Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សាកសពមនុស្សពីរនាក់ ដែលបាត់ខ្លួននៅកន្លែងផ្ទុះដ៏ខ្លាំងមួយនៅរោងចក្រសូកូឡានៅរដ្ឋផេនស៊ីលវ៉ានៀ ភាគខាងកើត ត្រូវបានរកឃើញហើយ ដោយនាំឱ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍នេះកើនឡើងដល់ប្រាំពីរនាក់។
ការផ្ទុះនេះបានកើតឡើងនៅរសៀលថ្ងៃសុក្រទី២៤មីនានៅឯរោងចក្រ RM Palmer Co ក្នុងទីក្រុងវេសរីដឌីង (West Reading) ស្ថិតនៅចម្ងាយប្រហែល ៩៦ គីឡូម៉ែត្រពីភាគពាយព្យក្រុងហ្វីឡាដែលហ្វៀ (Philadelphia)។
អភិបាលក្រុងលោកស្រី សាម៉ានថា កាអាក (Samantha Kaag) បានបញ្ជាក់ពីការរកឃើញសាកសពពីរនាក់ចុងក្រោយនេះ ដោយបន្ថែមថា គ្មានជនរងគ្រោះណាម្នាក់នឹងត្រូវបញ្ចេញឈ្មោះទេរហូតដល់មន្ត្រីដឹងច្បាស់ថា ក្រុមគ្រួសារទាំងអស់ត្រូវបានទាក់ទង។
លោកស្រីបាននិយាយថា “សូមយល់ថានេះជាការបាត់បង់ដ៏អាក្រក់មួយ ប៉ុន្តែយើងពិតជាមានអំណរអរគុណដែលបាននាំមកនូវការបិទបញ្ចប់រឿងដល់ក្រុមគ្រួសារដែលពាក់ព័ន្ធក្នុងថ្ងៃខាងមុខនេះ”។
លោកស្រីបានបន្តថា អគារចំនួនបីនៅជុំវិញទីតាំងនឹងត្រូវព័ទ្ធទុកចោលជាការប្រុងប្រយ័ត្ន។
លោកស្រីបាននិយាយថា “នេះមិនមានន័យថាពួកវាគ្រោងនឹងរុះរើឬមិនអាចរស់នៅបាននោះទេ”។
“គ្រាន់តែថានឹងនៅតែមានការងារកើតឡើងនៅជុំវិញពួកវានៅពេលយើងបន្តដំណើរការ ហើយពួកវានឹងត្រូវពិនិត្យមើលបន្ថែមទៀតដោយវិស្វករសំណង់”។
ស្ត្រីម្នាក់ត្រូវបានទាញចេញទាំងរស់ពីគំនរបាក់បែកកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីរកឃើញដោយឆ្កែហិតក្លិន។
មន្ទីរពេទ្យក្រុងរីដឌីងបាននិយាយថា ខ្លួនបានទទួលអ្នកជំងឺចំនួន ១០ នាក់ និងបានផ្ទេរពីរនាក់ទៅកាន់កន្លែងផ្សេងទៀត ខណៈពីរនាក់ទៀតត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕


រោងចក្រផលិតសូកូឡា RM Palmer Co ក្នុងទីក្រុងវេសរីដឌីង ផ្ទុះឆេះកាលពីថ្ងៃសុក្រសប្តាហ៍មុន