Views: 8
ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ រុស្ស៊ីបាននិយាយនៅក្នុងអ្វីដែលអ្នកនយោបាយមួយរូបហៅថាជាការវាយប្រហារដ៏អាក្រក់បំផុតលើរដ្ឋធានីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ យ៉ាងដូច្នេះថា ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទីក្រុងមូស្គូកាលពីថ្ងៃអង្គារទី៣០ឧសភា ប៉ុន្តែត្រូវបានបង្ក្រាប ខណៈទីក្រុងគៀវក៏ត្រូវបានវាយប្រហារតាមផ្លូវអាកាសជាលើកទីបីក្នុងរយៈពេល ២៤ ម៉ោងផងដែរ។
ចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន សង្គ្រាមភាគច្រើនគឺធ្វើឡើងតែក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះបើទោះបីជារដ្ឋាភិបាលក្រុងមូស្គូបានរាយការណ៍អំពីការវាយប្រហារមួយចំនួនលើទឹកដីរបស់ខ្លួនក៏ដោយ ហើយថា ដ្រូនមួយបានប៉ុនប៉ងធ្វើឃាដប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
អភិបាលក្រុងមូស្គូ លោក សឺហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) បាននិយាយថា ការវាយប្រហារដោយដ្រូនកាលពីព្រឹកព្រលឹមថ្ងៃអង្គារ បានបណ្តាលឱ្យមនុស្សពីរនាក់រងរបួសខណៈអ្នកស្រុកមួយចំនួននៅក្នុងផ្ទះល្វែងដែលរងការខូចខាតស្រាល ត្រូវបានជម្លៀសចេញក្នុងរយៈពេលដ៏ខ្លី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ដ្រូនចំនួនប្រាំបីគ្រឿង ដែលបញ្ជូនដោយរដ្ឋាភិបាលក្រុងគៀវ ត្រូវបានបាញ់ទម្លាក់ ឬ បង្វែរទិសដៅ បើទោះបីជាឆានែលតេឡេក្រាមផ្នែកសន្តិសុខឈ្មោះ Baza បាននិយាយថាមានដ្រូនប្រហែល ២៥ គ្រឿងបានចូលរួមក៏ដោយ។
អ្នកស្រុកបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះតាមពីក្រោយដោយក្លិនសាំង។ អ្នកខ្លះបានថតវីដេអូទិដ្ឋភាពដ្រូនកំពុងត្រូវបានបាញ់ទម្លាក់ ហើយមានផ្សែងហុយឡើងលើមេឃក្នុងទីក្រុងមូស្គូ។
សមាជិកសភាលោក ម៉ាស៊ីម អ៊ីវ៉ានូវ (Maxim Ivanov) បានហៅវាថាជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើទីក្រុងមូស្គូ ចាប់តាំងពីពួកណាស៊ី ដោយនិយាយថា គ្មានពលរដ្ឋណាម្នាក់អាចគេចផុតពី “ការពិតថ្មីនេះបានទេ”។ លោកបាននិយាយថា “អ្នកត្រូវតែកម្ចាត់សត្រូវដោយកណ្តាប់ដៃជាមួយមាតុភូមិរបស់យើងឬមិនអ៊ីចឹងទេក្តីអាម៉ាស់នៃភាពកំសាកញី ការចូលដៃជាមួយសត្រូវ និងការក្បត់ជាតិ នឹងលេបត្របាក់គ្រួសាររបស់អ្នក”។
កាលពីពីរសប្តាហ៍មុន ដ្រូនពីរគ្រឿងបានផ្ទុះនៅលើវិមានក្រឹមឡាំងនៅក្នុងការវាយប្រហារមួយដែលរុស្ស៊ីស្តីបន្ទោសលើរដ្ឋាភិបាលក្រុងគៀវ ហើយនិយាយថាមានគោលដៅវាយលើលោកពូទីន៕

ប្លុកផ្ទះល្វែងក្នុងក្រុងមូស្គូរងការវាយប្រហារដោយដ្រូនកាលពីថ្ងៃអង្គារ
យោអាអ៊ុយក្រែនបាញ់បំផ្លាញដ្រូននិងកាំជ្រួចរុស្ស៊ីលើទីក្រុងគៀវកាលពីថ្ងៃអង្គារនិងអាគារខូចខាតពីការវាយប្រហាររបស់រុស្ស៊ីនៅក្រុងគៀវ