Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីថៃ

Views: 2

ដោយ:សុផល/ភ្នំពេញ:សម្តេចវិបុលសេ​នាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា​ ​​នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បបានទទួលជួបលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅវិមាន​ព្រឹទ្ធសភា ក្នុង​ឱកាស​ដែល​ឯកឧត្តមដឹកនាំគណៈ​ប្រតិភូ​មកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងក្នុងនាមសម្តេចផ្ទាល់ សម្តេច ប្រមុខរដ្ឋស្តីទីបានសម្តែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្របំផុតចំពោះលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានជ្រើសរើសប្រទេស កម្ពុជា ជាប្រទេសដំបូងសម្រាប់បំពេញទស្សនកិច្ចជាផ្លូវការ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាឱកាសនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំ ស៊ីជម្រៅថែមទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកទាំងពេលបច្ចុប្បន្ន និងពេលអនាគត សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានសភានៃព្រះរាជាណាចក្រថៃ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣០ នៃព្រះរាជាណាចក្រថៃ ហើយត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្រ្តី។

​នៅក្នុងឱកាសនោះ លោក សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ​ដែលបានចំណាយ ពេលដ៏មានតម្លៃទទួលជួបលោក និងគណៈប្រតិភូនាពេលនេះ។ លោកនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំបេញទស្សនកិច្ចជាលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខ ប្រទេសនិងប្រជាជនទាំងពីរនឹងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែល្អប្រសើរឡើងថែមទៀត។
លោកនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រមុរដ្ឋស្តីទីអំពីលទ្ធផលនៃជំនួបពិភាក្សារវាងឯកឧត្តម ជាមួយនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង វិស័យការទូត ការវិនិយោគ ការពារជាតិ និងបញ្ហាពលកររបស់ប្រទេសកម្ពុជាដែលបាននឹងកំពុងទៅធ្វើការនៅប្រទេសថៃ ដើម្បីធ្វើយ៉ាងណាឱ្យពលករទាំងនោះទទួលបានការស្នាក់នៅ និងធ្វើការបានកាន់តែងាយស្រួលជាងមុន។
លោកនាយករដ្ឋមន្រ្តីបានសម្តែងនូវសេចក្តីរីករាយ ដែលព្រះមហាក្សត្រនៃប្រទេសទាំងពីរមានទំនាក់ទំនងល្អ។ ក្នុងនោះ ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សារិនថន បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសថៃប្រមាណជាង ២ពាន់នាក់។
លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា នាពេលអនាគត ការវិនិយោគទុនរវាងប្រទេសទាំងពីរនឹងមានការកើនឡើងច្រើងជាងអ្វីដែលបានគ្រោងទុកនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកមានជំនឿជឿជាក់ថា ចាប់ពីពេលនេះទៅប្រទេសទាំងពីរ នឹងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អលើវិស័យឧស្សា-ហកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។


ក្នុងឱកាសដ៏ល្អប្រពៃនេះ សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីយរាយដែលបានទទួលព័ត៌មាន អំពីជោគជ័យនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរនឹងបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាលមុនៗ បានខិតខំសម្រេចបានរួមគ្នានាពេលកន្លងមក។ សម្តេចបានលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរ បន្តជំរុញនិងសម្របសម្រួលនូវយន្តការនានាដែលមានស្រាប់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ជាពិសេសការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។
ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរនឹងបន្តរិះរកនូវយន្តការថ្មីៗបន្ថែមទៀត ដើម្បីបុព្វហេតុនៃការរីកចម្រើនរបស់ប្រទេសទាំងពីរ សម្រាប់នាំមកនូវវឌ្ឍនភាព វិបុលភាព សន្តិភាព ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ និងអន្តរជាតិ។
សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំមកជូនឯកឧត្តមនាយករដ្ឋមន្រ្តីថៃ នូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងសេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងជូនថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៃព្រះរាជាណា-ចក្រថៃ។
​សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រទេសថៃ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលគ្រប់ប្រការថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី និងថ្នាក់ដឹកនាំជាតិ និងប្រជាជនថៃ ទទួលបាននូវការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លា ប្រកប ដោយវិបុលភាព វឌ្ឍនភាព និងមានកិត្យានុភាពដ៏ខ្ពង់ខ្ពស់នៅលើឆាកអន្តរជាតិ៕សរន

Post navigation