ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហោះសារ ចូលរួមអបអរសាទរខួប ២ ឆ្នាំ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០) នៃការបញ្ចូលល្ខោន ខោល ក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
តាមរយៈផេកហ្វេសបុកផ្លូវការ របស់ម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាៈ “នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គឺជាខួប ២ ឆ្នាំ ដែលល្ខោនខោល ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០)”។
«ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាល អស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូល ក្នុងបញ្ជីបេតិកភ័ណ្ឌ ពិភពអរូបី នៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំ លើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ការដាក់បញ្ចូល «ល្ខោនខោល » ទៅក្នុងបញ្ជីអរូបី នៃមនុស្សជាតិ នាពេលនេះ គឺជាការរួមចំណែក ធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណា ចក្រកម្ពុជា កាន់តែល្បីសុះសាយ ទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជា ក្លាយជាតួអង្គ កាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរ គ្រប់ៗរូប៕/V