Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សង្គម​ស៊ីវិល​និង​សហជីព​ថា អាជ្ញាធរ កំពុង​គាំទ្រ​ឱ្យ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូដករ​ណាហ្គា​វើលដ៍

សង្គមស៊ីវិលនិង​សហជីព លើកឡើងថា សាលារាជធានីភ្នំពេញ​កំពុងគាំទ្រ​ឱ្យអាជ្ញាធរ​ប្រើប្រាស់​អំពើហិង្សា​លើ​កូដករ​ណាហ្គាវើលដ៍ ទើប​ព្រមាន​ចាត់វិធាន​ការ​លើ​កូដករ​ជា​ស្ត្រីរងគ្រោះ ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រើប្រាស់​អំពើ​ហិង្សា​បណ្ដាល​ឱ្យ​របួស​នោះ​។

កូដករ​ណាហ្គាវើលដ៍​ជា​ស្ត្រី៣នាក់ ត្រូវបានបញ្ជូន​ទៅមន្ទីពេទ្យភ្លាមៗ ក្រោយរង​អំពើហិង្សា​របស់សមត្ថកិច្ច​ដែលបាន​វាយ ទាត់ ធាក់ ពួកគេ​ក្នុង​អំឡុងពេល​នៃការតវ៉ា​នៅក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ក្រោយពីមាន​ព្រឹត្តិការណ៍នេះ សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែសីហា បានចេញ​​សេចក្ដីប្រកាសព័ត៌មានមួយ​ ដោយ​ចាត់ទុក​ការធ្វើ​កូដកម្ម​របស់​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជារឿង​ខុសច្បាប់​។

អាជ្ញាធរ​រាជធានីភ្នំពេញថា ការធ្វើកូដកម្ម​របស់​បុគ្គលិកណាហ្គាវើលដ៍ ជាការរៀបចំ​ដោយ​ក្រុមមនុស្សមួយ​ក្តាប់តូច​ដែលនៅ​ពីក្រោយ​ការរៀបចំ​ឈុត​ឆាក​សម្តែង ក្នុង​ន័យ​បង្កើតរូបភាព​អវិជ្ជមាន បង្ក​ការប៉ះពាល់​ដល់មុខមាត់​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ ហើយ​ក្រុមនេះ​បានបន្ត​ធ្វើ​ស​កម្មភាព​អាណា​ធិបតេយ្យ​យ៉ាង​គគ្លើន​ជា​ដដែលៗ​។

សេចក្ដីប្រកាស​របស់​សាលារាជធានីភ្នំពេញលើកឡើងថា៖ «ជាក់ស្តែង​នៅវេលាម៉ោង ១៥៖១៥នាទី ពួកគេ​បាន​រៀបចំ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍ផ្សេងៗ​ដើម្បី​ទម្លាក់​កំហុសមក​លើ​អាជ្ញាធរ​អនុវត្តច្បាប់ (ថា​បាន​ប្រើអំពើហិង្សា​លើបាតុករ)។ ក្រុមនេះ​ក៏បាន​ធ្វើ​សកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្ត​ការ​ជេរ​ប្រមាថ​មក​លើមន្រ្តី​សាធារណៈ ហើយថែម​ទាំងជាន់​កម្ទេចបំផ្លាញ​ប៉ារាស ធ្វើឱ្យខូចខាត​ជិត​២០ផ្ទាំង ហើយ​សមត្ថកិច្ច​នៅតែ​បន្ត​ស្រាក់ដៃ​គ្នា​ធ្វើជា​ប៉ារាស​​ការពារ​ដើម្បីរក្សា​ស​ណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែពួកគេ​បាន​ប្រើហិង្សាថែមទៀត​មកលើ​សមត្ថកិច្ច រហូតដល់​មាន​ការប៉ះទង្គិចគ្នាបន្តិចបន្តួច។ ដូច​ផែន​ការ​ដែលបាន​គ្រោងទុក ក្រុមអគតិមួយ​ក្តាប់តូច​បានធ្វើការ​បង្ហោះ ចែកចាយ​នូវរូបភាព​ដែលបាន​ចងក្រងទុក​ជាមុន ក្នុង​ន័យ​ទម្លាក់​កំហុស​មក​លើ​ស​មត្ថកិច្ច​»។

សាលារាជធានីភ្នំពេញ អះអាងថា ចំពោះ​ព្រឹត្តិការណ៍ប៉ះទង្គិច​កាលពីម្សិលមិញនេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចងក្រង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​តុលាការ ដើម្បីនាំ​ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់​នូវ​សកម្មភាព​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើ​អំពើហិង្សា​មកលើអាជ្ញាធរ​មានសមត្ថកិច្ច ក៏ដូចជា ប្រមាថ​មកលើមន្រ្តីរាជការកំពុងបំពេញ​ភារកិច្ច។

កូដករណាហ្គាវើលដ៍ ដែលត្រូវបាន​អាជ្ញាធរវាយឱ្យ​រងរបួសគឺ កញ្ញា សឹង ស្រីនិច បង្ហាញ​ការសោកស្ដាយ​ដោយចាត់ទុក​ការប្រកាស​របស់​សាលា​រាជធានីភ្នំពេញ​ថា ជាគំរាមកំហែងដើម្បី​បំបាក់ស្មារតីកូដករ។ កញ្ញាថា ពួកគាត់​មិនបានបំផ្លាញ និងប្រើប្រាស់​អំពើហិង្សា​ទៅលើសមត្ថកិច្ចឡើយ ផ្ទុយទៅវិញ​ ក្រុមសមត្ថកិច្ចទេដែល​បានប្រើប្រាស់អំពើហិង្សា​លើពួកគាត់​ជាស្ត្រីនោះ។

កញ្ញា សឹង ស្រីនិច ថា៖ «ប៉ូលីសហ្នឹង បាន​វាយបងស្រីម្នាក់​ឡើងដេក​នៅលើឥដ្ឋតែម្ដង​ វាយយកៗ ហើយ​ធាក់ផង ហើយ​ពេល​ខ្ញុំឃើញ ខ្ញុំក៏​ទាញ​បងនោះ​មកវិញ។ ប៉ូលីស​នឹង​ពុងដេក​បងនោះ ហើយវាយ​ ខ្ញុំមិន​ហ៊ាន​វាយគាត់ទេ កុំឱ្យគេ​ថា កូដករ​ប្រើអំពើហិង្សា​លើប៉ូលីស ប៉ុន្តែ​មាន​ណា​ព័ត៌មាន​ចេញ​មក​លាប​ពណ៌​សុទ្ធ ហើយថា កូដក​រវាយប៉ូលីសវិញ  ហើយថា កូដករ​អ្នកធ្វើឱ្យខូច​ប៉ារាសទាំងអស់​ ទាំងដែល​ខ្ញុំជា​ជនជា​រងគ្រោះ​ ម្សិលមិញ​បែកច្រមុះ ដែល​ពួក​ខាង​ប៉ូលីស​វាយខ្ញុំ»។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បង្ហាញ​ការសោកស្ដាយ​ដែល​សាលា​រាជធានីភ្នំពេញ​ចោទប្រកាន់​លើកូដករ។

កញ្ញាបន្តថា ករណីនេះនឹង​ធ្វើឱ្យប៉ះពាល់​មុខមាត់​រដ្ឋាភិបាលកម្ពុជា​លើឆាក​អន្តរជាតិកាន់តែខ្លាំង ដោយសារ អាជ្ញាធរ​តែងតែ​បញ្ជូន​ជនដៃ​ដល់​ឱ្យទៅ​ប្រើប្រាស់​អំពើហិង្សា​លើប្រជាពលរដ្ឋនៅទីសាធារណៈ​ ដែលគ្រាន់តែ​ធ្វើកូដកម្ម​ដោយសន្តិវិធីទាមទារ​ដំណោះស្រាយ​វិវាទការងារ​នោះ។

កញ្ញា ឈឹម ស៊ីថរ ចាត់ទុក​ការបញ្ជូនជនដៃ​ដល់​មកប្រើប្រាស់អំពើហិង្សា​លើក្រុមកូដករដែលតវ៉ា​នេះ មិនមែន​ជាដំណោះស្រាយ​ឡើយ។ កញ្ញាថា ដើមចម​នៃ​ការ​បន្តធ្វើកូដកម្ម​របស់​កម្មករនិយោជិត​រាល់ថ្ងៃនេះ បណ្ដាលមកពី​ក្រុមហ៊ុនណាហ្គាវើលដ៍​មិនគោរពច្បាប់ ហើយ​រដ្ឋាភិបាល​គ្មានវិធានការដោះស្រាយ និង​ចាប់​បង្ខំឲ្យ​ក្រុមហ៊ុនអនុវត្តច្បាប់។

កញ្ញា ឈឹម ស៊ីថរ បន្តថា៖ «មាន​ទាំងអ្នក​ដែល​ឯកសណ្ឋាន និង​អ្នកមិន​ស្លៀកឯក​សណ្ឋាន​ មកប្រើ​អំពើហិង្សា​​មកលើពលរដ្ឋនៅ​តាមទីសាធារណៈ អ៊ីចឹង ទីបំផុត​ ​គាត់បែរ​ជាចោទប្រកាន់ ហើយ​គំរាមប្ដឹង​ជនរងគ្រោះ​ទៅតុលាការទៀត។ អ៊ីចឹង ប្រទេសយើង​អាម៉ាស់ណាស់​​ដោយសារ​សាលាក្រុងតែម្ដង ហើយ យើង​សូមថ្កោលទោស​ចំពោះទង្វើអមនុស្សធម៌ ព្រៃផ្សៃរបស់អាជ្ញាធរទាំងអស់​ហ្នឹង។ អ៊ីចឹង យើងចាំមើល​ទាំងអស់គ្នា សូមប្រជាពលរដ្ឋ និង​សាធារណ​ជន​រងចាំ​មើលទាំងអស់គ្នាថា តើ​ជនរងគ្រោះ​ដែល​ត្រូវ​វាយ​បែកឈាម​ ស្រក់ឈាម​ទៅលើផ្លូវ​ទីសាធារណៈនឹង​ត្រូវ​តុលាការ​ចាត់វិធានការ ឬ​ជន​បង្ក​ដែល​ប្រើ​អំពើ​ហិង្សា​លើស្ត្រីទន់ខ្សោយ​នឹងត្រូវ​តុលាការ​ចាត់វិធានការ»។

​នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍​ថា ការធ្វើ​កូដកម្ម​របស់​ក្រុមកូដករ​ណាហ្គាវើលដ៍ ជាសិទ្ធិ​ដែល​ត្រូវបានធានា​ដោយ​រដ្ឋធម្មនុញ្ញ និងច្បាប់​ស្ដីពីការងារ រួមទាំង​ច្បាប់អន្តរជាតិ​ផងដែរ។ ករណីនេះ លោកស្រីថា អាជ្ញាធរគួរតែពិនិត្យ​មើលឡើងវិញ ចំពោះ​កាតព្វកិច្ច​របស់រដ្ឋាភិបាលក្នុងការធានា​សិទ្ធិជួបជុំ ​និងសិទ្ធិធ្វើកូដកម្ម​របស់កម្មករ។

មួយវិញទៀត ប្រសិនបើ​ប្រជាពលរដ្ឋជួបជុំគ្នា​ដោយស្របច្បាប់ក្ដី និង​មិនស្របច្បាប់ក្ដី អាជ្ញាធរ​មិនត្រូវប្រើអំពើហិង្សា​លើប្រជាពលរដ្ឋដែរ ដោយសារ រដ្ឋាភិបាល​ខ្លួនឯង​តែងប្រកាសប្រឆាំង​នឹងការប្រើប្រាស់អំពើហិង្សា​គ្រប់ទម្រង់លើស្ត្រី និងកុមារ។

លោកស្រី សង្កេតឃើញថា ការធ្វើកូដកម្មរបស់កូដករ​ណាហ្គាវើលដ៍កន្លងមក តែង​រងការរារាំង រឹតត្បិត និង​រង​អំពើហិង្សា​ពី​សំណាក់​អាជ្ញាធរ​ ប៉ុន្តែទោះបី​មាន​ករណីនេះកើតឡើងក៏ដោយ អាជ្ញាធរ​ហាក់មិនបានណែនាំ​ទៅក្រុមការងាររបស់ខ្លួន​ឱ្យបញ្ឈប់ ឬចាត់វិធាន​ការលើ​ជនដៃ​ដល់​ដែលបាន​ប្រើអំហិង្សាលើស្ត្រី​ឡើយ​។

ក្រៅពី​មិនចាត់វិធានការ​ហើយ លោកស្រីថា អាជ្ញាធរ​បែរជា​ព្យាយាមការពារខ្លួនឯង និង​ជនបង្កអំពើហិង្សាថា អ្វីដែល​ខ្លួនបានធ្វើជា​រឿងត្រឹមត្រូវទៅវិញ។

លោកស្រី ចក់ សុភាព ថា៖«នៅពេល​ដែលមាន​ករណីហិង្សាកើតឡើង ​អាជ្ញាធរ​លោកគួរ​តែធ្វើការ​ស៊ើបអង្កេត ដើម្បីស្វែងរក​ជនដែល​បង្ក​ហិង្សា​ទៅលើ​កូដករ ទៅអ្នក​ដែល​គាត់រងគ្រោះនោះទេ មិនមែន​ព្យាយាម​ដាក់បន្ទុ​កបន្ថែម​ទៅលើជនរងគ្រោះ​ដែលគាត់​បានរងនូវអំពើហិង្សាទេ។ បើអ៊ីចឹង យើង​ទៅជា​ជនរងគ្រោះ​ ហើយក្លាយ​ជាជនរងគ្រោះបន្ថែមទៀត បានន័យថា ខ្លួន​ត្រូវបានរងអំពើហិង្សាពីសំណាក់​អាជ្ញាធរហើយ អាជ្ញាធរប្ដឹងផ្ដល់ថែមទៀត។ អ៊ីចឹង យើងមើលទៅ យើងមិន​បានចូលរួមក្នុង​ការ​លុបបំបាត់អំពើហិង្សាលើស្ត្រី ឬអំពើហិង្សាគ្រប់ទម្រង់ទៅលើ​ប្រជាពលរដ្ឋ ប៉ុន្តែ​ នេះ​ជាការគាំទ្រ​ការប្រើហិង្សា​ពីសំណាក់​អាជ្ញាធរ​មានសមត្ថកិច្ចមក​លើពលរដ្ឋវិញ»។

លោកស្រី ចក់ សុភាព ចាត់ទុក​ការប្រើប្រាស់អំពើហិង្សា​ពីសំណាក់អាជ្ញាធរទៅ​លើក្រុមកូដករជាស្ត្រីថា ធ្វើឡើង​ផ្ទុយពីឆន្ទៈ​របស់​រដ្ឋាភិបាល​ដែល​ប្រកាសប្រឆាំង​នឹងការប្រើប្រាស់​អំពើហិង្សា​គ្រប់ទម្រង់​និងឱ្យប្រជាពលរដ្ឋចូលរួម​លុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារផងដែរ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍​ បានកើតឡើង​ជាងមួយឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះ​ បានបញ្ឈប់បុគ្គលិកចំនួន១៣២៩នាក់ ក្នុង​ចំណោម​បុគ្គលិកសរុបជាង​៨០០០នាក់ ពីការងារក្រោម​ហេតុផល​ថា ជួបវិបត្តិហិរញ្ញវត្ថុ​ដោយសារ​តែ​ប​ញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិក​ដែលចេ​ញ​ធ្វើកូដកម្ម​ប្រមាណ៧ខែមកនេះ អះអាងថា ការបញ្ឈប់នោះ​ដោយសារថៅកែ​មានចេតនា​រំលាយ​ សហជីពការពារសិទ្ធិកម្មករ​ឱ្យ​អស់ពី​ក្រុមហ៊ុនកាស៊ីណូ​នៅ​កណ្ដាល​រាជធានីភ្នំពេញមួយនេះ មិនមែន​ដោយសារ​ក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុនោះ​ទេ។

ទាក់ទងនឹង​ការធ្វើទុក្ខបុកម្នេញ​របស់សមត្ថកិច្ច​លើកូដករណាហ្គាវើលដ៍នេះដែរ អង្គការឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី៨ ខែសីហា បានស្នើទៅ រដ្ឋាភិបាល​ជប៉ុន​ឱ្យដាក់សម្ពាធ​លើ​អាជ្ញាធរកម្ពុជា ដែល​បានប្រើប្រាស់​រថយន្តក្រុង ជាជំនួយ​របស់​ ជប៉ុន យកទៅ​ដឹកកូដករ​ណាហ្គាវើលដ៍ ដែល​ធ្វើការតវ៉ា​ទាមទារដំណោះស្រាយ​វិវាទការងារ​នៅក្រុមហ៊ុនល្បែង​មួយនេះ​៕