Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ចេញសសេចក្តីថ្លែងការណ៍គាំទ្រកំណើនប្រាក់ឈ្នួលឆ្នាំ២០២៤

Views: 2

ដោយ:ដេប៉ូ/ភ្នំពេញ:សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៤ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះកម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិតនៅគ្រប់កាលៈទេសៈ។

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបនឹងសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរ៤ដុល្លារថែមទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតនៅឆ្នាំ២០២៤ឡើងដល់ ២០៤ដុល្លារ។ ៤ដុល្លារដែលដំឡើងនេះ ២ដុល្លារ ជាការព្រមព្រៀងរវាងភាគីថៅ និងកម្មករ និយោជិត ហើយ ២ដុល្លារទៀត ជាការបន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «យើងខ្ញុំជាថ្នាក់ដឹកនាំ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា សូមប្រកាសគាំទ្រចំពោះលទ្ធផលន ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូបសម្រាប់ ឆ្នាំ២០២៤ ដែលត្រូវបានដំឡើងដល់ ២០៤ដុល្លារអាម៉េរិក ក្នុង ១ខែ ហើយបើបូកនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត បងប្អូនកម្មករនិយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួលប្រចាំខែចន្លោះ ២២១ ដុល្លារអាម៉េរិក រហូតដល់ ២៣២ដុល្លារអាម៉េរិក។ បន្ថែមលើសនេះ បងប្អូនកម្មករនិយោជិតទាំងអស់ក៏ទទួលបានផងដែរ នូវអត្ថប្រយោជន៍ពីការអនុវត្តរបបសន្តិសុខសង្គម ការអនុវត្តកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីដែល មានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ និងការកាត់បន្ថយបន្ទុកចំណាយផ្សេងៗ ជាពិសេសការរក្សាលំនឹងនៃថ្លៃឈ្នួលផ្ទះ តម្លៃអគ្គិសនី និងទឹក ស្អាតផងដែរ»។

សេចក្តីថ្លែងការណ៍បន្តថា «យើងខ្ញុំសង្កេតឃើញថា ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា នៅតែបន្តធ្វើជារៀងរាល់ឆ្នាំ ហើយក៏មានការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ដែលធ្វើឡើងស្របតាមលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចនិងសង្គម និងទិន្នន័យពីប្រភពផ្លូវការ រួមជាមួយនឹងការគិតគូរវែងឆ្ងាយដោយផ្តោតសំខាន់ក្នុងការរក្សានូវការងារ និងវិនិយោគដែលជាប្រភពចំណូល របស់បងប្អូនកម្មករនិយោជិត ខណៈមិនទាន់មានប្រទេសនៅក្នុងតំបន់ក្លាហានក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមានេះនៅឡើយទេ»។
សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ពិតជាមានមោទនភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែង យកចិត្តទុកដាក់ចំពោះកម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិតនៅគ្រប់កាលៈទេសៈ ជាពិសេសសម្ដេចធិបតី ពិតជាមានចក្ខុវិស័យវែងឆ្ងាយដែលសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៤នេះ ដើម្បីបន្តថែរក្សាឱ្យបាននូវនិរន្តរភាព អាជីវកម្មរបស់រោងចក្រនាំចេញ និងរក្សានូវមុខរបរនិងការងារ ដែលជាប្រភពចំណូលរបស់បងប្អូនកម្មករនិយោជិត បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោករួមទាំងកម្ពុជាផង កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងនៃវិបត្តិសេដ្ឋកិច្ចសកលដែលនាំឱ្យតម្រូវការមានការថយចុះគួរអោយកត់សំគាល់ក៏ដោយ៕សរន

Post navigation