Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រុស្ស៊ី​និង​ចិន​វេតូ​លើ​ពង្រាង​សេចក្តីសំរេចចិត្ត​របស់​អាម៉េរិក​សម្រាប់​សកម្ម​ភាព​អ​.​ស​.​ប​លើ​អ៊ីស្រាអែល​និង​ហ្កា​ហ្សា​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​និង​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​វេតូ​ការជំរុញ​របស់​សហរដ្ឋអាម៉េរិក​ដើម្បីឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ធ្វើ​សកម្មភាព​លើ​ជម្លោះ​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស ដោយ​អំពាវនាវ​ឱ្យ​មាន​ការផ្អាក​ការប្រយុទ្ធ​ដើម្បី​អនុញ្ញាត​ឱ្យ​ជំនួយ​មនុស្សធម៌​ហូរ​ចូល ការការពារ​ជន​ស៊ីវិល និង​ការបញ្ឈប់​ការបំពាក់​អាវុធ​ដល់​ក្រុម​ហា​ម៉ាស​និង​ពួក​សកម្មប្រយុទ្ធ​ដទៃទៀត​នៅក្នុង​តំបន់​ហ្កា​ហ្សា​ស្ទ្រីប​។​

​សហរដ្ឋ​អាម៉េរិក​បាន​ដាក់ចេញ​សេចក្តីព្រាង​សេចក្តីសម្រេចចិត្ត​មួយ​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ការតវ៉ា​ជា​សកល​បាន​កើនឡើង​ជុំវិញ​វិបត្តិ​មនុស្សធម៌​កាន់តែ​អាក្រក់ និង​ការកើនឡើង​ចំនួន​អ្នក​ស្លាប់​ជា​ជន​ស៊ីវិល​នៅ​តំបន់​ហ្កា​ហ្សា​។ អាម៉េរិក​បាន​ធ្វើ​ចំណាត់ការ​នេះ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ខ្លួន​បាន​វេតូ​លើ​សេចក្តីព្រាង​ដែល​ផ្តោត​លើ​មនុស្សធម៌​ពីប្រេ​ស៊ីល ដោយ​លើក​ហេតុផល​ថា​ត្រូវការ​ពេលវេលា​បន្ថែមទៀត​សម្រាប់​ការទូត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​។​

​អត្ថបទ​បឋម​របស់​សហរដ្ឋ​អាម៉េរិក​បានធ្វើឱ្យ​អ្នកការទូត​ជាច្រើន​ភ្ញាក់ផ្អើល​ជាមួយនឹង​ភាព​មិន​ច្បាស់លាស់​របស់​ខ្លួន​ក្នុង​ការបញ្ជាក់​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន​និង​ទាមទារ​ឱ្យ​អ៊ីរ៉ង់​បញ្ឈប់​ការនាំចេញ​អាវុធ​ទៅ​ក្រុម​សកម្មប្រយុទ្ធ​នេះ​។ វា​មិន​រួមបញ្ចូល​ការអំពាវនាវ​ឱ្យ​ផ្អាក​បាញ់​ដើម្បី​មនុស្សធម៌​សម្រាប់​ឱ្យ​ជំនួយ​ហូរ​ចូល​នោះទេ​។ ប៉ុន្តែ​អាម៉េរិក​បាន​បន្ទន់​សម្តី​យ៉ាងច្រើន​ទៅលើ​អត្ថបទ​ចុងក្រោយ ដែល​ដាក់​ឱ្យ​ក្រុមប្រឹក្សា​បោះឆ្នោត​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អ​.​ស​.​ប លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield) បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​មាន​សមាជិក ១៥ ប្រទេស​បន្ទាប់​ពី​ការ​វេតូ​ដល់​ទៅ​ពីរ ដែល​លោកស្រី​ពណ៌នា​ថា​ខកចិត្ត យ៉ាង​ដូច្នេះ​ថា “​យើង​ពិតជា​បាន​ស្តាប់​អ្នក​ទាំងអស់​គ្នា​។ បើទោះបីជា​ការបោះឆ្នោត​ថ្ងៃនេះ​បរាជ័យ​ក៏ដោយ ក៏ប៉ុន្តែ​យើង​មិន​ត្រូវ​ឱ្យ​គេ​រារាំង​ឡើយ​”​។​

​វា​ជា​សកម្មភាព​ដ៏​កម្រ​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ការស្នើ​ឱ្យមាន​ចំណាត់ការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ជា​ប្រពៃណី រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តែង​ការពារ​អ៊ីស្រាអែល ដែល​ជា​សម្ពន្ធ​មិត្ត​របស់ខ្លួន នៅក្នុង​ស្ថាប័ន​ពិភពលោក​មួយ​នេះ​។​

​សមាជិក​ដប់​បាន​បោះឆ្នោត​គាំទ្រ​អត្ថបទ​របស់​សហរដ្ឋ​អាម៉េរិក ខណៈ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បោះឆ្នោត​បដិសេធ ហើយ​ប្រេ​ស៊ីល​និង​ម៉ូ​សំ​ប៊ិក​បោះ​អនុប្បវាទ​។​

​លោក ចាង ជុន (Zhang Jun) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ​.​ស​.​ប​បាន​ប្រាប់​ក្រុម​ប្រឹក្សា​បន្ទាប់ពី​ការបោះឆ្នោត​ថា “​សេចក្តីព្រាង​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការអំពាវនាវ​ខ្លាំង​បំផុត​របស់​ពិភពលោក​ឱ្យ​មាន​បទ​ឈប់​បាញ់​និង​ការបញ្ចប់​ការប្រយុទ្ធ​គ្នា​ទេ ហើយ​វា​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​ទេ​។ នៅពេលនេះ បទ​ឈប់​បាញ់​មិនមែន​គ្រាន់តែ​ជា​ពាក្យ​ការទូត​ប៉ុណ្ណោះ​ទេ វា​មាន​ន័យ​ថា ជីវិត​និង​ការស្លាប់​របស់​ជន​ស៊ីវិល​ជា​ច្រើន​នាក់​។​”

​អគ្គលេខាធិការ​អ​.​ស​.​ប លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ដើម្បី​មនុស្សធម៌​។​

​បន្ទាប់​ពី​ការជាប់គាំង​នៃ​ក្រុមប្រឹក្សា​សន្តិសុខ មហាសន្និបាត​អ​.​ស​.​ប ដែល​មាន​សមាជិក​១៩៣​ប្រទេស​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​លើ​សេចក្តីព្រាង​សេចក្តីសម្រេចចិត្ត​ដែល​ដាក់​ចេញ​ដោយ​បណ្តា​រដ្ឋ​អារ៉ាប់​ដែល​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​។ គ្មាន​ប្រទេស​ណាមួយ​មាន​សិទ្ធិ​វេតូ​នៅក្នុង​មហាសន្និបាត​ទេ​។ សេចក្តីសម្រេច​ចិត្ត​មិន​ចង​ដោយ​ច្បាប់​ទេ ប៉ុន្តែ​មាន​ទម្ងន់​នយោបាយ​៕

​រុស្ស៊ី​និង​ចិន​វេតូ​លើ​សេចក្តីព្រាង​សេចក្តីសម្រេចចិត្ត​របស់​អាម៉េរិក ដោយសារ​វា​មិន​ឆ្លុះបញ្ចាំង​ពី​ការអំពាវនាវ​ខ្លាំង​បំផុត​របស់​ពិភពលោក

Post navigation