Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហរដ្ឋអាម៉េរិកបញ្ជាក់អំពីការបន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

Views: 4

ដោយៈដេប៉ូ/ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិក និងមន្រ្តីជាន់ខ្ពស់កម្ពុជាបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូ​លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ​ដែលជា​ចន្ទល់​ដ៏សំខាន់សម្រាប់ការអភិវឌ្ឍក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ ។ នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក ផាទ្រិក មួហ្វី (Patrick Murphy) នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ប្រភពពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងកិច្ចពិភាក្សាដែលមានភាពជិតស្និទ្ធ និងត្រង់ទៅត្រង់មកលោករដ្ឋមន្ត្រី បានថ្លែងអំណរសហរដ្ឋអាម៉េរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួន ដែលបានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​​បច្ចេកទេសវិជ្ជាជីវៈលើកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាពនាពេលកន្លងមក។ លោករដ្ឋមន្ត្រី ជម្រាបអគ្គរដ្ឋទូតអាមេរិកពីចក្ខុវិស័យរួម​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន គឺវិស័យការងារដែលមានបរិយាកាស និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និង​មានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈដែលភាគីនិយោជកនិងកម្មករនិយោជិតអាចរក្សាបាននូវឧត្តមប្រយោជន៍របស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការងារ។

បន្ថែមពីនេះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីជាអាទិភាពសំខាន់ៗមួយចំនួនទៀតដែល រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់​ចេញលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន១,៥លាននាក់ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថមបន្ថែម។ កម្មវិធីថ្នាក់ជាតិនេះ នឹងអាចជួយពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយ អាចមានជំនាញ​ជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារដែលសម្បូរបែប និង សមរម្យដោយមានការទទួលស្គាល់ពីទីផ្សារ។ លើសពី​នេះ​រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតីជាប្រមុខក៏គ្រោងនឹងផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមគោលការណ៍ស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំពោះកម្មករនិយោជិតតាមរយៈភាគទានស្ម័គ្រចិត្តចំនួន១៥. ៦០០រៀល ដែលអាចទទួលបានការ​ថែទាំ​សុខភាពដោយឥតគិតថ្លៃដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយនិងបង្កើនការសន្សំដល់កម្មកនិយោជិត។

ប្រភពដដែលបន្តថា ក្រោយបានយល់ពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧នេះ ឯកអគ្គរដ្ឋទូត​អាម៉េរិកប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងក្នុងការពង្រឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

មុននឹងបញ្ចប់កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូ​លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរដែល​ជាចន្ទល់​ដ៏សំខាន់សម្រាប់ការអភិវឌ្ឍក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ៕សរន

Post navigation