Views: 35
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សម្លេងផ្ទុះជាច្រើនបានអង្រួនរដ្ឋធានីគៀវរបស់អ៊ុយក្រែនកាលពីដើមថ្ងៃចន្ទ ក្នុងអ្វីដែលមន្ត្រីអ៊ុយក្រែនហៅថាជាការវាយប្រហារតាមផ្លូវអាកាសលើកទី១៥របស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែននៅក្នុងខែឧសភា និងជាយប់ទីពីរជាប់ៗគ្នា។
អភិបាលក្រុងគៀវលោក វីតាលី គ្លីតស្កូ បាននិយាយតាមតេឡេក្រាមថា «កាំជ្រួចមួយត្រូវបានបាញ់ទម្លាក់នៅក្បែរទីក្រុងគៀវ។កងការពារដែលអាកាសដំណើរការ»។
លោកបានបន្ថែមថា ការផ្ទុះបានឮនៅសង្កាត់ជាច្រើននៃទីក្រុង តែមិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសឬស្លាប់ក្នុងការវាយប្រហារកាលពីយប់មិញទេ។
ការវាយប្រហារកាលពីដើមថ្ងៃចន្ទទំនងជាផ្គួបគ្នារវាងដ្រូននិងកាំជ្រួច ក្រោយការវាយប្រហារដោយដ្រូនមួយហ្វូងធំលើរដ្ឋធានីគៀវកាលពីយប់មុន ដោយបានសម្លាប់មនុស្សម្នាក់និងរបួសជាច្រើននាក់។
ទំហំនៃការវាយប្រហារនៅថ្ងៃចន្ទគេនៅមិនទាន់ដឹងនៅឡើយទេ តែកាលពីថ្ងៃម្សិលមិញអាជ្ញាធរអ៊ុយក្រែនបានអះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីជាង៥០គ្រឿងលើរដ្ឋធានីគៀវ។
រុស្ស៊ីបាននិងកំពុងបង្កើនការវាយប្រហាររបស់ខ្លួនដោយផ្តោតលើហេដ្ឋារចនាសម្ពន្ធយោធានិងកន្លែងផ្គត់ផ្គង់ នៅពេលការវាយបករបស់អ៊ុយក្រែនដើម្បីដណ្តើមទឹកដីមកវិញជិតនឹងចាប់ផ្តើមក្រោយប្រយុទ្ធគ្នាអស់១៥ខែ។ការវាយប្រហារលើទីតាំងយោធា ហេដ្ឋារចនាសម្ពន្ធគមនាគមន៍និងថាមពលនៅក្នុងទឹកដីរុស្ស៊ីក្បែរព្រំដែនអ៊ុយក្រែនក៏កើតមានជាញឹកញាប់ផងដែរ ដោយរដ្ឋាភិបាលទីក្រុងមូស្គូបន្ទោសលើរដ្ឋាភិបាលទីក្រុងគៀវ៕


កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ី ៥២គ្រឿង