Views: 27
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សកម្មភាពរោងចក្រចិនក្នុងខែកញ្ញាបានកើនឡើងជាលើកដំបូងនៅរយៈពេលប្រាំមួយខែមកនេះ នេះបើតាមការអង្កេតផ្លូវការមួយត្រូវបានបញ្ចេញអោយដឹងកាលពីថ្ងៃសៅរ៍ទី៣០កញ្ញា ដោយបន្ថែមសញ្ញាថាសេដ្ឋកិច្ចធំបំផុតទីពីរក្នុងលោកនេះ បានធ្លាក់ដល់ចំណុចទាបបំផុតរបស់វានិងចាប់ផ្តើមងើបឡើងវិញ។
សន្ទស្សន៍គ្រប់គ្រងការទិញ (PMI)ផ្អែកលើការអង្កេតលើឧស្សាហករធំៗ បង្ហាញការកើនឡើងដល់៥០,២នៅខែកញ្ញា ដោយកើនពីកំរិត៤៩,៧ នេះបើតាមការិយាល័យស្ថិតជាតិចិន។តួលេខនេះខ្ពស់ជាងការព្យាករណ៍ត្រឹមកំរិត៥០។
កំរិតPMIសំរាប់ខែកញ្ញានេះ បន្ថែមលើសញ្ញានានាដែលថាសេដ្ឋកិច្ចចិនមានលំនឹង ដែលបានធ្លាក់ចុះក្រោយការងើបស្ទុះខ្លាំងគ្រាដំបូងនៅឆ្នាំនេះ ពេលចិនដកចេញការរឹតត្បិតប្រឆាំងកូវីដ១៩។
សញ្ញាដំបូងៗនៃការរើបរើនេះបានលេចឡើងកាលពីខែសីហា ដោយទិន្នន័យរោងចក្រនិងការលក់រាយកើនឡើងនៅពេលការនាំចេញនាំចូលធ្លាក់ចុះហើយសម្ពាធបរិត្តផរណាបានធូរស្រាល។ផលចំណេញនៅតាមក្រុមហ៊ុនសហគ្រាសឧស្សាហកម្មកើន១៧,២ភាគរយនៅខែសីហា ដោយខុសគ្នាខ្លាំងពីការធ្លាក់ចុះ៦,៧ភាគរយនៅខែកក្កដា។
ចូវ ហាវ(Zhou Hao)អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុនមូលបត្រហ្គោថាយ ជូណាន អ៊ីធឺណេសិនណល(Guotai Junan International)បាននិយាយថា «សន្ទស្សន៍ឧស្សាហកម្មPMI បូករួមទាំងតួលេខចំណេញឧស្សាហកម្មល្អ បង្ហាញថាសេដ្ឋកិច្ចកាន់តែរើបរើបណ្តើរៗ»។
PMIមិនពាក់ព័ន្ធឧស្សាហកម្មរបស់ចិន ដែលរួមមានសេវានិងសំណង់ ក៏កើនពី៥១នៅខែសីហាមក៥១,៧នៅខែកញ្ញា។
សញ្ញាសេដ្ឋកិច្ចកាន់តែល្អនឹងត្រូវស្វាគមន៍ដោយក្រុមអ្នកធ្វើនយោបាយ នៅពេលពួកគេខិតខំដោះស្រាយវិបត្តិបំណុលអចលនទ្រព្យដែលបាននិងកំពុងធ្វើកក្រើកទីផ្សារសកល។អាជ្ញាធរបានដាក់ចេញវិធានការបន្តបន្ទាប់ដើម្បីទ្រោលទីផ្សារអចលនទ្រព្យ រួមមានការកាត់បន្ថយអត្រាបញ្ចាំ ទោះជាយ៉ាងណាវិស័យនេះមិនងាយនឹងចាកចេញពីវិបត្តិបានទេ។ថ្លៃផ្ទះឥឡូវធ្លាក់ចុះលឿនបំផុតធៀបនឹងថ្លៃនៅដប់ខែមកនេះនិងការវិនិយោគក្នុងវិស័យអចលនទ្រព្យធ្លាក់ចុះដល់ខែទី១៨ជាប់ៗគ្នា។
ក្រុមហ៊ុនអចលនទ្រព្យChina Evergrande Groupកំពុងជាប់ច្រើនបំផុតជាង៣០០ពាន់លានដុល្លារ ហើយប្រធានក្រុមហ៊ុននេះកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះ«ឧក្រិដ្ឋកម្មខុសច្បាប់»ថែមទៀត។
ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីសប្តាហ៍មុនបានកាត់តម្រឹមកំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២៣ពី៥ភាគរយនៃការកំណត់របស់រដ្ឋាភិបាល មកនៅត្រឹម៤,៩ភាគរយដោយសារបញ្ហាវិស័យអចលនទ្រព្យ៕


កម្មករនៅក្នុងរោងចក្រចិន