Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស៊ីប៊ីស៊ី៖មកដល់​ឆ្នាំ​២០២២​នេះ​ ចំនួន​អ្នកប្រើប្រាស់​កម្ចី​មាន​ចំនួន ៤.៦៧​លាន​នាក់

Views: 13

ដោយៈ​សុផល​/​ភ្នំពេញ​៖​មកដល់​ឆ្នាំ​២០២២​នេះ​ចំនួន​អ្នកប្រើប្រាស់​កម្ចី មាន​ចំនួន​៤.៦៧​លាន​នាក់​ក្នុងនោះ​ស្ត្រី ២.៤៨​លាន​នាក់ ស្មើ ៥៣% និង​បុរស ២.១៩​លាន​នាក់ ស្មើ ៤៧%​។​នេះបើតាមរបាយការណ៍​របស់​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (CBC) ។

​ក្នុងកម្មវិធី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការបង្កើត​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាកាលពីពេលថ្មីៗនេះ ​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ CBC បាន​ថ្លែងថា ១០​ឆ្នាំ​មកនេះ ស៊ីប៊ីស៊ី បាន​ខិតខំ​បង្កើតជា​ថ្នាល ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​ឥណទាន​នៅ​កម្ពុជា​និង​បាន​ជួយ ដល់​ស្ថាប័នហិរញ្ញវត្ថុ ជា​សមាជិក​របស់ CBC ចំនួន​១៨១​ស្ថាប័ន ដោយបាន​ចាត់ទុកថា ការលើកកម្ពស់​ការយ​ល់​ដឹង​ពី​សុខភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន ជា​កត្តា​អាទិភាព​ផងដែរ​។​

​លោក​បាន​បន្ថែមថា​៖«​របាយការណ៍​ឥណទាន បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្សារភ្ជាប់​គម្លាត​ព័ត៌មាន​រវាង​អ្នកផ្ដល់​កម្ចី និង​អ្នកប្រើប្រាស់​កម្ចី​ដើម្បី​វាយតម្លៃ​ហានិភ័យ​ឥណទាន​យ៉ាង​ឆាប់រហ័ស និង​ធ្វើការ​សម្រេចចិត្ត​លើ​ប្រាក់កម្ចី​ដែលជា​ការ​ម្រួ​ល​ដល់​ការទទួលបាន​ហិរញ្ញវត្ថុ​»​។​

​លោកស្រី ជា សិរី ប្រធាន​ក្រុមប្រឹក្សាភិបាល CBC បាន​លើកឡើងថា បច្ចុប្បន្ននេះ CBC កំពុងមាន​អំ​រែក​យ៉ាង​ធំ និង​ធ្ងន់​មួយ គឺ​ការ​បម្រើសេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដើ​ម្បី​ធ្វើ​យ៉ាងណា​ឆ្ពោះទៅ​ចាប់យក​ឌីជីថល​រូបី​យក​ម្ម និង​ការវិភាគ​ទិន្នន័យ​កម្រិត​ខ្ពស់​។​វត្តមាន​របស់ CBC រយៈពេល​១០​ឆ្នាំ​មកនេះ បានរួម​ចំណែក​ជួយ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​និង​ទីផ្សារ​ឥណទាន មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ មិនតែប៉ុណ្ណោះ​បាន​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា មានលទ្ធភាព​ទទួលបាន​ឥណទាន​កាន់តែ​ទូលំទូលាយ​និង​មាន​កំណើន​ជា​រៀងរាល់ឆ្នាំ​។​

​លោកស្រី​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ដ៏​ខ្លី CBC បាន​ពង្រីក​ខ្លួន​ជា​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ទំនើប និង​អភិវឌ្ឍន៍​ពេញលេញ ក្នុងការ​ចែករំលែក​ព័ត៌មាន​ឥណទាន​និង​ផ្ដល់​សេវាកម្ម​បន្ថែម​ជាច្រើន​។ បន្ថែម​ពីនេះ CBC មិន​ត្រឹម​រក្សាទុក​ប្រវត្តិ​ព័ត៌មាន​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​ព័ត៌មាន​វិជ្ជមាន​ជាច្រើន​ក្នុង​គោលបំណង​លើកទឹកចិត្ត ការប្រើប្រាស់​ឥណទាន​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​រប​ស់​អ្នក​ខ្ចី​។​

​លោកស្រី​កិ​ត្ដិ​បណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរង​ធនាគារជាតិ នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​៖​ធនាគារជាតិ​នៃ​កម្ពុជា បានប្រគល់​ប័ណ្ណសរសើរ ជូន​ដល់​ស៊ី​ប៊ី​ស៊ី​ សម្រាប់​ការចូលរួមចំណែក​រប​ស់​ខ្លួន ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន តម្លាភាព​ទីផ្សារ​ឥណទាន និង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​។​

​ស៊ី​ប៊ី​ស៊ី បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១២ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ធ្វើឱ្យមាន​ភាពប្រសើរឡើង​នូវ​ការវាយ​តម្លៃ​ហានិភ័យ​ឥណទាន និង​ធ្វើឱ្យ​ទីផ្សារ​ឥណទាន​មាន​តម្លាភាព និង​ការគ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងប្រទេស​។​ស៊ី​ប៊ី​ស៊ី​បាន​នឹង​កំពុង​ពង្រីក​ខ្លួន និង​បន្ដ​រីកចម្រើន ក្នុង​រយៈពេល មួយ​ទសវត្ស​ចុងក្រោយ​នេះ​ពី​សមាជិក​ចំនួន ៥១ ក្នុង​ឆ្នាំ ២០១២ ដល់ ១៨១ ក្នុង​ឆ្នាំ ២០២២ នេះ​។​

​ក្នុងឱកាស​គម្រប់​ខួប ១០​ឆ្នាំ​របស់ខ្លួន ស៊ី​ប៊ី​ស៊ី ក៏បាន​រៀបចំ​វេទិកា​ពិភាក្សា​ស្ដីពី «​ហានិភ័យ​ឥណទាន​ក្នុង​ភាពមិនច្បាស់លាស់​និង​ការរំខាន​ផ្នែក​ឌីជីថល​»​។ បណ្តា​អ្នក​ដឹកនាំ​ជាន់ខ្ពស់​មកពី​ឧស្សាហកម្ម​ហិរញ្ញវត្ថុ បាន​ចែករំលែក​នូវ ចំណេះដឹង​និង​ការយល់ឃើញ​របស់​ពួកគេ​លើ​ការវិវត្ត និង​ការ​សម្រប​ខ្លួន​នៃ​ទីផ្សារ​ឥណទាន​ចំពេល​មាន​វិបត្តិ និង​ភាពមិនប្រាកដប្រជា នៃ​សេដ្ឋកិច្ច​តាមរយៈ​ការប្រើ​បច្ចេកវិទ្យា​ឈានមុខ​។​សព្វថ្ងៃនេះ ស៊ី​ប៊ី​ស៊ី បាន​បើក​ដំណើរការ​ឧបករណ៍​វិភាគ​ទិន្នន័យ​ដែ​ជំរុញឱ្យមាន​ប្រព័ន្ធ​អេកូឡូស៊ី ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត លើកកម្ពស់​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​តាមរយៈ​បច្ចេកវិទ្យា​នៃ​អាជីវកម្ម​ឆ្លាត​វៃ ការវិភាគ​ទិន្នន័យ​និង​ដំណោះស្រាយ​ការវិភាគ​ព្យាករណ៍ សម្រាប់​ការវាយតម្លៃ​សំណើសុំ​ប្រាក់កម្ចី ការត្រួតពិនិត្យ​ផលប័ត្រ និង​ការវិភាគ​យុទ្ធសាស្ត្រ​។ បន្ទាប់ពី​បាន​បើក​ដំណើរការ​សេវា​វិភាគ​ទិន្នន័យ​ជំនាន់​ថ្មី​(DAR) និង ពិន្ទុ ខេ ស្ករ (K-Score) ក្នុង​ឆ្នាំ ២០២០ កន្លងទៅ ស៊ី​ប៊ី​ស៊ី បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ដំណោះស្រាយ​ផែនទី​ហានិភ័យ​ឥណទាន ដំបូងបង្អស់​នៅ​កម្ពុជា សម្រាប់​សមាជិក​ទាំងអស់​របស់ខ្លួន​។​

​ជាមួយគ្នានេះ ស៊ី​ប៊ី​ស៊ី មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​សង្គម និង​ប្រជាជន​។ ក្នុងឱកាស​គម្រប់​ខួប ១០​ឆ្នាំនេះ ស៊ី​ប៊ី​ស៊ី បាន​បើក​​ដំណើរការ​កម្មវិធី​អាហារូបករណ៍​​ស៊ី​ប៊ី​ស៊ី (CBC Scholarship Scheme) ជា​កិច្ចសហការ​លើកដំបូង​ផ្នែក​ឧស្សាហកម្ម -​វិស័យ​អប់រំ​​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រួមទាំង​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដើម្បី​រៀបចំ​ការងារ​នាពេល​អនាគត សម្រាប់​និស្សិត​ដែល​​បានបញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​ទិន្នន័យ សេដ្ឋកិច្ច និង​គ្រប់គ្រង​។ លើសពីនេះ កម្មវិធី​ន​វា​នុ​វត្ដ​ន៍​បុគ្គលិក​របស់ ស៊ី​ប៊ី​ស៊ី គឺជា​វេទិកា​បើកចំហ ឱ្យ​បុគ្គលិក​របស់ខ្លួន​រួមចំណែក​​ចែករំលែក​គំនិត សម្រាប់​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​របស់​
​ក្រុមហ៊ុន ដែល​បច្ចុប្បន្ន​កំពុងដំណើរកា​រ​ក្នុង​ឆ្នាំ​ទី​ពីរ​ហើយ​៕Ph

Post navigation