Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមិទ្ធផលសាធារណៈជាច្រើន រីកស្រស់បំព្រងលើផ្លូវតភ្ជាប់ និងមហាវិថីឈ្នះឈ្នះ ដើម្បីអបអរសាទរ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ

Views: 8

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រាជធានីភ្នំពេញ ជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងយ៉ាងល្អឯក គឺស្ថិតនៅលើចំណុច នៃប្រសព្វទន្លេបួន ហៅថា ទន្លេបួនមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពល ប្រកួតប្រជែងជាមួយ ការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ។

បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅចំនួនជាង ៣ លាននាក់ ក្នុងនោះ ប្រជាពលរដ្ឋ ស្នាក់នៅអចិន្ត្រៃយ៍ ប្រមាណ ២ លាននាក់ ស្នាក់នៅជា ​បណ្តោះអាសន្ន ដោយចេញ ចូលរកស៊ីនៅភ្នំពេញ មានប្រមាណ ១ លាននាក់។ ទន្ទឹមនឹងកំណើនប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានគិតគូរយ៉ាងខ្លាំង ពីការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យសមជាទីក្រុងស៊ីវិល័យ រហូតជះឥទ្ធិពល យ៉ាងឆាប់រហ័ស ក្នុងឆាកតំបន់ និងពិភពលោក ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើន ក្នុងឋានៈជាប្រធានប្តូរវេន នៅឆ្នាំ២០២២ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ាន សហភាពអឺរ៉ុប, វេទិកាអន្តរសភាពអាស៊ាន និងកិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលបានធ្វើឡើង នៅរាជធានីភ្នំពេញ ហើយ រាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ធ្វើជាប្រធាននៃកិច្ចប្រជុំ ដែលទទួលបានជោគជ័យ យ៉ាងធំធេង ធ្វើឲ្យកិត្យានុភាពរបស់កម្ពុជា ល្បីរន្ទឺលើឆាកអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយ គិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបាន ការកោតសរសើរ ពីបណ្តាអភិបាលទីក្រុង នៃបណ្តាប្រទេសអាស៊ាន ដែលបានសំរេចជោគជ័យ ក្នុងការដឹកនាំកិច្ចប្រជុំនេះ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត គឺរាជធានីភ្នំពេញ ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើង ត្រៀមទទួល ការរៀបចំការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង យ៉ាងពេញទំហឹង ក្នុងការរៀបចំកែលំអសោភ័ណភាព ក្នុងរាជធានីភ្នំពេញ ពិសេសការជួសជុល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានផ្លូវ, ដាក់ប្រព័ន្ធលូ, កែលំអសួនច្បារ បំពាក់ភ្លើងបំភ្លឺសាធារណៈ បំពាក់ភ្លើងចម្រុះពណ៌ និងការងារជាច្រើនទៀត ដែលបំរើឲ្យការងារត្រៀម ប្រកួតកីឡាស៊ីហ្គេម នាពេលឆាប់ៗ ខាងមុខនេះ ជាពិសេសនៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ជាតំបន់សក្ដានុពលដ៏សំខាន់ ជាតំបន់សេដ្ឋកិច្ច ពាណិជកម្ម ទេសចរណ៍ ជាប់ដងទន្លេសាប មានស្ពានបេតុងព្រែកព្នៅដ៏វែង។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្ថាបនាផ្លូវថ្មី ទាំងស្រុងចំនួន ២ ខ្សែទៀត ដើម្បីសម្រួលដល់ ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរ ក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នេះផងដែរ។ ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាប ផ្នែកខាងកើត បែកខ្នែងជា ២ ផ្នែក ឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ ២០ ម៉ែត្រ ប្រវែងជាង ៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ១០០% ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺ សាធារណៈ។ ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ ២០ ម៉ែត្រ ប្រវែងជាង ៥ គីឡូម៉ែត្រ ដោយសម្រេចការ សាងសង់បាន ១០០% ហើយដែរ។ នៅចំពីមុខកីឡដ្ឋានជាតិមកតតេជោ មានមហាវិថីឈ្នះ ឈ្នះ មួយខ្សែ យ៉ាងស្អាត ស្ថិតនៅចន្លោះផ្លូវជាតិលេខ៥ និងលេខ៦ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាផ្លូវនៅចំទីតាំង ត្រូវរៀបចំពីធីនេះតែម្តង។

គួរបញ្ជាក់ថា ចំពោះវិសាលភាព ការងារជួសជុលកែលំអនេះ ត្រូវបានផ្តោតសំខាន់ នៅតាមមហាវិធីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ ត្រើយខាងកើត ដល់ផ្លូវជាតិ លេខ៦ ស្ថិតក្នុងសង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយប្រើប្រាស់ក្រុមកម្មករ កម្មការនី ជិតមួយពាន់នាក់ កំពុងធ្វើសកម្មភាព យ៉ាងមមាញឹក ដែលការងារទាំងអស់ នឹងសម្រេចឲ្យរួចរាល់ នៅដើមខែមេសា ឆ្នាំ២០២៣ ស្របតាមបទដ្ឋានបច្ចេកទេស ក្នុងនោះមានការងារ ដាក់ប្រព័ន្ធលូទាំង សងខាងផ្លូវ មានទាំងលូជ្រុង លូមូលមុខកាត់ ពី១ម៉ែត្រ ទៅ ២ម៉ែត្រ មានប្រវែង ៧.៣៤០ ម៉ែត្រ ទទឹង ៩ម៉ែត្រ។ ក្រៅពីនេះ នៅមានការងារជួសជុលគ្រឹះផ្លូវ និង ចាក់បេតុងឆ្អឹងដែក កម្រាស់ ២៥ cm តាមទីតាំងដែលខូចគ្រឹៈមានផ្ទៃក្រឡាសរុប ៥៨.៥០០ ម៉ែត្រការ៉េ, ការងារអ៊ុតកៅស៊ូ AC កំរាស់ ១០០ mm, ការងារគូស គំនូស សញ្ញាចរាចរណ៍ និងតំឡើងស្លាកសញ្ញាចរាចរ,ការងាររៀបចំខឿន និងចិញ្ចើមផ្លូវថ្មើជើង ដោយក្រាលការ៉ូឡា, ការរៀបចំសួនច្បារកណ្តាលទ្រូងផ្លូវ មានទទឹង ៦ម៉ែត្រ រួមទាំងការដាំស្មៅ ដាំដើមឈើរៀបប្រព័ន្ធទឹក ប្រព័ន្ធភ្លើងទៅ តាមគោលដៅនៃគម្រោងឲ្យបានរួចរាល់ ត្រឹមដើមខែមេសា មុននៃការប្រកួតកីឡា ស៊ីហ្គេមនិងប៉ារ៉ាហ្គេម ចាប់ផ្តើម។ ការជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធនេះ ធ្វើឡើងដោយម៉តចត់ តាមបទដ្ឋានបច្ចេកទេស រួមចំណែកលើកកំពស់សោភ័ណ ភាព បរិស្ថាន រាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រងស័ក្តិសម ជាទីក្រុងស៊ីវិល័យ និងស្មើមុខស្មើភាព ជាមួយបណ្តាទីក្រុងនានា ក្នុងតំបន់ផងដែរ។ ការអភិវឌ្ឍន៍ រាជធានីភ្នំពេញ ផ្តើមចេញពីប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ ពេញផ្ទៃប្រទេស តាមនយោបាយឈ្នះ ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពដ៏ឆ្នើម៕ V / N

Post navigation