Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាកលវិទ្យាល័យថៃមួយ និងសាកលវិទ្យាល័យមានជ័យ ធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ផ្នែកកសិកម្ម

Views: 1

ដោយៈ ភ្នំស្វាយ / ស្រះកែវ -ថៃៈ សាកលវិទ្យាល័យ រ៉ាចាផាត វ៉ាល័យ អាឡុងកន នៃប្រទេសថៃ (Valaya Alongkorn RAJABHAT University Thailand ) ដែលមានទីតាំងកណ្តាល នៅខេត្តប៉ាធូមថានី បាងកក និងសាកល វិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា​ បានចុះអនុស្សរណៈ នៃការយោគយល់គ្នាមួយ នៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការសិក្សា (ការអប់រំ) ក្រោមគម្រោងបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ និងលើកកម្ពស់ គុណភាព ការគ្រប់គ្រងតាមស្តង់ដាអន្តរជាតិ ។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាមួយនេះ បានប្រព្រឹត្តទៅនៅនៅសាខាសាកល វិទ្យាល័យរ៉ាចាផាត វ៉ាល័យ អាឡុងកន ដែលមានទីតាំង ស្ថិតនៅក្នុងវឌ្ឍនៈអង្គរ ខេត្តស្រះកែវ ។

លោកស្រី មុយ សុខឡែន សាស្ត្រាចារ្យដឹកនាំ នៃមហាវិទ្យាល័យមួយ នៅសាកលវិទ្យា ល័យជាតិមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញានេះថាៈ កាលពីថ្មីៗនេះ ប្រតិខេត្តបន្ទាយមានជ័យ រួមមាន មន្ទីរអប់រំ យុវជន និងកីឡា និង សាកលវិទ្យាល័យជាតិមានជ័យ ដឹកនាំដោយលោក ហ៊ឹល សុធា សាកលវិទ្យាធិការរង បានទៅប្រជុំជាមួយភាគីសាកលវិទ្យាល័យ រ៉ាចាផាត វ៉ាល័យ អាឡុងកន ក្នុងគោលបំណង ធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ផ្នែកកសិកម្ម នៅសាខាសាកលវិទ្យាល័យរ៉ាចាផាត វ៉ាល័យ អាឡុងកន ដែលមានទីតាំង ស្ថិតនៅក្នុងវឌ្ឍនៈអង្គរ ខេត្តស្រះកែវ។ ក្នុងនោះ ក៏មានការអញ្ជើញទទួលស្វាគមន៍ ដោយលោកសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យម្ចាស់ផ្ទះ និងចូលរួមជាសាក្សី ដោយលោក កុងស៊ុល នៃស្ថានអគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តស្រះកែវ ផងដែរ។

យោងតាមស្មារតីនៃកិច្ចប្រជុំនោះ ភាគីថៃ (សាកលវិទ្យាល័យនោះ) ចង់ពង្រីកកិច្ចសហ ប្រត្តិការ ដោយបានចុះអនុស្សរណៈយោគយល់គ្នាមួយ (MOU) ជាមួយសាកល វិទ្យាល័យជាតិមានជ័យ លើការសិក្សា ពិសេសតែលើជំនាញកសិកម្ម។ ក្នុងនោះ ភាគីថៃ បានបញ្ជាក់ថា សាកលវិទ្យាល័យ រ៉ាចាផាត វ៉ាល័យ អាឡុងកន នឹងផ្តល់អាហារូបករណ៍ នៃព្រះអង្គម្ចាស់ក្សត្រី សុរិនថន ដល់និស្សិតកម្ពុជា ហើយអាទិភាពចេញពីកូនចៅពលរដ្ឋ ស្រុកម៉ាឡៃ ចំនួន ១០ នាក់ ។ ក្រៅពីនោះ និស្សិតកម្ពុជា អាចប្រឡង ឬដាក់ពាក្យចូល រៀន ដោយបង់ថ្លៃសិក្សា ។ កូនចៅអ្នកខេត្តបន្ទាយមានជ័យ បាត់ដំបង នាជាយដែន ងាយទៅសិក្សានៅទីនោះ ព្រោះជិតព្រំដែនកម្ពុជា ។

សូមរំលឹកថា គ្រឹះស្ថានឧត្តមសិក្សា ឬសាកលវិទ្យាល័យសាធារណៈ និងឯកជនកម្ពុជា និងថៃ ក៏ដូចបរទេសផ្សេងទៀត តែងតែទាក់ទង និងចុះ MOU និងកិច្ចសហប្រតិបត្តិ ការ ជាមួយសមភាគីដៃគូនានា ក្នុងបំណងលើកកម្ពស់ ជំរុញទីផ្សារខ្លួន ឱ្យនិស្សិតមកចុះ ឈ្មោះចូលរៀន , ផ្តល់អាហារូបករណ៍ ដើម្បីផ្លាស់ប្តូរបទពិសោធន៍, ផ្តល់ជំនួយ បច្ចេកទេស បង្ហាញមុខមាត់ជាដើម ៕ V / N

Post navigation