Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្លាប់​១១​នាក់​ខណៈ​រញ្ជួយ​ដី​វាយប្រហារ​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រញ្ជួយ​ដី​កម្រិត ៦,៥ រិ​ច្ឆ​ទ័របាន​វាយប្រហារ​ផ្នែក​ភាគច្រើន​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី​២១​មីនា​ដោយ​នាំ​ឱ្យ​អ្នកស្រុក​ដែល​ភ័យ​​ស្លន់ស្លោ​រត់​ចេញពីផ្ទះ​និង​ការិយាល័យ និង​បណ្តាលឱ្យ​មនុស្សម្នា​មាន​ការភ័យខ្លាច​នៅ​តាម​ភូមិ​ដាច់ស្រយាល​។ យ៉ាងហោច​ណាស់​មនុស្ស ១១ នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​ទាំង​ពីរ​។​

​លោក ប៊ី​ឡាល់ ហ្វៃ​ហ្ស៊ី (Bilal Faizi) អ្នកនាំពាក្យ​សេវា​សង្គ្រោះ​បន្ទាន់​របស់​ប៉ា​គី​ស្ថាន​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AP​ថា មនុស្ស​ជាង ១០០​នាក់​ត្រូវបាន​នាំយក​ទៅ​មន្ទីរពេទ្យ​នៅ​តំបន់​​ជ្រលង​ស្វាត (Swat) នៃ​ខេត្ត​ឃីបឺ​ប៉ាក់​ទុន​ក្វា (Khyber Pakhtunkhwa) ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុងស្ថានភាព​តក់ស្លុត​។​

​លោក​បាន​បន្តថា “​មនុស្សម្នា​ដែល​រន្ធត់​ទាំងនេះ​បាន​ដួលសន្លប់ ហើយ​ខ្លះ​ទៀត​ដួល​ដោយ​សារ​រញ្ជួយ​ដី​”​។ លោក​ហ្វៃ​ហ្ស៊ី​បាន​និយាយថា មនុស្ស​ភាគច្រើន​ត្រូវបាន​រំសាយ​ចេញពី​មន្ទីរពេទ្យ​អស់ហើយ​។​

​លោក​ហ្វៃ​ហ្ស៊ី​និង​មន្ត្រី​ផ្សេង​ទៀត​បាន​និយាយថា មនុស្ស​ប្រាំបួន​នាក់​បាន​ស្លាប់​នៅពេល​ដំបូល​បាក់​រលំ​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​ភាគ​ពាយព្យ​ប៉ា​គី​ស្ថាន​។​មនុស្ស​រាប់​សិប​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​​រញ្ជួយ​ដី​នេះ ដែល​ស្ថិតនៅ​កណ្តាល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​មាន​រំ​ញ័រ​ដល់​ព្រំដែន​ជាប់​ប្រទេស​តាជី​គី​ស្ថាន​ផងដែរ​។

​រញ្ជួយ​ដី​បាន​បង្ក​ឱ្យ​មាន​ការបាក់​ដី​នៅ​តំបន់​ភ្នំ​មួយ​ចំនួន ដែល​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​។​

​លោក តៃ​មួ ខាន់ (Taimoor Khan) អ្នកនាំពាក្យ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​នៅ​ភាគ​ពាយព្យ​នេះ បាន​និយាយថា យ៉ាងហោច​ណាស់​ផ្ទះ​សង់​ពី​ឥដ្ឋ​ចំនួន ១៩​ខ្នង​បាន​ដួលរលំ​នៅ​ក្នុង​​តំបន់​ដាច់ស្រយាល​។ លោក​បាន​និយាយថា “​យើង​កំពុងតែ​ប្រមូល​ទិន្នន័យ​អំពី​ការខូចខាត​”​។​

​រញ្ជួយ​ដ៏​ខ្លាំងក្លា​នេះ​បាន​នាំឱ្យ​មនុស្ស​ភាគច្រើន​ភៀសខ្លួន​ចេញពីផ្ទះ​និង​ការិយាល័យ​របស់​ពួកគេ​នៅក្នុង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ​របស់​ប៉ា​គី​ស្ថាន ដោយ​ខ្លះ​សូត្រ​តាម​គម្ពីរ​កូអា​ន​។ ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​លើកឡើង​ថា ស្នាម​ប្រេះ​បាន​លេចឡើង​នៅតាម​អគារ​ផ្ទះល្វែង​មួយចំនួន​ក្នុង​ទីក្រុង​៕

​បុគ្គលិក​ពេទ្យ​ប៉ា​គី​ស្ថាន​ដឹក​អ្នករបួស​មក​មន្ទីរពេទ្យ​នៅ​តំបន់​ជ្រលង​ស្វាត

​អ្នកស្រុក​ដែល​ភ័យ​ស្លន់ស្លោ​រត់​ចេញពីផ្ទះ​និង​ការិយាល័យ

Post navigation