Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សភា​ស៊ុយអែត​អនុម័ត​សំណើសុំ​ចូលរួម​អង្គការ​ណា​តូ ខណៈ​តួ​ក​គី​និង​ហុងគ្រី​នៅ​មិន​ទាន់​យល់ព្រម​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សភា​ស៊ុយអែត​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ទី​២២​មីនា​ក្នុង​ការយល់ព្រម​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​បើទោះបីជា​មាន​ការពន្យារ​ពេល​ដោយ​ប្រទេស​ហុងគ្រី​​និង​តួ​ក​គី​ក្នុង​ការ​ផ្តល់​សច្ចាប័ន​លើ​ការប្រឹងប្រែង​សុំចូល​ជា​សមាជិកភាព​របស់​ខ្លួន ដែល​ទំនងជា​នឹង​នាំឱ្យ​ស៊ុយអែត​ចូលរួម​ក្រោយ​ហ្វាំង​ឡ​ង់​ក៏ដោយ​។​

​ការបោះឆ្នោត ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការចូល​ជា​សមាជិក​ណា​តូ​ពី​សំណាក់​ស៊ុយអែត​និង​ផ្តល់​នូវ​ក្រប​ខណ្ឌ​ច្បាប់​ចាំបាច់​នោះ បានអនុម័ត​ដោយ​សំឡេងគាំទ្រ ២៦៩ និង ប្រឆាំង ៣៧​ដោយ​សមា​​ជិក​សភា​ចំនួន ៤៣ នាក់​ទៀត​មិន​បាន​ចូលរួម​នៅក្នុង​សភា​ដែល​មាន ៣៤៩ អាសនៈ​របស់​ស៊ុយអែត​នោះទេ​។​

​រដ្ឋមន្ត្រីការបរទេស លោក ថូ​បៀ​ស ប៊ីល​ស្ត្រូ​ម (Tobias Billstrom) បាន​ប្រាប់​សភា​ក្នុងអំឡុង​ការជជែក​ដេញដោល​មុន​ការបោះឆ្នោត​ថា​”​សមាជិកភាព​របស់​អង្គការ​ណា​តូ​គឺជា​មធ្យោបាយ​​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​សន្តិសុខ​របស់​ស៊ុយអែត និង​ដើម្បី​រួមចំណែក​ក្នុង​សាមគ្គីភាព​ដល់​សន្តិសុខ​នៃ​តំបន់​អឺរ៉ូ​-​អា​ត្លង់​ទិក​”​។​

​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​បាន​ទម្លាក់​គោលនយោបាយ​មិន​ចូលបក្ស​សម្ពន្ធ​រយៈពេល​ជាច្រើន​ទសវត្សរ៍​របស់​ពួកគេ ហើយ​បាន​ដាក់​ពាក្យ​សុំចូល​ណា​តូ​កាលពី​ខែ​ឧសភា​កន្លង​ទៅ​បន្ទាប់ពី​មាន​ការ​ឈ្លាន​​ពាន​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូលើ​អ៊ុ​យក្រែន​។​

​ប៉ុន្តែ​ស៊ុយអែត​មាន​ជម្លោះ​ការទូត​ជាច្រើន​ជាមួយ​សមាជិក​ណា​តូ តួ​ក​គី ដែល​បាន​ពន្យារ​ការស្នើ​សុំ​ចូល​សមាជិកភាព និង​ឱកាស​នៃ​ការចូលរួម​ក្នុងពេល​តែមួយ​ជាមួយ​ហ្វាំង​ឡ​ង់​។​

​តួ​ក​គី​និង​ហុងគ្រី​គឺជា​ប្រទេស​តែ​ពីរ​ប៉ុណ្ណោះ​របស់​ណា​តូ ដែល​មិន​ទាន់​ផ្តល់​សច្ចាប័ន​លើ​ការសុំ​ចូល​របស់​ប្រទេស​តំបន់ន័​រ​ឌី​ក​ទាំងពីរ​ដែល​ទាមទារ​ឱ្យមាន​ការផ្តល់​សច្ចាប័ន​ជា​ឯកច្ឆ័ន្ទ​ដោយ​សមាជិក​ទាំង​៣០​។​

​បន្ទាប់​ពី​ការពន្យារពេល​ជា​ច្រើន​ខែ ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan) បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​លោក​កំពុង​ស្នើឱ្យ​សភា​បោះឆ្នោត​​លើ​ការស្នើសុំ​របស់​ហ្វាំង​ឡ​ង់​ដើម្បី​ចូលរួម​ក្នុង​ប្លុក​ការពារជាតិ​របស់​អង្គការ​ណា​តូ​។​

​លោក​បាន​និយាយថា លោក​នៅតែ​មិន​ទាន់​ត្រៀមខ្លួន​ដើម្បី​ឆ្ពោះ​ឱ្យ​ស៊ុយអែត​ទេ​៕

រដ្ឋមន្ត្រីការបរទេស លោក ថូ​បៀ​ស ប៊ីល​ស្ត្រូ​ម

Post navigation