Views: 1
ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ កងកម្លាំងរុស្ស៊ីបានបាញ់កាំជ្រួចបណ្តែតដាក់ឃ្លាំងគ្រាប់រួមមួយរបស់កងកម្លាំងអ៊ុយក្រែនដោយបានបំផ្លាញគ្រាប់រំសេវជាង៣.០០០តោន នេះបើតាមការអះអាងពីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារ។
ក្រសួងបានរាយការណ៍ថា រុស្ស៊ីបានធ្វើការវាយប្រហារដោយប្រើប្រភេទកាំជ្រួចត្រង់ចំគោលដៅទៅលើឃ្លាំងគ្រាប់នៅក្បែរភូមិ គីសេឡេវកា( Kiselevka)ក្នុងតំបន់ឃើសុន ហើយ«ជាលទ្ធផលរោងស្តុកគ្រាប់ចំនួន១២ត្រូវបានបំផ្លាញ»។

វីដេអូបង្ហាញការផ្ទុះឃ្លាំងគ្រាប់នៅតំបន់ឃើសុន
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក សឺហ្គេ សយហ្គូ បានអះអាងកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែន១៧.០០០នាក់ និងបំផ្លាញចោលសព្វាវុធនិងគ្រឿងបរិក្ខារយោធាជាង២.៧០០ឈុតនៅក្នុងខែកញ្ញានេះ។
លោកសយហ្គូបានប្រាប់អង្គប្រជុំមួយថា«នៅខែនេះ មនុស្សជាង១៧.០០០នាក់ សព្វាវុធនិងគ្រឿងបរិក្ខាយោធាជាង២.៧០០ឈុតត្រូវបានកំទេច រួមមានយានប្រយុទ្ធBradleyរបស់អាម៉េរិកចំនួនប្រាំពីរគ្រឿង ប្រព័ន្ធកាំភ្លើងធំអាម៉េរិកM777ចំនួន៧៧គ្រឿង កាំភ្លើងធំផលិតនៅអាល្លឺម៉ង់ បារាំង ប៉ូឡូញនិងអាម៉េរិកចំនួន៥១គ្រឿង ព្រមទាំងរថក្រោះអាល្លឺម៉ង់Leopardពីរគ្រឿង និងរថក្រោះអង់គ្លេសChallenger មួយគ្រឿង»។


រថគ្រោះអ៊ុយក្រែនដែលជាជំនួយរបស់លោកខាងលិច រួមមានរថក្រោះធុនធ្ងន់Leopardត្រូវបំផ្លាញនៅក្នុងសមរភូមិ

លោកសយហ្គូបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរងការបាត់បង់ធ្ងន់ធ្ងរនៅតាមខ្សែត្រៀមប្រយុទ្ធទាំងអស់។
កាលពីថ្ងៃអង្គារ រុស្ស៊ីក៏បានវាយប្រហារលើហេដ្ឋារចនាសម្ពន្ធកំពង់ផែអ៊ុយក្រែននិងឃ្លាំងដាក់គ្រាប់ធញ្ញជាតិអ៊ុយក្រែន។អូឡេ គីពើ (Oleh Kiper)អភិបាលតំបន់អូដេសាភាគខាងត្បូងបាននិយាយថា អាគារត្រួតពិនិត្យព្រំដែន ឃ្លាំងគ្រាប់ធញ្ញជាតិនិងរថយន្តធំនិងរថយន្តតូចជាង៣០គ្រឿងខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី និងមនុស្សពីរនាក់រងរបួស៕