Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់នៅក្នុងការជ្រៀតជាន់គ្នាក្នុងចំណោមហ្វូងមនុស្សក្នុងទីក្រុងការ៉ាជី (Karachi) ភាគខាងត្បូងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រទី៣១មីនា ខណៈការចែកទាននៃបុណ្យរ៉ាម៉ាដនបានបង្កឱ្យមានការជ្រៀតជាន់គ្នានៅក្នុងប្រទេសដែលរងគ្រោះដោយអតិផរណានេះ។
ប៉ាគីស្ថានបានទទួលរងនូវភាពចលាចលផ្នែកសេដ្ឋកិច្ចអស់រយៈពេលជាច្រើនខែ ដោយប្រាក់រូពីដាំក្បាលចុះ និងតម្លៃស្បៀងអាហារបានឡើងថ្លៃជិត ៥០ ភាគរយខណៈប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិតុល្យភាពនៃការទូទាត់ ដោយបង្ខំឱ្យមានការចរចាជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
លោក ហ្វីដា ចានវ៉ារី (Fida Janwari) មន្ត្រីប៉ូលិសជាន់ខ្ពស់នៅសង្កាត់បាល់ឌៀថោន (Baldia Town) ភាគខាងលិចទីក្រុងការ៉ាជី បាននិយាយថា ការរត់ជាន់គ្នាបានកើតឡើងនៅពេលស្ត្រីខ្វះខាតនិងកុមារជាច្រើននាំគ្នាសម្រុកចូលរោងចក្រ ដែលចែកអាហារ។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ការភ័យស្លន់ស្លោបានផ្ទុះឡើង ហើយមនុស្សបានចាប់ផ្តើមរត់ប្រសាច”។
មន្ត្រីរដ្ឋបាលក្នុងតំបន់បាននិយាយថា មនុស្សពី ៦០០ ទៅ ៧០០ នាក់បានប្រមូលផ្តុំគ្នានៅក្នុងបរិវេណឧស្សាហកម្មតូចមួយនេះ។
ហ្វាទីម៉ា នួ (Fatima Noor) អាយុ ២២ ឆ្នាំ ដែលប្អូនស្រីរបស់ខ្លួនបានស្លាប់នៅក្នុងការគាបជាប់គ្នានេះ បានបន្ថែមថា “នៅពេលពួកគេបើកទ្វារធំ មនុស្សទាំងអស់បានប្រញាប់ប្រញាល់សម្រុកចូល”។
អ្នកនាំពាក្យលោក មូហាម៉ាត់ ហ្វារ៉ូក (Muhammad Farraukh) បាននិយាយថា សាកសពស្ត្រី៦នាក់ និងកុមារ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕


មនុស្ស១១នាក់ស្លាប់ដោយសារគាបជាប់គ្នាក្នុងរោងចក្រតូចមួយដែលចែកទានដល់អ្នកខ្សត់ខ្សោយនៅប៉ាគីស្ថានកាលពីថ្ងៃសុក្រ