Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សីតុណ្ហភាពអតិបរមាកើនឡើងដល់៤០អង្សាសេនៅកន្លែងខ្លះនិងអាចកើនខ្ពស់ជាងនេះទៀតនៅពេលខាងមុខ

Views: 2

ដោយៈប.ខុន/ភ្នំពេញៈ សីតុណ្ហភាពអតិបរមាណនៅខេត្តខ្លះនាថ្ងៃទី២៤ខែមីនាបានឡើងដល់កម្រិត៤០អង្សាសេក្នុងរយៈពេលខ្លី   ខណៈបាតុភូតអែលនីណូស្ថិតនៅក្នុងរង្វង់៥០ភាគរយនិងមានទំនោរកើនឡើងថែមទៀត  ធ្វើឱ្យអាកាសធាតុកាន់តែក្តៅឡើងថែមទៀតនៅពេលខាងមុខហើយបាតុភូតខ្យល់កន្ត្រាក់ក៏ងាយនឹងកើតមានឡើងខណៈពេលមេឃរកលធ្លាក់ភ្លៀង។

លោក ចាន់ យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣ថាបាតុភូតអែលនីណូនៅពេលនេះមានឥទ្ធិពលក្នុងរង្វង់៥០ភាគរយហើយមានទំនោរកើនឡើងថែមទៀតនៅពេលខាងមុខ ធ្វើឱ្យធាតុអាកាសក្តៅកាន់តែខ្លាំងឡើងថែមទៀតនៅក្នុងខែក្រោយ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថាសីតុណ្ហភាពអតិបរមានៅពេលនេះស្ថិតក្នុងរង្វង់៣៩អង្សាសេនិងអាចឡើងដល់៤០អង្សាសេរឺលើសពី៤០ អង្សាសេក្នុងរយៈពេលខ្លីនៅបន់ខ្លះ។សីតុណ្ហភាពបន្តកើនឡើងនេះដោយសារប្រទេសកម្ពុជាស្ថិតក្រោមឥទ្ធិពលបាតុភូតអែលនីណូរហូតដល់៥០ភាគរយនិងមានទំនោរកើន ឡើងថែមទៀតនៅពេលខាងមុខ។

លោក ចាន់ យុត្ថា បញ្ជាក់ថាក្នុងពេលសីតុណ្ហភាពកើងឡើងជាលំដាប់នេះ ងាយមានបាតុភូតខ្យល់កន្ត្រាក់កើតឡើងខ្លាំងណាស់ ជាពិសេសនៅពេលមេឃរកកលធ្លាក់ភ្លៀងដូចជានៅខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី២៣ធ្វើឱ្យផ្ទះតូចធំជិត២០០ខ្នងបានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ដែលបានកើតមានបន្ទាប់អាកាសធាតុ ក្តៅខ្លាំងនៅពេលរសៀលរួចមក។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែមីនាថាសីតុណ្ហភាពអតិបរមានៅក្រុងសំរោងថ្ងៃនេះស្ថិតនៅក្នុងរង្វង់៣៩អង្សាសេ ទាបជាងថ្ងៃទី២៣មីនាបន្តិច។ ផ្ទៃមេឃមានពពកច្រើនតែមិនមានភ្លៀងធ្លាក់នៅឡើយទេ។

ចំណែកនៅខេត្តព្រះវិហារវិញសីតុណ្ហភាពអតិបរមាបានឡើងរហូតដល់៤០អង្សាសេពីរបីថ្ងៃជាប់គ្នាមកហើយ   ខណៈពេលនៅភ្នំពេញសីតុណ្ហភាពអតិបរមាកើនដល់៣៧អង្សាសេបាត់ដំបង៣៩អង្សាសេនិងខេត្តព្រះសីហនុសីតុណ្ហភាពអតិបរមានៅក្នុងរង្វង់៣០អង្សាសេ។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ខែមីនាថា នៅក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និង ខ្យល់បម្រែបម្រួលជាហេតុបង្កលក្ខណ:ងាយក្នុងការកកើតឡើងនូវស្រទាប់ កម្តៅ ( heat low pressure cell ) បណ្តាលឱ្យសីតុណ្ហភាពកើននិងអាចមានភ្លៀងដោយអន្លើ ។

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ  សីតុណ្ហភាពអតិបរមាមានពី៣៦ទៅ៣៨អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៦ទៅ៣៨អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕សរន / N

Post navigation