Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ពានអាកាសព្រះមុន្នីវង្ស៖ ការងារការដ្ឋាន ឈានដល់ការបញ្ចប់ការខួង និងចាក់បេតុង ប្រមាណ ២៥ដើម ស្មើនឹង ១១,៤១%

Views: 4

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ស្ពានអាកាសផ្លូវ ៦០ ម៉ែត្រ ក្បាលថ្នល់ ដែលមានទីតាំងប្រសព្វ រវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ហៅស្ពានអាកាសព្រះមុន្នីវង្ស គិតត្រឹមថ្ងៃទី ៧ កុម្ភៈនេះ ការងាររបស់ការដ្ឋាន បានឈានដល់ការបញ្ចប់ការខួង និងចាក់បេតុង ប្រមាណ ២៥ ដើម / ២១៩ ដើមហើយ ហើយបើគិតជាភាគរយ ស្មើនឹង ១១,៤១% ហើយដែរ។ នេះបើយោងតាមមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានឱ្យ ដឹង នៅព្រឹកថ្ងៃទី៧ កុម្ភៈនេះ។

មន្ត្រីដដែល បានបញ្ជាក់ថាៈ ស្ពានអាកាសក្បាលថ្នល់ថ្មីមួយទៀត នៅចំណុចប្រសព្វ មហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ ហៅស្ពានអាកាសព្រះមុន្នីវង្ស គិតមកដល់ ពេលនេះ ការងារនៃគម្រោង សម្រេចបាន ដូចខាងក្រោម៖ បច្ចុប្បន្ន ខាងក្រុមហ៊ុន កំពុងតែធ្វើការខួងគ្រឹះស្ពាន ដែលទាំងអស់ មានចំនួន ២១៩ ដើម ។ យើងទើបនឹងបាន បញ្ចប់ការខួង និងចាក់បេតុង ប្រមាណ ២៥ដើម / ២១៩ដើម ស្មើនឹង ១១,៤១% ។
ចំណែកលើផ្លូវ ៦០ ម៉ែត្រ នៅតំបន់ N-1 យើងបានខួងគ្រឹះរួចរាល់ ចំនួន ២២ ដើម ។ នៅតំបន់ N-2 កំពុងរៀបចំការដ្ឋាន ដើម្បីធ្វើការខួងគ្រឹះបន្ត។ លើផ្លូវព្រះមុនីវង្ស នៅតំបន់ N-3 យើងបានធ្វើការខួងគ្រឹះ បានចំនួន ៣ ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់ ដើម្បីបន្តការងារទៀត។ លើផ្លូវ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយទេ។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មីមួយទៀតនេះ ត្រូវបានអភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី រួមជាមួយនឹងមន្ត្រី អាជ្ញាធរដែនដី អញ្ជើញជា អធិបតី ក្រុងពាលី បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា​ អធិបតីភាព ដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មីនេះ ផងដែរ។

គម្រោងសាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងចំណាយថវិកា ចំនួន ៣៦.៧៧៥.០០០ ដុល្លាអាមេរិក ប្រើប្រាស់ រយៈពេលសាងសង់ ៣៦ ខែ ។ លក្ខណៈបច្ចេកទេស នៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ ទី១ និងជាន់ទី២ ៖ ១. ផ្លូវថ្នល់ផ្ទាល់ដី៖ មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែក ខ្នែងជាបួនទិសផ្សេងគ្នា។

១.១ រង្វង់មូល៖ (មានបរិមាត្រ ១៧៨ ម៉ែត្រ គុណនឹងទទឹង ១១,៨៥ ម៉ែត្រ) ។ កាំរង្វង់ក្នុង ២០,០០ ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣,០០ ម៉ែត្រ ដែលមានតួនាទីជារង្វង់មូល ដើម្បីបែងចែកទិសដៅចរាចរណ៍ ។ គន្លងចរាចរណ៍ មាន ៣ គន្លងផ្លូវ (សម្រាប់រថយន្ត មានទំហំ ៣,៩៥ ម៉ែត្រ ក្នុងមួយគន្លង) ។ កម្ពស់សុវត្ថិភាព ៥,០០ ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាស ជាន់ទី១ ។

១.២ ផ្លូវថ្នល់ផ្ទាល់ដី៖ តាមបណ្តោយស្ពាន និងក្រោមស្ពានដែលតភ្ជាប់ទៅនឹងរង្វង់មូល (មានទទឹង ៧ម៉ែត្រ) ។ ទិសដៅចរាចរណ៍៖ ផ្លូវឯកទិស មានទិសដៅទៅ និងមកពី មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស វិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ គន្លងចរាចរណ៍៖ ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់ រថយន្តមានទំហំ ៣,៥០ម៉ែត្រ) ។

២. ស្ពានអាកាសជាន់ទី១៖ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែង ជាបួនទិសផ្សេងគ្នា នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះ មុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។

២.១ ស្ពានអាកាសរង្វង់មូល៖ (មានបរិមាត្រ ១៧៨ ម៉ែត្រ គុណនឹងទទឹង ១២,៨៥ម៉ែត្រ) ។ កាំរង្វង់ក្នុង ២០,០០ ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣,០០ ម៉ែត្រ ដែលមានតួនាទីជារង្វង់ មូល ដើម្បីបែងចែកទិសដៅចរាចរណ៍ ។ គន្លងចរាចរណ៍ មាន ៣គន្លងផ្លូវ (សម្រាប់រថយន្ត មានទំហំ ៣,៩៥ ម៉ែត្រ ក្នុងមួយគន្លង) ។ កម្ពស់សុវត្ថិភាព : ៥,០០ ម៉ែត្រ ផ្នែកឆ្លងកាត់ ក្រោមស្ពានអាកាសជាន់ទី២។

២.២ ស្ពានអាកាសខ្នែងA ៖ ឆ្ពោះទៅស្ពានព្រះមុនីវង្ស (មានប្រវែង ២០០ ម៉ែត្រ គុណនឹងទទឹង ១១,៥០ ម៉ែត្រ) ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមក ពីស្ពានព្រះមុនីវង្ស គន្លងចរាចរណ៍ : ៤គន្លងផ្លូវទៅមក (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន ១គន្លងផ្លូវ សម្រាប់រថយន្ត មានទំហំ ៣,៥០ ម៉ែត្រ បូក ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្ត មានទំហំ ១,៥០ ម៉ែត្រ)។

២.៣ ស្ពានអាកាសខ្នែងB៖ វិថីកងយោធពលខេមរភូមិន្ទ (មានប្រវែង ២០០ ម៉ែត្រ គុណនឹងទទឹង ៦,០០ ម៉ែត្រ) ទិសដៅចរាចរណ៍ ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅវិថី កងយោធពលខេមរភូមិន្ទ ។ គន្លងចរាចរណ៍ ២គន្លងផ្លូវ (១គន្លងផ្លូវ សម្រាប់រថយន្តមាន ទំហំ ៣,៥០ម៉ែត្រ បូក ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្ត មានទំហំ ១,៥០ ម៉ែត្រ)។
២.៤ ស្ពានអាកាសខ្នែងC៖ មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៤៤ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ) ។ទិសដៅចរាចរណ៍ ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីព្រះមុនីវង្ស គន្លងចរាចរណ៍ ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្ត មានទំហំ ១,៥០ ម៉ែត្រ) ។

២.៥ ស្ពានអាកាសខ្នែង D៖ មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៦១ ម៉ែត្រ គុណនឹងទទឹង ៦,០០ ម៉ែត្រ) ទិសដៅចរាចរណ៍ ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីព្រះមុនីវង្ស គន្លងចរាចរណ៍: ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣,៥០ ម៉ែត្រ បូក ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្ត
មានទំហំ ១,៥០ ម៉ែត្រ)។

២.៦ ស្ពានអាកាសខ្នែង E៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៥១ ម៉ែត្រ គុណនឹងទទឹង ៦,០០ ម៉ែត្រ) ទិសដៅចរាចរណ៍ ផ្លូវឯកទិស មានទិសដៅមកពីមហាវិថី សម្តេចតេជោ ហ៊ុន សែន គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្ត មានទំហំ ៣,៥០ ម៉ែត្រ បូក ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្ត មានទំហំ ១,៥០ ម៉ែត្រ)។

២.៧ ស្ពានអាកាសខ្នែង F៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៣១ ម៉ែត្រ គុណណឹងទទឹង ៦,០០ ម៉ែត្រ) ទិសដៅចរាចរណ៍ៈ ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅ មហាវិថីសម្តេចតេជោ ហ៊ុន សែន – គន្លងចរាចរណ៍ៈ ២ គន្លងផ្លូវ (១គន្លងផ្លូវ សម្រាប់ រថយន្តមានទំហំ ៣,៥០ ម៉ែត្រ បូក ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្ត មានទំហំ ១,៥០ ម៉ែត្រ)។

៣. ស្ពានអាកាសជាន់ទី២៖ (មានប្រវែង ១.២០០ ម៉ែត្រ គុណនឹងទទឹងពី ១៤,០០ ម៉ែត្រ ទៅ ១៥,៨០ ម៉ែត្រ) ទិសដៅចរាចរណ៍ ផ្លូវទ្វេទិស មានទិសដៅទៅមក រវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន គន្លងចរាចរណ៍ៈ ៤ គន្លងផ្លូវ (២គន្លងទៅ និង ២គន្លងមក ដែលម្ខាងមាន ២ គន្លងផ្លូវ សម្រាប់រថយន្ត មានទំហំ ៣,២៥ ម៉ែត្រ ទៅ ៣,៧០ ម៉ែត្រ) ធ្នឹមប្រអប់ជាបេតុងអាមេ ដែលមានកម្ពស់ ១,៥០ ម៉ែត្រ សសរស្ពាននីមួយៗ ប្រើបេតុង ជាមួយនឹងជើងតាងកម្ពស់ ១,៥០ម៉ែត្រ • ប្រភេទគ្រឹះខួង (Bored pile) មានអង្កត់ផ្ចិតទំហំ ១,៥០ ម៉ែត្រ ទៅ ១,២០ ម៉ែត្រ និងមានជម្រៅ ប្រមាណ ៥០ ម៉ែត្រ ជម្រាលទទឹងស្ពានៈ ២% ជម្រាលបណ្តោយស្ពានៈ ៥% បង្កាន់ដៃ ស្ពានមានកម្ពស់ ១,១០ ម៉ែត្រ ល្បឿនសុវត្ថិភាពៈ ២០គ.ម/ម៉ោង ទៅ ៤០ គ.ម/​ម៉ោង ទម្ងន់ផ្ទុកអនុញ្ញាត ៣០ តោន កម្ពស់អនុញ្ញាត: ៥,០០ម៉ែត្រ • អ៊ុតកៅស៊ូ AC កម្រាស់ ០,១០ ម៉ែត្រ ដាក់ស្លាកសញ្ញាចរាចរណ៍ និងអ៊ុតគំនូសចរាចរណ៍ ដោយប្រើថ្នាំទែរម៉ូប្លាស្ទឹក រៀបចំប្រព័ន្ធបង្ហូរទឹក និងបណ្តាញលូ និងកែសម្រួលចិញ្ចើផ្លូវអមសងខាង បំពាក់ភ្លើងបំភ្លឺផ្លូវ និងបំភ្លឺស្ពាន រៀបចំសួនច្បារ ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ កន្លែង នោះគឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹក ក្នុងការសាងសង់ ហើយនៅពេលស្ពានអាកាសនេះ និងស្ពានអាកាសស៊ីនជូរីផ្លាហ្សា រួចរាល់ រាជធានីភ្នំពេញ នឹងមានស្ពានអាកាសចំនួន ៩​ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ ជូនប្រជាពលរដ្ឋ៕ V / N

Post navigation