Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រុស្ស៊ី​ប៉ះទង្គិច​គ្នា​ជាមួយ​អាម៉េរិក​ជុំវិញ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​បេឡា​រូស​

Views: 5

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​និង​អាម៉េរិក​បាន​ប៉ះទង្គិច​គ្នា​នៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​មីនា​ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ការដាក់ពង្រាយ​អាវុ​ធនុយ​​ក្លេ​អ៊ែ​រកល​យុទ្ធ​នៅក្នុង​ប្រទេស​បេឡា​រូស ដែល​ប្រទេស​ជិតខាង​អ៊ុយ​ក្រែន​បាន​ថ្កោលទោស​ថា​ជា​ការប៉ុនប៉ង​ទាំង​ត្រដរ​របស់​វិមាន​ក្រឹម​ឡាំង​ដើម្បី​បញ្ចៀស​បរាជ័យ​ផ្នែក​យោធា និង​”​គំរាមកំហែង​ពិភព​​លោក​ជាមួយនឹង​វិនាសកម្ម​នុយក្លេអ៊ែរ​”​។​

​ចិន ដែល​មិន​និយាយ​ចំឈ្មោះ​រុស្ស៊ី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការជំទាស់​របស់​ខ្លួន​ចំពោះ​ការ​ដាក់​ពង្រាយ​ដែល​បាន​គ្រោងទុក​នេះ​។​

​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែន​ប្រចាំអ​.​ស​.​បលោក សឺ​ហ្គី គី​ស្ទី​តយ៉ា (Sergiy Kyslytsya) បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប បន្ទាប់​ពី​ការប្រកាស​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២៥ ខែ​មីនា​ថា ប្រទេស​របស់​លោក​គ្រោង​នឹង​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ខ្លី​និង​ខ្នាត​តូច​កំលាំង​ខ្សោយ​នៅក្នុង​ប្រទេស​បេឡា​រូស​។​

​ប្រធានាធិបតី​បេឡា​រូ​ស លោក អា​ឡិច​សាន់ឌ័​រ លូ​កា​សិន​កូ (Alexander Lukashenko)​បាន​បង្កើន​វោហា​នៅ​មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សា ដោយ​និយាយ​ថា​រុស្ស៊ី​ក៏​អាច​នឹង​ដាក់​ពង្រាយ​អាវុធ​នុយ​​ក្លេ​អ៊ែរ​ជា​យុទ្ធសាស្ត្រ​នៅក្នុង​ប្រទេស​បេឡា​រូស​ដែរ កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​លោក​គី​ស្ទី​តយ៉ា​បាន​និយាយថា វា​ចំណាយពេល​ត្រឹមតែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ពូ​ទីន​បំពាន​ការសន្យា​ដែល​គាត់​បានធ្វើ​ចំពោះ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​នៅ​ឯ​កិច្ច​​ប្រជុំ​នា​ពេល​ថ្មីៗ​នេះ​ក្នុង​ទីក្រុង​មូ​ស្គូ​។ សេចក្តីថ្លែងការណ៍​នោះ​បាន​ប្រកាសថា រដ្ឋ​នុយក្លេអ៊ែរ​ទាំងអស់​គួរតែ​ចៀសវាង​ឱ្យបាន​នូវ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ខាង​ក្រៅ​ប្រទេស​របស់​ពួកគេ​ហើយ​​ដកចេញ​នូវ​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ដាក់ពង្រាយ​នៅ​ក្រៅប្រទេស​។​

​ចំណុច​ដូចគ្នានេះ​ត្រូវបាន​ឯកអគ្គរដ្ឋទូត​រងរ​បស់​សហរដ្ឋ​អាម៉េរិក​និង​ចិន​គូសបញ្ជាក់​ក្នុង​ចំណោម​អ្នកដទៃ​ទៀត​ផង​ដែរ​។​

​លោក ចេង សួង (Geng Shuang)​អគ្គរដ្ឋទូត​ចិន​បាន​និយាយថា “​យើង​អំពាវនាវ​ឱ្យ​លុបចោល​នូវ​ផែនការ​ចែករំលែក​នុយក្លេអ៊ែ​រ និង​មិន​គាំទ្រ​ឱ្យ​មាន​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​បរទេស​​ដោយ​រដ្ឋ​នុយក្លេអ៊ែរ​ទាំងឡាយ និង​សូម​ដក​ចេញ​នូវ​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ដាក់ពង្រាយ​នៅ​បរទេស​”​។​

​ដោយ​ហៅ​អាវុធ​នុយក្លេអ៊ែ​រថា “​ដាវ​ពិឃាដ​សំ​យ៉ុង​ពី​លើ​ក្បាល​របស់​យើង​” លោក​ចេង​បាន​រំលឹក​ឡើងវិញ​ថា ចិន​ប្រឆាំងនឹង​ការវាយប្រហារ​ប្រដាប់អាវុធ​លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ និង​ការគំរាមកំហែង ឬ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នៅ​អ៊ុ​យក្រែន​។ លោក​បាន​និយាយថា “​ការរីក​សាយភាយ​នុយក្លេអ៊ែរ​ត្រូវតែ​រារាំង​ឱ្យបាន ហើយ​វិបត្តិ​នុយក្លេអ៊ែរ​ត្រូវបាន​បញ្ចៀស​”​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​អះអាងថា​មាន​ជំហរ​អព្យាក្រឹត​ក្នុង​សង្គ្រាម ប៉ុន្តែ​ក៏​បាន​សង្កត់ធ្ងន់​លើ “​មិត្តភាព​គ្មាន​ដែន​កំណត់​” របស់​ខ្លួន​ជាមួយ​រុស្ស៊ី​ផងដែរ​។ ចិន​បាន​បដិសេធ​មិន​រិះគន់​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ហើយ​កាលពី​ចុង​ខែ​មុន​បាន​ចេញផ្សាយ​ផែនការ​សន្តិភាព​ដែល​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់ និង​ការចរចា​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​។​

​លោក​គី​ស្ទី​តយ៉ា​បាន​ស្វាគមន៍​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​ប្រាប់​ក្រុមប្រឹក្សា​ថា “​សូម​កោតសរសើរ​ចិន ភាគី​ចិន​បាន​រំលឹក​ដល់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​លក្ខណៈ​សម​ហេតុ​សម​ផល​ថា សង្គ្រាម​នុយក្លេអ៊ែរ​មិនអាច​ឈ្នះ និង​មិន​អាច​ប្រយុទ្ធ​គ្នា​បានឡើយ ហើយ​ការរីក​សាយភាយ​នុយក្លេអ៊ែរ​ត្រូវតែ​រារាំង​ឱ្យបាន​”៕

ទាំង​ចិន​និង​អាម៉េរិក​ជំទាស់​ផែនការ​របស់​រុស្ស៊ី​ក្នុងការ​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​បេឡា​រូស

Post navigation