Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី បានទទួលសមុច្ច័យ ជាសំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំ ពីប្រជាពលរដ្ឋចំនួន ១១ គ្រួសារ រស់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

Views: 2

ដោយៈ បាយ័ន / សៀមរាបៈ ក្រុមការងារសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ មានដូចជា សារុងសូត្រ សំពត់ហូល អាវផាមួង និងក្រណាត់ហូល ចំនួន ២០ សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋ ចំនួន ១១ គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូន យកមករក្សាទុក ក្នុងសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី នៅខេត្តសៀមរាប ដើម្បីតាំងបង្ហាញ ជូនសាធារណជន បានទស្សនា និងសិក្សាស្វែងយល់។

ប្រភពព័ត៍មានពីអាជ្ញាធរអប្សរា បានឱ្យដឹងថាៈ សំពត់ហូល អាវផាមួង សារុងសូត្រ និងក្រណាត់ហូល បងប្អូនប្រជាពលរដ្ឋ បានប្រគល់ជូន មានព័ណ៌ចម្រុះ ត្បាញដោយដៃ មានអាយុកាលខ្លះ ចន្លោះពី ៥០ឆ្នាំ ៤០ឆ្នាំ ឬ ៣០ឆ្នាំ ឬក្រោមនោះបន្តិច តាមការរក្សាទុករបស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃកប្បាស ដោយមានក្បាច់ រចនាផ្សេងៗ យ៉ាងស្រស់ស្អាត ដូចជា ក្បាច់គោមក្រឡាការ៉ូ ក្បាច់គោមបាត់ដំបង ក្បាច់គោមផ្កាច័ន្ទ ក្បាច់គោមខ្សែ ពីរជាន់ ក្នុងកូនគោម ក្បាច់គោមខ្សែគ្រាប់តាន់ អាវផាមួងគុណសាច់ហូលជាយ អាវផាមួងគុណសាច់ហូលជាយបិទប៉ាក់ផ្កាខាងមុខ ក្បាច់គោមកូនហ៊ីងខ្សែ ក្បាច់គោមក្រឡាសំណាញ់គោមកូនហង្ស ក្បាច់គោមសំបុក ពីងពាង ក្បាច់គោមខ្សែថ្នក់ ក្បាច់គោមកន្ទេសឡង់ ក្បាច់ក្តឹបកន្ទឹម និងក្ងោក ទំលាក់កន្ទុយ ក្បាច់គោមខ្សែរថ្នក់ កូនគោមក្នុងគោម ក្បាច់គោមខ្សែរថ្នក់ក្នុងគោមផ្កាយ ព្រឹក និងក្បាច់គោមត្បួងពេជ្រ។ ត្រូវបានសារមន្ទីរវាយនភណ្ឌប្រៃណីអាស៊ី ទទួលយកមកថែរក្សាបន្ត ដើម្បីទុកជាកេរដំណែល សម្រាប់មនុស្សជំនាន់ក្រោយ បានទស្សនា និងសិក្សាស្វែងយល់។

អ៊ំស្រី លី ណៃស្រ៊ីម អាយុ ៧៥ ឆ្នាំ តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិទួលលលក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានឱ្យដឹងថាៈ ជាច្រើនជំនាន់មកហើយ គ្រួសារអ៊ំស្រី ជាអ្នកតម្បាញហូល ផាមួង អ៊ំស្រី បានចេះ ត្បាញហូល ផាមួង តាំងពីអាយុ ១៤ ឆ្នាំមក។ ដោយចេះត្បាញបន្តពីម្តាយនិងជីដូន ពោលគឺ តាំងពីជំនាន់ លន់ ណុល មកម្ល៉េះ។

សំពត់ហូល ដែលអ៊ំស្រី ប្រគល់ជូនសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី យកទៅរក្សាទុក ជាហូលក្បាច់គោមបាត់ដំបង ដោយអ៊ំស្រី ជាអ្នកត្បាញ ដោយផ្ទាល់ដៃ និងបានថែរក្សាទុក តាំងសម័យ ប៉ុល ពត ដោយលាក់ទុក នៅក្នុងខ្នើយកើយ និងបន្តថែរក្សាមកដល់បច្ចុប្បន្ន មានអាយុកាល ៥២ ឆ្នាំមកហើយ គឺនៅសេសសល់ តែមួយក្បិននេះប៉ុណ្ណោះ ។

ដោយយល់ថា សំពត់ហូលមួយក្បិននេះ ជាស្នាដៃដំបូង ដែលអ៊ំស្រី ត្បាញ ដោយក្តីស្រឡាញ់ជាខ្លាំង និងពេញចិត្ត ប្រគល់ជូនមកកាន់សារមន្ទីរ ក្នុងគោលបំណង ថែរក្សាទុកកេរដំណែល ដល់កូនចៅជំនាន់ក្រោយ បានឃើញ សំពត់ហូល ដែលជាស្នាដៃត្បាញរបស់កូនខ្មែរ ពិតប្រាកដ។

អ៊ំស្រី បានបន្តថាៈ សំពត់ហូលមួយក្បិននេះ បានជ្រលក់ព័ណ៌ចំនួន ៣ទឹក ប្រើប្រាស់ ល័ក្ខខ្មែរ ពីសម័យដើមសុទ្ធសាធ មានគុណភាពល្អ និងមានភាពស្រស់ស្អាត។

សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរ បើកឱ្យសាធារណជន បានចូលទស្សនា នៅរៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ ចាប់ពីម៉ោង ៨ និង៣០នាទី ដល់ម៉ោង ៤ល្ងាច៕ V / N

Post navigation