Views: 6
ដោយៈ សុក្ខារិន / ពោធិសាត់ៈ នៅថ្ងៃទី៣០ ឧសភា ២០២៣ នេះ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញទទួលបច្ច័យ អង្ករ និងសម្ភារៈ ពីព្រះមេគណខេត្ត ព្រះអនុគណស្រុក ក្រុងទាំង៧ សម្រាប់រួមចំណែកក្នុងវិស័យការងារមនុស្សធម៌ ដែលពិធីនេះ បានប្រារព្ធធ្វើ នៅវត្តកែវវិជ័យ ស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ។

ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តកែវវិជ័យ មានសង្ឃដិកា ពេលនោះថាៈ បច្ច័យ ស្បៀង និងសម្ភារៈទាំងអស់នេះ គឺបានមកពីពុទ្ធបរិស័ទ គ្រប់ទិសទី ដែលបានយកមកប្រគេនព្រះសង្ឃ តាមបណ្តាវត្ត និងក្នុងកម្មវិធីបុណ្យទាន ផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្មីៗនេះ ។
ដោយសារស្បៀង និងសម្ភារៈទាំងអស់នេះ លើសពីតម្រូវការក្នុងទីវត្តអារាមនោះ ព្រះមេគណខេត្ត និងព្រះអនុគណស្រុក ក្រុង និងព្រះចៅអធិការវត្ត មានព្រះទ័យយកចិត្តទុកដាក់គិតគូរ ដល់ផ្នែកមនុស្សធម៌ ក៏បានឯកភាពគ្នា ជាមួយមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្ត យកស្បៀង និងសម្ភារៈទាំងនោះ ប្រគល់ជូនដល់សាខា កាកបាទក្រហមកម្ពុជាខេត្ត សម្រាប់ចែកជូនដល់ជនរងគ្រោះ ដោយប្រការផ្សេងៗ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ព្រះមេគណ មានសង្ឃដិកាឱ្យដឹងដែរថាៈ កន្លងមក ដោយមើលឃើញពីតម្រូវការចាំបាច់របស់អាជ្ញាធរដែនដី លើការងារមនុស្សធម៌ ក៏ដូចបណ្តាវត្តអត្តខាត់ តែងតែផ្តល់ជូន សម្ភារៈ និងបច្ច័យទាំងនោះ ជួយដោះស្រាយ ព្រោះថា ទីវត្តអារាម កើតមានបានដល់ សព្វថ្ងៃ គឺអាស្រ័យដោយសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាព ហេតុនេះហើយ បានជាព្រះសង្ឃ តែងតែចូលរួមក្នុងការងារមនុស្សធម៌ និងសង្គម ជាបន្តបន្ទាប់ ទៅតាមលទ្ធភាពដែលមាន។
ក្នុងឱកាសនោះ លោកស្រី ប៉ុក ណាឌី បានសម្តែងការគោរព កោតសរសើរ និងបានថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមេគណខេត្ត និងជា ព្រះចៅអធិការវត្តកែវវិជ័យ ព្រះអនុគណស្រុក ក្រុង រួមទាំងព្រះមន្ត្រី សង្ឃ ព្រះសង្ឃគ្រប់អង្គ អាចារ្យ និងគណៈកម្មការ ដែលមានព្រះទ័យជ្រះថ្លា និងផ្តល់ជូន ស្បៀង និងសម្ភារៈប្រើប្រាស់ មកដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាពេលនេះ ក៏ដូចលើកមុនៗ ។

ក្នុងនាមសាខា លោកស្រី សូមសន្យាថា យកបច្ច័យស្បៀង និងសម្ភារៈប្រើប្រាស់ទាំង អស់នេះ ទៅចែកជូនដល់ដៃប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះដោយគ្រោះធម្មជាតិគ្រប់ទីកន្លែងនិងឱ្យទៅចំគោលដៅ ស្របទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ធ្វើការណែនាំដល់មន្ត្រីសាខា អនុសាខា គ្រប់រាជធានី ខេត្ត ស្រុក ក្រុងទូទាំងប្រទេស ឱ្យយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ឆ្លើយតបឱ្យបាន ទាន់ពេលវេលា ដូចពាក្យ ស្លោកថា ទីណាជួបការលំបាក ទីនោះមានកាកបាទក្រហម កម្ពុជា ជាអ្នកជួយសម្រួល និងដោះស្រាយ ។
សូមបញ្ជាក់ថា បច្ច័យ ស្បៀង និងសម្ភារៈ ដែលបានប្រគល់ និងទទួល រួមមាន អង្ករជិត ៤ តោន ទឹកត្រី ទឹកស៊ីអ៊ីវ ១២៨យួរ មី៣៤កេស ភេសជ្ជៈ២៣កេស សម្ភារប្រើប្រាស់មួយចំនួន និងបច្ច័យជាង ៨ លានរៀល៕/V