Views: 18
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អេក្រង់ LED(OLED) ដែលមានចលនា អាចរំលឹកអំពីកាសែតវេទមន្ត Daily Prophet ពីខ្សែភាពយន្ត Harry Potter។
ក្រុមហ៊ុន Samsung Display បានបង្ហាញអេក្រង់គំរូ Rollable Flex របស់ខ្លួនក្នុងសប្តាហ៍នេះ ពោលជាអេក្រង់ម៉ូនីទ័រដែលអាចរុំឬមូរចូលគ្នាបានឬដូចកូនកម្រាលហាត់យូហ្គា។
ឧបករណ៍នេះរុំចូលគ្នាបានប្រហែល ២ អ៊ីញហើយពន្លាតវិញបានរហូតដល់ប្រវែងបញ្ឈរអតិបរមា ១០ អ៊ីញ គឺ៥ដងនៃកម្ពស់ផ្ទុករបស់វា។
អេក្រង់អាចបត់បានឬអាចរុំបានកាលពីមុនមានលទ្ធភាពយ៉ាងច្រើនអាចពន្លាតធំជាងមុនតែបីដងប៉ុណ្ណោះ។
ជាមួយនឹងអេក្រង់ Rollable Flex ក្រុមហ៊ុន Samsung សង្ឃឹមថា ពួកវាអាចជួយអ្នកប្រើប្រាស់ ដោយធ្វើឱ្យឧបករណ៍ធំៗ ដូចជា កុំព្យូទ័រយួរដៃ ថេប្លេត និងអេក្រង់ម៉ូនីទ័រ តូចជាងមុននិងងាយស្រួលកាន់។
ក្រុមហ៊ុននិយាយថា អាថ៌កំបាំងរបស់ឧបករណ៍នេះគឺអ័ក្សរាងអក្សរ O ដែលត្រូវបានធ្វើវិស្វកម្មយ៉ាងប្រុងប្រយ័ត្ន ដែលនៅជុំវិញនោះ អេក្រង់របស់វារុំចូលគ្នាប្រៀបបីដូចជាក្រដាសបង្គន់ថ្លៃបំផុតរបស់ពិភពលោកយ៉ាងអ៊ីចឹង។
Samsung Display បាននិយាយថា “យើងអាចបង្វែរអេក្រង់ធំដែលពិបាកយកតាមខ្លួនទៅជាទម្រង់ដែលអាចចល័តបាន”។
ប៉ុន្តែអេក្រង់ Rollable Flex មិនមែនជាអេក្រង់រុំចូលគ្នាដំបូងនៅលើទីផ្សារនោះទេ។ ក្រុមហ៊ុនផ្សេងទៀតក៏ធ្លាប់បានចូលប្រឡូកក្នុងវិស័យនេះពីមុនមកដែរ រួមទាំងក្រុមហ៊ុនផលិតទូរទស្សន៍អេក្រង់សំប៉ែតរបស់កូរ៉េខាងត្បូង LG ដែលបានធ្វើឱ្យពិព័រណ៍ CES ភ្ញាក់ផ្អើលកាលពីច្រើនឆ្នាំមុនជាមួយនឹងអេក្រង់ទូរទស្សន៍រុំចូលគ្នាបាន ៦៥ អ៊ីញ៕



Samsung បង្ហាញអេក្រង់អាចរុំចូលគ្នាបាន Rollable Flex ក្នុងសប្តាហ៍នេះ