Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រុស្ស៊ី​វាយប្រហារ​គ្លីនិក​របស់​អ៊ុ​យក្រែន ហើយ​បន្ទោស​រដ្ឋាភិបាល​ក្រុង​គៀវ​ចំពោះ​ការវាយប្រហារ​ឆ្លង​ព្រំដែន​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មី​ស៊ី​ល​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​បាន​វាយប្រហារ​គ្លីនិក​វេជ្ជសាស្ត្រ​មួយ​នៅ​កណ្តាល​ទីក្រុង​ឌី​នី​ប្រូ (Dnipro) របស់​អ៊ុ​យក្រែន ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ពីរ​នាក់ ខណៈ​រុស្ស៊ី​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុង​គៀវ​ចំពោះ​ការវាយប្រហារ​រាប់សិប​លើក​លើ​តំបន់​បែ​ល​ហ្គោ​រ៉ូដ (Belgorod) ភាគខាងត្បូង​របស់ខ្លួន​។​

​នៅ​ទីក្រុង​មូ​ស្គូ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ (Sergei Lavrov) បាន​ពិភាក្សា​អំពី​ជម្លោះ​អ៊ុយ​ក្រែន​ជាមួយ​បេសកជន​ពិសេស​របស់​ចិន លោក លី ហ៊ុយ (Li Hui)​ដោយ​ស្តីបន្ទោស​​អ៊ុយ​ក្រែ​ន​និង​បណ្តា​ប្រទេសលោកខាង​លិច​ថា​បាន​បង្កើត “​ឧបសគ្គ​យ៉ាងធ្ងន់ធ្ងរ​” ដល់​ការ​បន្ត​កិច្ចចរចា​សន្តិភាព​។​

​នៅ​ទីក្រុង​បែ​ល​ហ្គោ​រ៉ូដ​ភាគ​ខាងត្បូង​ប្រទេស​រុស្ស៊ី អភិបាលក្រុង​បាន​និយាយថា យោធា​អ៊ុយ​ក្រែនទទួលខុសត្រូវ​ចំ​ពោះ​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ កាំភ្លើងត្បាល់​និង​ដ្រូ​ន​រាប់សិប​លើក​នៅ​ទូ​ទាំង​តំ​​បន់​ទីក្រុង​នេះ ប៉ុន្តែ​រាយការណ៍​ថា​មិន​មាន​អ្នក​រងរបួស​ទេ​។​

​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​បង្ហោះ​វីដេអូ​ផ្សែងហុយ​ចេញពី​អគារ​គ្មាន​ដំបូល​មួយ​ដែល​បង្អួច​បាន​ផ្ទុះ​បែកខ្ទេច បន្ទាប់​ពី​ការវាយប្រហារ​ដែល​អាជ្ញាធរ​និយាយថា​បាន​​បណ្តាលឱ្យ​មនុស្ស​៣០​នាក់​រងរបួស ក្នុងនោះ​មាន​ក្មេង​ប្រុស​ពីរ​នាក់ ដែល​មាន​អាយុ​ពី ៣ ទៅ ៦​ឆ្នាំ​។​

​ប្រមុខ​រដ្ឋបាល​យោធា​ក្នុង​តំបន់ លោក សឺ​ហ្គី លី​សាក់ (Sergiy Lysak) បាន​និយាយថា រុស្ស៊ី​បាន​វាយប្រហារ​តំបន់​លំនៅដ្ឋាន​មួយ​ដែល​មាន​គ្លីនិក​ពេទ្យ​និង​ពេទ្យសត្វ និង​ប្លុក​អគារ​ខ្ពស់ៗ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា តាមរយៈ​ការវាយលុក​មន្ទីរពេទ្យ​ស៊ីវិល “​ភេរ​វករ​រុស្ស៊ី​ជាថ្មី​ម្តងទៀត​បាន​បញ្ជាក់​ពី​ឋានៈ​របស់​ពួកគេ​ជា​អ្នក​ប្រយុទ្ធប្រឆាំង​នឹង​អ្វីៗ​ទាំងអស់ រាប់ទាំង​មនុស្ស​និង​សត្វ​”​។​

​ព្រឹទ្ធ​សមាជិក​អាម៉េរិក​លោក លីន​សី ហ្គ្រា​ហាម (Lindsey Graham) ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​បី​របស់​គាត់​ទៅកាន់​អ៊ុ​យក្រែន បាន​ថ្កោលទោស​ការវាយប្រហារ​នេះ​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​លោក​បាន​និយាយថា “​ថ្ងៃនេះ​មាន​ការ​បំផ្ទុះ​មន្ទីរពេទ្យ​។ មន្ទីរពេទ្យ​ជាង ៥០០ ត្រូវ​បាន​វាយប្រហារ​ដោយ​រុស្ស៊ី​។ ឧក្រិដ្ឋកម្ម​សង្គ្រាម​ត្រូវ​បាន​ប្រព្រឹត្ត​ខណៈ​ខ្ញុំ​ស្ថិត​នៅ​ទីនេះ គ្រាន់តែ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ក្នុងចំណោម​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជា​ច្រើន​ប៉ុណ្ណោះ​”​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ការវាយប្រហារ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែន​បាន​កំណត់​គោលដៅ​លើ​ឃ្លាំង​អាវុធ ហើយ​គោលដៅ​ដែល​បាន​កំណត់​ទាំងអស់​ត្រូវបាន​វាយប្រហារ​។​

​អ្នកកាសែត​អ៊ុយ​ក្រែន​បាន​បង្ហោះ​វីដេអូ​អ្នក​ជួយ​សង្គ្រោះ​កំពុង​ជួយ​មនុស្ស​ប្រឡាក់​ឈាម​ពេញមុខ ដែល​រួច​ជីវិត​ពី​គ្លីនីក តាម​ច្រករបៀង​ដែល​ពោរពេញ​ដោយ​កម្ទេច​ថ្ម​។​

​ការវាយប្រហារ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​កាលពីដើម​សប្តាហ៍​នេះ​បាន​កំណត់​គោលដៅ​ទៅលើ​ទីក្រុង​ឌី​នី​ប្រូ ក្នុង​ការវាយប្រហារ​នា​ពេល​រាត្រី​ជាមួយនឹង​មី​ស៊ី​ល ១៦ គ្រាប់ និង​ដ្រូ​នវាយ​ប្រហារ​ចំនួន ២០ គ្រឿង​។​

​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដែល​មាន​ប្រជាជន​ជិត​មួយ​លាន​នាក់​មុន​សង្គ្រាម​នេះ​គឺ​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១២៥ គីឡូម៉ែត្រ​ពី​សមរភូមិ​ជួរ​មុខ​បច្ចុប្បន្ន​៕

ផ្សែងហុយ​ពី​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ឌី​នី​ប្រូ ក្រោយ​រុស្ស៊ី​វាយប្រហារ

ភាគ​ខាងត្បូង​ប្រទេស​រុស្ស៊ី​រង​ការវាយប្រហារ​កាត់​ព្រំដែន​ដោយ​កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ និង​ដ្រូ​ន​រាប់សិប​លើក​

Post navigation