Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ នៅប្រទេសសិង្ហបុរី

Views: 6

ដោយៈមុនីរ័ត្ន/ភ្នំពេញ : តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈឺបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើប្រធានបទសំខាន់ៗ រួមមានៈ បញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសផងដែរ រួមមានៈ សន្តិសុខនៃប្រព័ន្ធអ៊ីនធឺណិត ការអភិវឌ្ឍសម្ថភាពយោធា ការធ្វើសមតុល្យភាព ក្នុងតំបន់

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញ ថ្លែងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្តីពីការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការ អភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សា តុល្យភាពស្ថិរភាពតំបន់។

អំឡុងពេលកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ក៏មានកិច្ចប្រជុំរួមមួយ នៃរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួន។

ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្ដេចពិជ័យសេនា ក៏នឹងមានជំនួបពិភាក្សាការងារ ទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសមួយចំនួន ដូចជា អូស្ត្រាលី សិង្ហបុរី និងចិន ក៏ដូច ជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនសំខាន់ៗ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕/PC

Post navigation