាក់បាំងផែនការរបស់ខ្លួនដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។ ក្រសួងការបរទេសអាម៉េរិកបាននិយាយថាសន្ធិសញ្ញានេះនឹងបង្កើតជាមូលដ្ឋានគ្រឹះមួយ ដែលប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួន។
លោកស្រីហ្សាខារ៉ូវ៉ាបាននិយាយថា “ទោះបីជាមានការអះអាងជាផ្លូវការថា ទឹកដីប៉ាពូអាស៊ី នូវែលហ្គីណេនឹងមិនត្រូវបានប្រើជាចំណុចចាប់ផ្តើមសម្រាប់សង្គ្រាមក៏ដោយក៏ប៉ុន្តែខ្លឹមសារនៃកិច្ចព្រមព្រៀងផ្តល់ភស្តុតាងផ្ទុយពីនេះ។ គោលដៅចុងក្រោយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគឺមានចរិតអាណានិគមនិយមយ៉ាងច្បាស់ក្រឡែត។វាគឺដើម្បីប្រែក្លាយប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដ៏ធំបំផុតនេះទៅក្លាយជាប៉ុស្តិ៍មួយសម្រាប់សម្ញែងអំណាចយោធារបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។
អូស្ត្រាលីនិងប៉ាពូអាស៊ី នូវែលហ្គីណេក៏បានប្រកាសពីចេតនារបស់ពួកគេក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខកាលពីខែមករាផងដែរ៕

លោកប្លីងកិននិងនាយករដ្ឋមន្ត្រីប៉ាពូអាស៊ី នូវែលហ្គីណេ លោក ជេម ម៉ារ៉ាប៉េ ចាប់ដៃគ្នាក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ