ដោយៈដេប៉ូ/ភ្នំពេញៈមន្ត្រីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅថ្ងៃស្អែកនឹងប្រព្រឹតទៅតាមការគ្រោងទុកដោយប្រតិបត្តិវិធានការសុខាភិបាលខ្ជាប់ខ្ជួនដូចមានចែងក្នុងSoPរបស់ក្រសួងអយក ចុះថ្ងៃ០៤សីហា២០២០។
លោករស់សុវាចាបានប្រាប់រស្មីកម្ពុជាឱ្យដឹងនៅព្រលប់ថ្ងៃទី២៩ខែវិច្ឆិកានេះថា”គ្រឹះស្ថានសិក្សាជាអ្នករៀបចំគ្រប់ដំណាក់កាលនៃការប្រឡងឌីប្លូមដូចឆ្នាំមុនដែរ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត-រាជធានីតាមការចាំបាច់”។
មន្ត្រីនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា៖ ការប្រឡងឌីប្លូមសម័យប្រឡង ៣០វិច្ឆិកានឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម ២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨.៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១.៧២៩ ស្មើនឹង ៧.១៤១ បន្ទប់ប្រឡង៕សរន