តៃវ៉ាន់ ៖ គណៈប្រតិភូសមាជិកសភាកាណាដា គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នៅខែតុលាខាងមុខ ដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច ចំពេលមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការបញ្ជាក់របស់សមាជិកសភាសេរីនិយមលោកស្រី Judy Sgro កាលពីថ្ងៃពុធ ទី ១៧ សីហា។
ទំនាក់ទំនងរវាងចិន និងអាមេរិកកាន់តែល្អកកករទៅៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីដើមខែសីហានេះ។ ចិនខឹងសម្បារយ៉ាងខ្លាំង និងបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅដែនទឹកជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនោះ។
ចិនបានដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងគ្រួសាររបស់គាត់។ ទីក្រុងប៉េកាំងក៏បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីលីទុយអានីផងដែរ ដែលបានធ្វើដំណើរទៅកាន់តៃវ៉ាន់ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីដំណើររបស់ប្រធានសភាអាមេរិក។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ សមាជិកសភា ៤រូបដែលដឹកនាំដោយសមាជិកព្រឹទ្ធសភាបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។ ចិនបានហៅដំណើរនេះជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
លោកស្រី Judy Sgro ថ្លែងថា «ចេតនានៃដំណើរទស្សនកិច្ចមិនដើម្បីរំខាន និងបង្កបញ្ហាសម្រាប់តៃវ៉ាន់ ឬសម្រាប់ចិននោះទេ។ វាដើម្បីពាណិជ្ជកម្ម ដើម្បីមិត្តភាព ដើម្បីឱកាសសម្រាប់កាណាដា»។
លោកស្រីបញ្ជាក់ថា សមាជិកសភាកាណាដា បានធ្វើដំណើរទស្សនកិច្ចរៀងរាល់ ២ឆ្នាំម្តងទៅកាន់កោះតៃវ៉ាន់កាលពីអតីតកាល ប៉ុន្តែបានផ្អាកដោយសារតែការរាតត្បាតកូវីដ ១៩។
លោកស្រីថ្លែងថា «នេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តសម្រាប់យើង ដើម្បីធានាថាទ្វារបើកចំហសម្រាប់ក្រុមហ៊ុនកាណាដានៅទីណាដែលមានឱកាសពាណិជ្ជកម្ម» ៕ (យោងតាមប្រភព៖ Reuters)