Views: 1
ដោយៈ សុខុម / ស្ទឹងត្រែងៈ សម្រាប់អ្នកចូលចិត្តផ្ដិតយករូបភាពទេសភាពស្អាតៗ បោះតង់ ជិះកង់ និងភ្លក្សម្ហូបអាហាររបស់សហគមន៍ ពីធម្មជាតិពិត ពេលមកលេង ខេត្តស្ទឹងត្រែង សូមកុំភ្លេច ទៅកម្សាន្តនៅភ្នំជម្រកសត្វ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

មុននឹងទៅដល់ទីនោះ យើងត្រូវធ្វើដំណើរចេញពីក្រុងស្ទឹងត្រែង ឆ្លងកាត់តាមស្ពាន មិត្តភាព កម្ពុជា-ចិន មេគង្គ លើដងផ្លូវជាតិលេខ៩ ស្ទឹងត្រែង-ព្រះវិហារ។ ធ្វើដំណើរ បណ្ដើរ មើលទេសភាព ការរស់នៅរបស់អ្នកស្រុក នៅតាមដងផ្លូវ។ មើលព្រៃព្រឹក្សា ដំណាំកសិកម្ម អមតាមដងផ្លូវ ឆ្ពោះទៅទិសខាងលិច មិនយូរប៉ុន្មាន យើងក៏បានទៅដល់ ចំណុចផ្លូវចូល ទៅកាន់សហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ។
បើគិតពីក្រុងស្ទឹងត្រែង មានចម្ងាយត្រឹមតែ ៤៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ពេលទៅដល់ ផ្លូវចូល នឹងឃើញផ្លាកមួយដ៏ធំ ដែលដាក់បង្ហាញប្រាប់ពីភ្នំជម្រកសត្វ រៀបចំដោយ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។ យើងក៏អាចមើលឃើញផ្លូវចូល ក្នុងទិសដៅធ្វើដំណើរ មកពីខេត្តព្រះវិហារ ផងដែរ។ ពេលទៅដល់យើងត្រូវបន្តដំណើរតាមផ្លូវលំមួយ អាចឲ្យរថយន្តចេញចូលបានដោយងាយស្រួលចម្ងាយត្រឹម ៥ គីឡូម៉ែត្រប៉ុណ្ណោះ។
នៅតាមផ្លូវនោះ អមដោយផលដំណាំចម្ការអ្នកស្រុក និងទេសភាពភ្នំទាបខ្ពស់នៅជុំវិញ នោះ។ ឃើញភ្នំ ២ នៅក្បែរគ្នា យើងមើលឃើញដូចជាសត្វដំរី កំពុងតែជល់គ្នា។ នៅទីនោះ ព្រៃព្រឹក្សា ពិតជាស្រស់បំព្រង ស្អាតខ្លាំងណាស់។
លោក តឹក សុខុម ប្រធានក្រុមល្បាត នៅសហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ បានរៀបរាប់ប្រាប់ឲ្យដឹងថាៈ ពេលមកដល់ ភ្ញៀវអាចឡើងតាមកាំជណ្តើរ ទៅលើកំពូល ភ្នំបាន។ អាចមើលទេសភាពជុំវិញ មកក្រោមដូចជាសមុទ្រឈើ។ នៅជុំវិញភ្នំនោះ មានល្អាងជាច្រើន ដែលគេហៅឈ្មោះខុសៗគ្នា ដូចជាល្អាងអូនបង, ល្អាងទឹកចេញ, ល្អាងប្រជៀវ, ល្អាងលោកសឹង។
ក្រៅពីនេះ មានស្ពានតឿ រៀបចំដោយខាងសហគមន៍ សាងសង់ឡើង អំពីឈើ តម្រាបគ្នាកាត់តាមព្រៃ ក្រោមដើមឈើមានចម្ងាយប្រមាណ ៥០០ ម៉ែត្រ។ យើងដើរ ដោយថ្មើរជើងតាមស្ពានឈើនោះ នឹងឃើញទេសភាពដ៏ស្រស់ស្អាត មានដើមឈើ ដុះតម្រៀបជាជួរតូចធំ ទាបខ្ពស់ ហាក់បីដូចជាស្ថិតនៅក្នុងព្រៃជ្រៅដ៏ស្ងប់ស្ងាត់អីចឹង។ យើងផ្ទៀងត្រចៀកស្ដាប់ ឮសូរសំឡេងសត្វយំ ប្រដេញគ្នា ដូចជាការប្រគំតន្រ្តី បង្ហើរ សំនៀងទៅតាមធម្មជាតិ។ ជាមួយនោះ ក៏មានទឹកហូរធ្លាក់តាមបោកផ្ទប់នឹងគល់ឈើ ផ្ទាំងថ្ម។ ភ្ញៀវ ក៏អាចជិះកង់ដើរមើលព្រៃសហគមន៍ ជិះព័ទ្ធតាមជុំវិញភ្នំ។
លោក តឹក សុខុម បានឱ្យដឹងទៀតថាៈ សហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ កំពុងកែច្នៃរៀបចំថ្មីបន្ថែម ឲ្យកាន់តែទាក់ទាញ ហើយក៏ជាជម្រើសល្អសម្រាប់ភ្ញៀវ ដែលចូលចិត្តភ្ជាប់ដំណើរកម្សាន្តទៅនឹងធម្មជាតិ។ ស្រូបយកខ្យល់អាកាសបរិសុទ្ធ លើទឹកដីខេត្តស្ទឹងត្រែង ឬក៏អាលវិលត្រឡប់ ស្នាក់នៅក្នុងក្រុងស្ទឹងត្រែងវិញ។
ម្យ៉ាងទៀត សេវាកម្មម្ហូបអាហារ ក៏មានតម្លៃថោកសមរម្យ អាចទទួលយកបាន។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បានរៀបរាប់ឲ្យដឹងថាៈ ការរៀបចំសេវាកម្ម ទាក់ទងនឹងផលិតផលទេសចរណ៍ នៅភ្នំជម្រកសត្វ កាន់តែបោះ ជំហានទៅមុខ និងចាប់អារម្មណ៍ខ្លាំងណាស់។ ការរៀបចំតភ្ជាប់ផ្លូវពីផ្លូវជាតិ ផ្លូវលំ និងផ្លូវជុំវិញភ្នំ រៀបចំកាំជណ្ដើរឡើងទៅលើភ្នំ បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត យល់ថាៈ ការប្រើប្រាស់ធនធានធម្មជាតិ ដែលជា សក្តានុពលដ៏សំខាន់ ក្នុងព្រៃសហគមន៍ យកមកកែច្នៃ ឲ្យមានភាពទាក់ទាញធ្វើទៅតាម លទ្ធភាពជាក់ស្ដែង។ សហគមន៍នេះផងដែរ ក៏មានការចូលរួម និងគាំទ្រពីអង្គការក្រៅ រដ្ឋាភិបាល មួយចំនួន ជំរុញលើកទឹកចិត្តបន្ថែម ពីខាងមន្ទីរទេសចរណ៍ខេត្ត ធ្វើយ៉ាងណា ដើម្បីឲ្យសហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ កាន់តែមានភាពរីកចម្រើនទៅមុខ។
នៅខាងមុខដ៏ឆាប់នេះ ក៏នឹងមានការរៀបចំខ្យុសលំហែកាយច្រើនកន្លែងទៀត រៀបចំជាកន្លែង សម្រាប់ទទួលទានអាហារ បម្រើសេវាកម្មដល់ភ្ញៀវ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌខាងមុខនេះ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងបន្តជំរុញជួយដល់សហគមន៍ អេកូទេសចរណ៍មួយនេះ ឲ្យកាន់តែរឹងមាំ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ដើរដោយខ្លួនឯង និងនៅពេលអនាគត៕ V / N

