Views: 12
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សិស្សនាយទាហានថៃ និស្សិតសាកលវិទ្យាល័យ និងអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់បានធ្វើពិធី “វ៉ៃគ្រូ” របស់ក្បាច់មួយថៃ (Muay Thai)បំបែកឯតទគ្គកម្មកាលពីថ្ងៃចន្ទទី៦កុម្ភៈ នៅក្រោមការឃ្លាំមើលពីរូបសំណាកធំចំនួនប្រាំមួយរបស់អតីតព្រះមហាក្សត្រ។
ការជួបជុំពេលថ្ងៃលិចនៅក្រុងហួហ៊ីន (Hua Hin)ជាផ្នែកមួយនៃពិធីបុណ្យ Muay Thaiក្នុងទីក្រុងរមណីយដ្ឋានមាត់សមុទ្រនេះ បានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសពីមុនចំនួន ២៥០ នាក់ ដោយមានអ្នកចូលរួមលើកនេះដល់ទៅ ៣.៦៦០ នាក់ដោយសម្តែងក្បាច់រាំថ្វាយបង្គំគ្រូរបស់ពួកគេក្នុងពេលដំណាលគ្នា។
ព្រះអាទិត្យបានដុតកម្ដៅលើកម្រាលបេតុង ខណៈអ្នកសម្ដែងជើងទទេ ដែលរៀបចំដោយអាជ្ញាធរទេសចរណ៍ថៃ (TAT)កងទ័ពភូមិន្ទថៃ និងក្រសួងវប្បធម៌និងកីឡា បានចូលមកទីលានព្យុហយាត្រានៅឧទ្យានរ៉ាចាបាកទី (Rajabhakti) នៅចំពោះមុខនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។
ស្លៀកពាក់ឯកសណ្ឋានពណ៌ក្រហមជាមួយនឹងខ្សែមង្គលពណ៌សក៏ដូចជាខ្សែអំបោះឆៅពណ៌សរុំលើដៃ អ្នកសម្តែងជាបុរសទាំងនោះបានបញ្ចេញក្បាច់ដំណាលគ្នាល្អឥតខ្ចោះតាមរបៀបរបស់អ្នកប្រដាល់ Muay Thaiដ៏ល្បីល្បាញ ឈ្មោះ សម្បត្តិ “បួខាវ” បញ្ជាមេឃ (Sombat “Buakaw” Banchamek)។
អ្នកវិនិច្ឆ័យផ្លូវការរបស់ហ្គីនណេស ដែលបញ្ជាក់ការបំបែកឯតទគ្គកម្មនេះ បាននិយាយថា “សូមអបអរសាទរ អ្នកពិតជាអស្ចារ្យណាស់”។
អ្នកសម្តែងវ័យ ២៧ ឆ្នាំ ឈ្មោះ ភូគ្រីត ភូរីមឆៃថាណាត (Phukrit Purimchaithanat) បាននិយាយថា “ខ្ញុំពិតជាមានមោទនភាពណាស់” ដោយបន្ថែមថាគាត់និងមិត្តរួមការងាររបស់គាត់ពិតជារីករាយដែលពួកគេអាចធ្វើវាបាន បន្ទាប់ពីការត្រៀមខ្លួនជាច្រើនខែ។
អ្នកស្រុកនិងអ្នកទេសចរ ដែលឆ្លងកាត់រមណីយដ្ឋានដ៏ពេញនិយមនេះ បានមើលទស្សនីយភាពនេះពីវេទិកា ខណៈក្បាលមេក្រូបន្លឺសំឡេងឡើង។
នាង ស៊ីណា គ្រូស (Siena Cruz) អាយុ ៣២ ឆ្នាំ ជាអ្នកស្រុកហួហ៊ីន បាននិយាយនៅពេលនាងរីករាយនឹងកម្មវិធីនេះជាមួយមិត្តភក្តិ ថា “វាគួរឱ្យភ្ញាក់ផ្អើល វាអស្ចារ្យណាស់ ហើយនៅចំពោះមុខស្តេចនិងអ្វីៗទាំងអស់”។
ដោយកត់សម្គាល់ពីរបៀបដែលពិធីថ្វាយបង្គំគ្រូមុនការប្រកួតមានសារៈសំខាន់ខ្លាំងចំពោះកីឡានេះ នាងបាននិយាយថា “ទិដ្ឋភាពនេះគឺជាអ្វីៗដែលទាក់ទងនឹងប្រពៃណី”៕


អ្នកចូលរួម ៣.៦៦០ នាក់សម្តែងក្បាច់រាំថ្វាយបង្គំគ្រូក្នុងពេលដំណាលគ្នាដើម្បីបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស