Views: 1
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង់គ្លេសបានព្រមានអំពីការកើនឡើងសង្គ្រាមនៅអ៊ុយក្រែន នៅពេលអង់គ្លេសនិងប្រទេសលោកខាងលិចដ៏ទៃទៀតប្តេជ្ញាផ្តល់សព្វាវុធបន្ថែមដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី។
ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក អង់ដ្រេ កេលីន(Andrei Kelin)បាននិយាយថា អំពើរបស់ប្រទេសក្នុងអង្គការណាតូ ជាពិសេសអង់គ្លេស ធ្វើអោយសង្គ្រាមកាន់តែអូសបន្លាយនិងបង្កសង្គ្រាមក្នុង«ទំហំថ្មី»។
លោកថារុស្ស៊ីមានប្រភពធនធានមហាសាលហើយទោះជាសង្គ្រាមបានឆាបឆេះអស់ជាងមួយឆ្នាំ ក៏ប្រទេសនេះមិនទាន់ចាប់ផ្តើម«អំពើធ្ងន់ធ្ងរណាស់»ទេ។
លោកក៏បានវាយបកលើការចោទប្រកាន់ថារុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមទូទៅ និងថាគឺអ៊ុយក្រែនដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។លោកក៏បាននិយាយថា អង្គការសហប្រជាជាតិមិនមានអំណាចធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋសង្គ្រាមទេ។
ការលើកឡើងរបស់លោកកេលីនកើតឡើងនៅពេលរដ្ឋាភិបាលទីក្រុងគៀវរងការវាយប្រហារពីដ្រូនទ្រង់ទ្រាយធំបំផុតចាប់តាំងពីពេលផ្ទុះសង្គ្រាម។អាជ្ញាធរអ៊ុយក្រែនបានអះអាងថាកងកម្លាំងរបស់ខ្លួនកាលពីយប់មិញបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីយ៉ាងតិច៤០នៅលើទីក្រុងគៀវ។


ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក អង់ដ្រេ កេលីន ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានBBCកាលពីថ្ងៃអាទិត្យ
រុស្ស៊ីបានបង្ហោះដ្រូនផលិតនៅអ៊ីរ៉ង់ច្រើនបំផុតមកវាយប្រហារលើទីក្រុងគៀវកាលពីយប់ថ្ងៃសៅរ៍នៅពេលអ៊ុយក្រែនត្រៀមរៀបចំពិធីរំលឹកខួបមួយនៅថ្ងៃអាទិត្យ។ការវាយប្រហារនេះចំណាយពេលអស់ប្រាំម៉ោងនិងកងទ័ពអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនដល់ទៅជាង៤០គ្រឿង៕


អ៊ុយក្រែនអះអាងថាបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីជាង៤០គ្រឿងកាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ក្នុងការវាយប្រហារជាងប្រាំំម៉ោង
ផ្ទះនិងឃ្លាំងរងការវាយប្រហារដោយដ្រូនរុស្ស៊ីកាលពីយប់មិញ