Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស៊ីហ្គេមនៅកម្ពុជា នឹងជួយផ្លាស់ប្ដូរឥរិយាបថប្រជាជនកម្ពុជា

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានលើកឡើងថាៈ ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺទទួលបានផលប្រយោជន៍ មកវិញយ៉ាងច្រើន ជាពិសេសគឺ នឹងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន ចំពោះសហគមន៍អន្តរជាតិ។ គុណតម្លៃនៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺស្ថិតនៅត្រង់ចំណុចនេះ។ នេះជាមោទន ភាពជាតិ របស់ប្រជាជនខ្មែរ ជាង ១៦ លាននាក់ ក្នុងនាមជាម្ចាស់ផ្ទះទាំងអស់គ្នា។ ការរៀបចំនេះ កម្ពុជា ត្រៀមចំណាយថវិកាជាតិជាង ១០០ លានដុល្លារអាមេរិក ប៉ុន្តែគុណតម្លៃ ដែលទទួលបានលើសពីលុយនេះ គឺកិត្តិយសជាតិ សុខភាព ហើយគុណតម្លៃ ពិសេសគឺ នឹងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនជាម្ចាស់ផ្ទះ។

នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន ក្នុងវគ្គបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្ត កាលពីថ្ងៃ២៥ ដល់ទី២៦ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ប្រជាជនជាម្ចាស់ផ្ទះ ធ្លាប់តែមិនធ្លាប់ធ្វើកិច្ចការជាមួយគ្នា មិនសូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា ប៉ុន្តែពេលយើងកំពុងត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ គឺយើងទាំងអស់គ្នា សប្បាយរីករាយ និងមានស្មារតីរួមគ្នាមួយ។ ជាក់ស្តែង ដូចជាអ្នកស្ម័គ្រចិត្ត រាប់ពាន់នាក់ជាដើម មានស្មារតីរួបរួមគ្នា ក្នុងការជួយជ្រោមជ្រែង បម្រើដល់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ដំបូងរបស់កម្ពុជា យើងទាំងអស់គ្នា។

យើងសម្រួចស្មារតីជាតិនិយមរបស់យើង ចេះស្រឡាញ់ជាតិរបស់យើងទាំងអស់គ្នា តាមរយៈស្មារតីគាំទ្រ ហ៊ោកញ្ជ្រៀវ អបអរសាទរដល់ការប្រកួតរបស់យើងជាដើម។ ទឹកចិត្ត ស្មារតី នៃការចូលរួមរបស់យើង មិនមែនទាល់តែ ត្រូវចូលរួមនោះទេ ពោលគឺ គ្រាន់តែយើងផ្តល់ការគាំទ្រ នោះគឺជាស្មារតីជាតិនិយមហើយ។

លោកបានបន្តទៀតថាៈ នៅក្នុងយុទ្ធនាការរបស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី បានដាក់ចេញនូវយុទ្ធនាការជាច្រើន ក្នុងនោះក៏ មានយុទ្ធនាការ​លើសពីការប្រកួតកីឡា (Beyond The Games) ដែលយើងទាំងអស់គ្នា ប្រមូលផ្តុំនូវស្មារតីរួមគ្នា។ នៅពេលប្រកួតកីឡា គឺយើងនឹង ទទួលបាននូវស្មារតីជាតិនិយមទាំងអស់គ្នា។

លោកអគ្គលេខាធិការ បានចែករំលែកដល់អ្នកស្ម័គ្រចិត្តទាំងអស់ថា អ្នកស្ម័គ្រចិត្ត ត្រូវរៀបចំខ្លួន បម្រើការងារឱ្យបានល្អ ត្រូវមានអនុស្សាវរីយ៍ល្អៗ ជាមួយគ្នា ហើយ ជាអ្នកនាំសារ ក្នុងភាពជាវិជ្ជមាន ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា ទៅ កាន់ពិភពលោក ព្រោះក្នុងពេលព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ ពិភពលោក នឹងមើលមកកម្ពុជាច្រើនណាស់។ លើសពីនេះ លោកក៏ស្នើសុំឱ្យអ្នកស្ម័គ្រចិត្ត ធ្វើយ៉ាងណា បម្រើការងារប្រកបដោយឥរិយាបថល្អ ផ្តល់ស្នាមញញឹម ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ដ៏សំខាន់ទាំង ២ នេះ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្រោយកម្ពុជា បានរង់ចាំ អស់រយៈពេល ៦៤ឆ្នាំ៕/V

Post navigation