Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិស្សានុសិស្សនៃអនុវិទ្យាល័យព្រៃព្រាល ធ្វើទស្សនកិច្ចសិក្សា​ ឆ្ពោះទៅកាន់វិទ្យាស្ថាន បច្ចេកវិទ្យា កំពង់ឈើទាល និងប្រាសាទសំបូរព្រៃគុក

Views: 1

ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក អ៊ុត វណ្ណរីន មេឃុំត្រពាំងឫស្សី លោក ម៉ាក់ សាន់នី នាយកសាលាអនុវិទ្យាល័យព្រៃព្រាល លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ លោក សំ ធារ៉ា នាយកវិទ្យាល័យអនុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល លោកស្រី ជា សោភារី ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ នៃអាជ្ញាធរជាតិសំបូរព្រៃគុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៦០ នាក់ នៃអនុវិទ្យាល័យព្រៃព្រាល បានអញ្ជើញចូលរួម ដំណើរទស្សនកិច្ចសិក្សា ទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល និងប្រាសាទសំបូរ ព្រៃគុក។

លោក ម៉ាក់ សាន់នី នាយកសាលាអនុវិទ្យាល័យព្រៃព្រាល បានលើកឡើងថា គោលបំណង នៃទស្សនកិច្ចសិក្សា នៅថ្ងៃនេះ ដើម្បីពង្រឹងការសិក្សាបន្ថែម របស់សិស្ស ដោយផ្សារភ្ជាប់ការសិក្សាទ្រឹស្ដី ទៅនឹងការអនុវត្តជាក់ស្ដែង ស្វែងយល់ពីប្រវត្តិ ប្រព័ន្ធសិក្សាជំនាញ និងផលិតផល សេវាកម្មរបស់វិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល ការសិក្សាស្វែងយល់ ពីតំបន់ប្រវត្តិសាស្រ្ត ប្រាសាទសំបូរព្រៃគុក លើកទឹកចិត្តដល់សិស្ស ដែលខិតខំសិក្សា ពេញមួយឆ្នាំសិក្សា និងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស។

លោក សំ ធារ៉ា នាយកវិទ្យាល័យអនុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល បានលើកឡើង ពីសារប្រយោជន៍ នៃទស្សនកិច្ចសិក្សារបស់សិស្ស គឺបានធ្វើបទបង្ហាញពី បច្ចេកទេសជំនាញផ្សេងៗ នៅវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល។ សម្រាប់បេសកកម្ម បង្ហាញពីការផ្តល់នូវកម្មវិធីអប់រំ ពីរប្រព័ន្ធសម្រាប់វិទ្យាល័យ (ផ្នែកអប់រំចំណេះទូទៅ និងអប់រំបច្ចេកទេស) ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ផ្តោតលើបច្ចេកវិទ្យា ឧស្សាហកម្ម និងកសិកម្ម និងបណ្ដុះបណ្តាលបំណិនជីវិត និងគ្រូបង្រៀនបច្ចេកទេស។ ផ្តល់សេវាកម្ម ក្នុងការបង្កើនសមត្ថភាព ការបង្រៀនជំនាញ បំណិនជីវិត និងគ្រូបងៀនបច្ចេកទេស។ ស្រាវជ្រាវបង្កើតបច្ចេកវិទ្យាថ្មី និងច្នៃប្រឌិតថ្មី សម្រាប់ការអភិវឌ្ឍ។ ផ្តល់សេវាផ្នែកបច្ចេក ទេស និងជំនាញវិជ្ជាជីវៈដល់សហគមន៍។ ចូលរួមថែរក្សាការពារនូវ វប្បធម៌​ និងបរិស្ថាន ក្នុងសហគមន៍។

លោកស្រី ជា សោភារី ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ នៃអាជ្ញាធរជាតិ សំបូរព្រៃគុក បានថ្លែងថា សិស្សានុសិស្ស យល់ដឹងពីការបញ្ចូលប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌ ពិភពលោក នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧ ដោយមានលក្ខខណ្ឌយ៉ាងតិចចំនួន ៦ ចំណុច ទើបទទួលបានជាបេតិកភណ្ឌពិភពលោក ដើម្បីប្រជាជនកម្ពុជាទទួលស្គាល់ ជាសម្បត្តិ វប្បធម៌ យ៉ាងពិតប្រាកដ។

លោកស្រី បានបន្តទៀតថា សម្រាប់ទស្សនកិច្ចសិក្សា ថ្ងៃនេះ គឺចង់បង្ហាញពីប្រវត្តិនៃ ប្រាសាទសំបូរព្រៃគុក ជាតំបន់ឦសានបុរៈ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកទស្សនា ជារៀងរាល់ថ្ងៃ ព្រមទាំងចូលរួមថែរក្សាប្រវត្តិសាស្ត្រ ឲ្យបានគង់វង្សយូរអង្វែង។

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានលើកឡើងថា សម្រាប់ទស្សនកិច្ច របស់សិស្សានុសិស្ស នៃអនុវិទ្យាល័យព្រៃព្រាល ថ្ងៃនេះ គឺបានបណ្ដុះនូវធនធានមនុស្ស ឱ្យបានទូលំទូលាយ ពីការសិក្សារៀនសូត្រ ភ្ជាប់នឹងការអនុវត្តជាក់ស្ដែង នៅតាមសាលា ឬរមណីយដ្ឋាន ដើម្បីដកស្រង់បទពិសោធន៍ល្អៗ យកទៅអនុវត្ត នូវមូលដ្ឋាន និងបង្រៀន ដល់សិស្សជំនាន់ក្រោយ។ សូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ និងលោកនាយក សាលា ដែលបានលះបង់ពេលវេលា ដ៏មានតម្លៃ មកទស្សនកិច្ចផ្ទាល់ នៅស្រុកប្រាសាទ សំបូរនេះ សូមសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ និងរក្សានូវវប្បធម៌ ប្រពៃណីខ្មែរ យើង ឱ្យបានល្អ ពិសេសគឺ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ឱ្យបានគ្រប់ៗគ្នា៕ V / N

Post navigation