Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចប្រធានរដ្ឋសភាចាត់ទុកដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ីកាន់តែរឹងមាំថែមទៀត

Views: 2

ដោយៈសុផល/ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសវនា ការជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃចន្ទទី២៧ខែមីនាឆ្នាំ២០២៣នេះនៅវិមានរដ្ឋសភាខណៈដែលលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងជំនួប ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេច មានសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទំាងអស់។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី នាពេលនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការពូន ជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាងប្រាំមួយទសវត្សមកនេះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

ចំណែកលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភាដែលបានទទួលស្វាគមន៍និ បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូ។លោកបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកនាពេលនេះនឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្តេចប្រធានរដ្ឋសភា មានសេចក្តីរីករាយក្រៃលែងដោយ សងេ្កតឃើញថា រដ្ឋាភិបាលទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ទំាងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជា ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ។ ដោយឡែក ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្រុមមិត្តភាពរដ្ឋសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិកម្ម រដ្ឋសភាទាំងពីរក៏បានគាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនិងការអភិវឌ្ឍ នៅកម្ពុជា។ តាមរយៈឯកឧត្តមនាយករដ្ឋមន្រ្តី សម្តេចបានផ្តាំផ្ញើសាកសួរសុខទុក្ខថ្នាក់ដឹកនាំសភាម៉ាឡេស៊ីទាំងអស់រដ្ឋសភាកម្ពុជាត្រៀមធ្វើកិច្ចសហប្រតិបត្តិ ការជិតស្និទ្ធជាមួយសភាម៉ាឡេស៊ី៕សរន / N

Post navigation