Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​សព្វាវុធ​អាមេរិក កាន់តែ​ថែម​មក​កៀក​ចិន ! អាមេរិក យល់ព្រម​លក់​អាវុធ​បន្ថែម​យ៉ាងសកម្ម​ទៅ​ឲ្យ​អូស្ត្រាលី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី និង​តៃវ៉ាន់​

​រូបភាព​សម្ញែង​សាច់ដុំ​ខាង​យោធា​របស់​ចិន ទៅលើ​កោះ​តៃវ៉ាន់ បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ស្ថិតនៅ​ក្បែរ​ដែន​តំបន់​សមុទ្រ​ចិន​ខាងកើត និង​ខាងត្បូង ជាអាទិ៍ ប្រទេស​អូស្ត្រាលី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី និង​តៃវ៉ាន់​…​។​ល​។ ធ្វើ​ការបញ្ជាទិញ​សព្វាវុធ​បន្ថែម​ពី​សហរដ្ឋអាមេរិក នៅក្នុង​ឆ្នាំ​២០២២​នេះ ហើយក៏​ទទួលបាន​ការអនុញ្ញាត​យល់ព្រម​លក់​សព្វាវុធ​ពី​សំណាក់​សហរដ្ឋអាមេរិក ជា​ហូរហែ​ផងដែរ ក្នុង​គោលបំណង​ការពារ ពង្រឹង​សន្តិសុខ​វិស័យ​ការពារជាតិ​របស់​ប្រទេស​រៀងៗ​ខ្លួន ។

​យោងតាម Defense Security Cooperation Agency បាន​ផ្សព្វផ្សាយ​យ​ដឹងថា ចាប់ ពី​ខែមករា មកដល់​ដើមខែ​សីហា ឆ្នាំ​២០២២​នេះ សហរដ្ឋអាមេរិក បាន​យល់ព្រម​លក់​សព្វាវុធ​បន្ថែម​ទៅ​ឲ្យ​ប្រទេស​អូស្ត្រាលី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី និង​តៃវ៉ាន់ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៦,១៥៤ ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​រួមមាន ៖

១-​ប្រទេស​ឥណ្ឌូនេស៊ី ៖ យន្តហោះ​ចម្បាំង​ធុន F-15ID ចំនួន​៣៦​គ្រឿង មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៣,៩ ប៊ី​លាន​ដុល្លារ​អាមេរិក ។

២-​ប្រទេស​អូស្ត្រាលី ៖ មី​ស៊ី​ល​វាយប្រហារ​ពីលើ​អាកាស​មក​ផ្ទៃដី ធុន AGM ចំនួន​៨០​ដើម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៨៧៨​លាន​ដុល្លារ​អាមេរិក ។

៣-​ប្រទេស​សិង្ហ​បុរី ៖ យន្តហោះ​ចម្បាំង​ធុន F-13SG រួម​ជាមួយនឹង​គ្រាប់បែក​ធុន MK-82 មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៦៣០​លាន​ដុល្លារ​អាមេរិក ។​

៤-​កោះ​តៃវ៉ាន់ ៖ រថក្រោះ និង​រថពាសដែក​ប្រយុទ្ធ រួមទាំង​បរិក្ខារ​យោធា​ផ្សេងទៀត មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤២៣​លាន​ដុល្លារ​អាមេរិក ។

៥-​ប្រទេស​ជប៉ុន ៖ មី​ស៊ី​ល វាយប្រហារ​នៅលើ​អាកាស​ធុន AIM-120 AMRAAM ចំនួន​ជាង​១០០​ដើម សម្រាប់​បំពាក់​ជាមួយ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35 មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៩៣​លាន​ដុល្លារ​អាមេរិក ។

៦-​ប្រទេស​កូរ៉េខាងត្បូង ៖ មី​ស៊ី​ល​ប្រដេញ​លើ​ផ្ទៃ​ទឹក​ប្រឆាំងនឹង​នាវាមុជទឹក និង​ប្រឆាំងនឹង​នាវាចម្បាំង ធុន MK 54 LightWeight Torpedo ចំនួន​៣១​ដើម សម្រាប់​បំពាក់​ជាមួយនឹង​ឧទ្ធម្ភាគចក្រ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៣០​លាន​ដុល្លារ​អាមេរិក ។​

​លើសពីនេះ ក្រៅពី​ការ​សម្ញែង​សាច់ដុំ​យោធា​របស់​ចិន ទៅលើ​កោះ​តៃវ៉ាន់ គឺ​រួមទាំង​សកម្មភាព​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ក៏បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក យល់ព្រម​លក់​សព្វាវុធ​ចំនួន ៤៩​ករណី គិត​ចាប់ពី​ខែមករា រហូតមកដល់​ដើមខែ​សីហា ឆ្នាំ​២០២២ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៨១​ប៊ី​លាន​ដុល្លារ​អាមេរិក ៕