Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ បញ្ជាឱ្យបោះបង្គោលធំៗសម្រាប់ព្រំដែនទឹកបឹងទន្លេសាប«ការពារបង្គោលចេះដើរ»

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវ​កសាង​បង្គោលព្រំ​ដែនទឹក​បឹង​ទន្លេសាប​ជា​បង្គោល​ធំ​ៗ ការពារ​កុំឱ្យ​បង្គោល​ចេះ​ដើរ និង​ត្រូវ​កាត់​ឆ្វៀល​ដី​ភូមិ និង​ចំការ​កាន់កាប់​ដោយ​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ ។

Picture

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ក្នុង​សេចក្តី​ថ្លែង​សារ​ពិសេស​មាន​រយៈពេល​ប្រមាណ​ជាង​៤៣​នាទី ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែឧសភា បាន​បញ្ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី ឯកឧត្តម ជា សុ​ផា​រ៉ា និង​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អាជ្ញាធរ​បឹង​ទន្លេសាប និង​អ្នក​ជាប់​ពាក់ព័ន្ធ​ធ្វើការ​ឱ្យ​បាន​ម៉ត់ចត់​លើ​បញ្ហា​បឹង​ទន្លេសាប​ដែល​កន្លង​បាន​ត្រូវ​បាន​ជនខិលខូច​លួច​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​បឹង​ដែល​ត្រូវ​បាន​បង្ក្រាប និង​រឹបអូស​យក​មក​វិញ​នា​ពេល​កន្លង​មក ។

Picture
រូបតំណាង

សម្តេច​បញ្ជាក់​ថា កាលពី​ម្សិលមិញ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែឧសភា សម្តេច​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ជូន​ឯកឧត្តម ជា សុ​ផា​រ៉ា បន្ត​ការ​ពិនិត្យ​តទៅ​ទៀត ។ ការ​ពិនិត្យ​នោះ​ដោយ​ផ្អែក​ទៅ​លើ​ការងារ ៣​សំខាន់ ។ ក្នុង​នោះ​សម្តេច​បាន​យក​គោលការណ៍ ២ មក​ថ្លឹងថ្លែង គឺ​ទី​១ រវាង​ទន្លេសាប​ដែល​ត្រូវ​ធ្វើការ​អភិរក្ស និង​ទី​២ គិតគូរ​កត្តា​មួយ​ចំនួន គឺ​ពាក់ព័ន្ធ​កត្តា​ប្រវត្តិសាស្ត្រ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ផង​ដែរ ដែល​តម្រូវ​ឱ្យ​យើង​ត្រូវធ្វើ​គោលការណ៍ ៣ នា​ពេល​ខាង​មុខ ។

Picture

ទី​១ -​ពិនិត្យ​ពិចារណា​ភូមិសាស្ត្រ​ជាក់ស្តែង​ក្នុង​ការ​កាត់​ឆ្វៀល​ចេញពី​តំបន់​២ ឬ​តំបន់​៣ សម្រាប់​ទីតាំង​ដែល​មាន​ប្រជាជន​រស់នៅ​ជាក់ស្តែង កើតជា​ភូមិក ជា​ឃុំ ជា​ស្រុក មា​នទី​វត្ត​អារាម ហើយ​ភូមិក​ខ្លះ គឺ​កើត​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ ។ «​នេះ​ជា​ចំណុច​ទី​១ ត្រូវ​តែ​ឆ្វៀល​ចេញ​តំបន់​២​ក្តី តំបន់​៣​ក្តី ដែល​ប្រជាជន​បាន​រស់នៅ​ជា​ភូមិក មាន​ទាំង​សាលារៀន មាន​ទាំង​វត្ត​អារាម យូរយារ​មក​ហើយ ។ មិន​អាច​ចាត់​ទុក​ថា តំបន់​៣ ត្រូវ​តែ​បោសសម្អាត​ប្រជាជន ហើយ​យក​ប្រជាជន​ចេញពី​តំបន់​នោះ​ទេ​» ។

Picture

ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​បណ្តេញ​ប្រជាជន​ចេញ​ដែល​នេះ​ជា​ចំណុច​ដែល​ត្រូវ​ជៀសវាង និង​ជា​ការ​ទទួលខុសត្រូវ​របស់​អាជ្ញា​ឃុំ ស្រុក ខេត្ត ដើម្បី​បញ្ជាក់​អំពី​អត្តសញ្ញាណ​កម្ម​ប្រជាជន​រស់នៅ និង​អាស្រ័យ​ផល​នៅ​ទីនោះ ។

ចំណុច​ទី​២ គឺ​ត្រូវ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣​ឡើង​វិញ ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង ពិសេស​ផ្ទៃដី​ដែល​ចាំបាច់ និង​សម​ហេតុ​សម​ផល​សម្រាប់​ការពារ​តំបន់​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប ក្នុង​ស្ថានភាព​ថ្មី​ដែល​មាន​រួច និង​ក្នុង​ស្ថានភាព​គោក​រាក់ ហើយ​ដែល​ប្រជាជន​ធ្លាប់​បង្កបង្កើន​ផល ។ «​អ៊ីចឹង ក្នុង​ចំណុច​នេះ យើង​មិន​ងាប់ក្រឡា​ទេ ។ ដោយសារ​តែ​កន្លែង​ខ្លះ គឺ​មានការ​គោក​រាក់ ហើយ​ប្រជាជន​បាន​ទៅ​ធ្វើស្រែ​ចំការ​នៅ​ទីនោះ​យូរណាស់​មក​ហើយ ។ អ៊ីចឹង យើង​មិន​មាន​ជា​ការ​លំបាក​ទេ យើង​ចុះហត្ថលេខា​បាន យើង​ក៏​អាច​លុប​វា​បាន ដើម្បី​កែសម្រួល​ព្រំប្រទល់​ដាក់​វា​ដូច​ជា តំបន់​ស្បែក​ខ្លា អំពាវនាវ​កុំឱ្យ​ប្រជាជន​កាប់​បន្ថែម​តែ​ប៉ុណ្ណឹង​» ។ ប៉ុន្តែ​សម្រាប់​ប្រជាជន ដែល​កំពុង​អាស្រ័យ​ផល​នៅ​ទីនោះ ហើយ​មិនមែន​ជា​ពួក​ថៅកែ ដែល​ទៅ​ធ្វើ​សកម្មភាព​កន្លង​ទៅ​ហើយ​ត្រូវ​បាន​យើង​ដកហូត គឺ​សម្រាប់​ប្រជាជន​បាន​អាស្រ័យ​ផល​នៅ​ទីនោះ​ដោយ​គ្មាន​កន្លែង​ផ្សេង​ទៀត​ត្រូវ​កែសម្រួល​លិខិតគតិយុត្ត និង​កែសម្រួល​បង្គោល​ជាដើម ។

Picture
រូបតំណាង

កិច្ច​ការងារ​នេះ ឯកឧត្តម ជា សុ​ផា​រ៉ា និង​ក្រសួង​ធនធានទឹក ក្រសួងកសិកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​កែសម្រួល​ឡើង​វិញ​ជូន​ប្រជាពលរដ្ឋ​របស់​យើង​។ ត្រូវ​ប្រើ​បង្គោល​ឱ្យ​ធំ ។ កុំ​ប្រើ​បង្គោល​តូច​ៗ គឺ​ត្រូវធ្វើ​បង្គោល​ធំ​ៗ គឺ​ធំ​ដូច​បង្គោល​ព្រំដែន ព្រោះ​ដោះ​បង្គោល​តូច​ៗ​ងាយ​រំកិល​ណាស់ ដូច្នេះ​ការ​បោះ បង្គោល​ធំ​ៗ​ក្នុង​បឹង​ទន្លេសាប​ជា​ព្រំប្រទល់​គឺ​ងាយ​ប្រជាពលរដ្ឋ​បានឃើញ និង​ពិសេស​ប្រើប្រាស់​បង្គោល​ធំ​ៗ​នឹង​ត្រូវ​ចំណាយ​ច្រើន តែ​បោះបង្គោល​ធំ​ៗ គឺ​ដើម្បី​ការពារ​បង្គោល​កុំឱ្យ​វា​ចេះ​ដើរ ។ បោះ​ឱ្យ​ញឹក និង​បង្គោល​ធំ​ៗ មិន​អាច ៣​គីឡូម៉ែត្រ មាន​បង្គោល​មួយ ឬ ៥​គីឡូម៉ែត្រ​មាន​បង្គោល​មួយ​នោះ​បាន​ទេ ត្រូវធ្វើ​បង្គោល​ឱ្យ​បាន​មាំទាំ​បន្តិច ។ ឯកឧត្តម​ជា សុ​ផា​រ៉ា និង​អាជ្ញាធរ​ខេត្ត​ទទួលខុសត្រូវ ៕