Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិស្ស​ប៊ែ​ល​ធី​និទ្ទេស A ៦៧​រូប ចែករំលែក​បទពិសោធ​ន៍​ដល់​សិស្ស​ថ្នាក់​ទី​១២ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

Views: 1

​ភ្នំពេញ​៖​សាលា ប៊ែ​ល​ធី អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២៣ បានរៀបចំ​កម្ម​ពិធី​សំណេះសំណាល និង​ចែករំលែក​បទពិសោធន៍​សិក្សា​របស់​សិស្ស​ប៊ែ​ល​ធី និទ្ទេស A ចំនួន ៦៧​រូប ជូន​ដល់​សិស្ស​ថ្នាក់​ទី​១២ ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​នាពេល​ខាង​មុននេះ ប្រមាណ ១,០០០​នាក់ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោកស្រី​។​

​លោក ប៊ុត ឌី​ម៉​ង់ ប្រធានការិយាល័យ​ចំណេះ​ទូទៅ​បានឱ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែ​ល​ធី អន្តរជាតិ មាន ២៦​សាខា ក្នុងនោះ ២៤​សាខា​កំពុងដំណើរការ និង ២​សាខា​កំពុង​សាងសង់ ដែលមាន​បុគ្គលិក​បម្រើការ​សរុប​ចំនួន ២,៤៤៦​នាក់ (​នារី ១,០០៨​នាក់​)​និង​មាន​សិស្សានុសិស្ស​កំពុង​សិក្សា​សរុប​ចំនួន​៦០,៥៥៩​នាក់ (​នារី ២៩,២៩២​នាក់​)​។​

​គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២១-២០២២ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​សិស្ស​ថ្នាក់​ទី​១២ ដែល​បាន​ប្រឡង​បញ្ចប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ចំនួន ១៧,១០០​នាក់ (​ដប់​ប្រាំ​ពីរពាន់ មួយរយ​នាក់​) ក្នុងនោះ ជាប់ ១៤,៣៩៨​នាក់ (​ដប់​បួន​ពាន់ បី​រយ​កៅសិប​ប្រាំ​បីនាក់​) ស្មើនឹង ៨៤.២០%​និង​ទទួលបាន សិស្ស​និទ្ទេស​A ចំនួន ២៧៨​នាក់ មាន​សិស្ស​ពូកែ​ទូទាំង​រាជធានី ចំនួន ៩០​នាក់ និង​ទូទាំងប្រទេស ចំនួន ២០​នាក់​។ ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ទទួលបាន​សញ្ញាបត្រ​ចំនួន​ពីរ​៖ ១-​ចេញ​ដោយ សាលា ប៊ែ​ល​ធី អន្តរជាតិ និង ២-​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សញ្ញាបត្រ​ទាំងពីរ​នេះ ត្រូវបាន​ដាក់ បញ្ចូល (Upload) ទៅក្នុង វែបសាយ​របស់​ប៊ែ​ល​ធី ដើម្បី​ទុកជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់រូប​ទាញយក (Download) ប្រើប្រាស់​ជា​ផ្លូវការ​ផងដែរ​។

​ក្នុង​ពិធី​នេះដែរ សិស្ស​និទ្ទេស A ចំនួន ៥​រូប តំណាង​សិស្ស​និទ្ទេស A ទាំង ៦៧​រូប បាន​ចែករំលែក​បទ ពិសោធន៍​ជោគជ័យ​ដែលមាន​កត្តា​រួមផ្សំ​សំខាន់ៗ​ចំនួន​៤ គឺ ១-​កត្តា​ខ្លួនឯង​៖ ត្រូវខិតខំ​សិក្សា​រៀនសូត្រ និង​មាន​គោលដៅ​, ២-​កត្តា​គ្រួសារ​៖ មាតាបិតា​ផ្តល់ឱកាស​សិក្សា និង​ជំរុញ​លើកទឹកចិត្ត​បុត្រ​ធីតា​, ៣-​កត្តា​សាលា​៖ មាន​កម្មវិធីសិក្សា​ល្អៗ កម្មវិធីសិក្សា​បន្ថែម​ទាំង​៩ គ្រូ​មាន​សមត្ថភាព បទពិសោធន៍ និង​គរុកោសល្យ ព្រមទាំង មាន BELTEI App ជា​ជំនួយ ស្មារតី​ក្នុងការ​សិក្សា និង ៤-​កត្តា​សង្គម​៖ ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ស្ថិរភាព និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ ដែល​ធ្វើឱ្យ​សិស្ស​មានឱកាស​បាន​រៀនសូត្រ ខ្ជាប់ខ្ជួន​ទៅតាម​កម្មវិធីសិក្សា​រប​ស់​ក្រសួង និង​សាលា​បានដាក់ចុះ​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត លី ឆេង បាន​កោតសរសើរ​ចំពោះ សិស្ស​និទ្ទេស A ទាំង ៦៧​រូប និង​សិស្ស ជ័យលាភី​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​សិក្សា​រៀនសូត្រ ស្តាប់​គ្រូ​ពន្យល់ គោរព​បទបញ្ជាផ្ទៃក្នុង មាន​វិន័យ សីលធម៌ និង​គុណធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គមជាតិ​រហូត​ទទួលបាន​ជោគជ័យ​នាពេល នេះ​។ ជាពិសេស​បាន​ចែករំលែក​បទពិសោធន៍​ជោគជ័យ​របស់ខ្លួន ជូន​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ ដើម្បី​ជា​ទុន​សម្រាប់​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ខាង​មុននេះ​។ លោក​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា និង អាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​ផ្តល់ឱកាស និង​ជំរុញ​កូនៗ​ឱ្យ​សិក្សា​បន្ថែម​នៅផ្ទះ ធ្វើ​កិច្ចការ​ផ្ទះ និង​គោរព​វិន័យ សាលា​ព្រមទាំង​សហការ​យ៉ាង​ជិតស្និត​ជាមួយ​គណៈ​គ្រប់គ្រង​នៅតាម​បណ្តា​សាខា​នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ​។ លោក​បណ្ឌិត ក៏បាន​ជម្រាប ជូន​អង្គពិធី​ទាំងមូល​អំពី​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព ដែល​យើងទាំងអស់គ្នា​ត្រូវ​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ គ្រប់ៗ​ជំនាន់​។

​លោក​បណ្ឌិត លី ឆេង និង​លោកស្រី បានប្រគល់​លិខិត​សរសើរ និង​ប្រាក់រង្វាន់​ជូន​ដល់​សិស្ស​និទ្ទេស A ទាំង ៦៧​រូប ព្រមទាំង​នាយក​សាខា និង​លោកគ្រូ​-​អ្នកគ្រូ ថ្នាក់​ទី​១២ ដែលមាន​ស្នាដៃ​បង្រៀន​សិស្ស​ទទួលបាន​និទ្ទេស A ចំនួន ១៥៣​រូប នាពេលនោះ​ផងដែរ​៕​Ph

Post navigation