Views: 9
ដោយៈបូព៌ព្រឹក្ស,ដេប៉ូ/ភ្នំពេញ៖តំណាងសហជីពធំៗនៅថ្ងៃទី៣០ កញ្ញា ឆ្នាំ ២០២៣នេះ បានចេញញត្តិគាំទ្របន្តបន្ទាប់ ក្រោយពីមានសេចក្តីសម្រេចការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ ២០២៤ ដែលមានចំនួន២០៤ដុល្លារក្នុងមួយខែ។
សហជីពធំៗទាំងនោះរួមមាន សហព័ន្ធសហជីពសុវត្ថិភាពកម្មករ សហព័ន្ឋសហជីពកម្មករប្រជាធិបតេយ្យ និង សហព័ន្ឋសហជីពវឌ្ឍនភាពការងារកម្មករខ្មែរ ជាដើម។ ក្រុមសហជីពបានលើកឡើងថា ពួកគេបានគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងនេះ ដោយប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សានិងបង្កើតឱកាសការងារជូនដល់បងប្អូនកម្មករនិយោជិតព្រមទាំងបន្តជំរុញឱ្យមានបរិយាកាសវិនិយោគនិងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។

ក្រុមសហជីពក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារនិងប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតទាំងអស់។
ជាងនេះទៅទៀត សហជីពគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតគ្រប់កាលៈទេសៈ ពិសេសសម្តេចធិបតីបានអនុញ្ញាតឱ្យមានការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៤ បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោករួមទាំងកម្ពុជាផងដែរកំពុងទទួលរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចសាកលដែលនាំឲ្យតម្រូវការសាកលផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ។
ប្រភពដដែលបញ្ជាក់ថា លើសពីនេះទៅទៀត កម្មករក៏បាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលសំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និង ថ្លៃអគ្គិសនីនៅតាមផ្ទះជួលរួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍របបសន្តិសុខសង្គមផងដែរ៕សរន



