Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្នងការរង​ប៉ូលិស​ជាតិ​ថៃ​ស្រែក​តវ៉ា​ក្រោយ​ផ្ទះ​របស់​លោក​ត្រូវ​គេ​ឆ្មក់​ចូល​ឆែកឆេរ​ក្នុង​ការស៊ើបអង្កេតបណ្តាញ​ល្បែង​អន​ឡាញធំ​មួយ​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​កញ្ញា​បាន​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​នៅ​ក្រុង​បាងកក​របស់​ស្នងការរង​ប៉ូលិស​ជាតិ​ថៃ​ម្នាក់ ជា​ចំណាត់ការ​មួយ​ដែល​មេ​ប៉ូលិស​រូប​នេះ​អះអាង​ថា​មានបំណង​បង្ខូចឈ្មោះ​របស់លោក ដោយសារតែ​«​នយោបាយ​ក្នុង​ប៉ូលិស​ថៃ​»​។​

​ឧត្តមសេនីយ៍​ប៉ូលិស​លោ​ក ស៊ូ​រ៉ា​ឆាត ហាក់​ផាន​( Surachate Hakparn )​ជា​បេក្ខជន​ម្នាក់​ដើម្បី​ក្លាយ​ជា​មេ​ប៉ូលិស​ជាតិ​ថៃ ហើយ​កងកម្លាំង​ប៉ូលិស​ថៃ​មាន​ប្រពៃណី​តស៊ូ​នយោបាយ​ផ្ទៃ​ក្នុងដ៏​ខ្លាំង​ក៏​ដូចជា​មាន​ឈ្មោះ​អាស្រូវ​ខាង​ពុករលួយ​នៅ​គ្រប់​កំរិត​ផងដែរ​។​

​តែ​លោក ត្រៃ​រ៉ុង ភី​វ​ផាន​(Trairong Phiwpan)​មេបញ្ជាការ​ប៉ូលិស​នៅក្នុង​ការិយាល័យ​កិច្ចការ​ច្បាប់​និង​បណ្តឹង បាន​និយាយថា​ការឆែកឆេរ​នៅផ្ទះ​លោក​ស៊ូ​រ៉ា​ឆាត​ជា​ផ្នែក​នៃ​ការស៊ើបអង្កេត​មួយ​ក្រោយ​ការបង្ក្រាប​បណ្តាញ​ប្រតិបត្តិការ​ល្បែង​អន​ឡាញ​ខុសច្បាប់​ធំ​មួយ​។​

​លោក ត្រៃ​រ៉ុង បាន​និយាយថា​មនុស្ស​បួន​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ខែ​មិថុនា​និង​កក្កដា​ពាក់ព័ន្ធ​នឹង​ករណី​នេះ​។​ដីកាចាប់ខ្លួន​ក៏​ត្រូវបាន​ចេញ​សំរាប់​មនុស្ស​២៣​នាក់​ទៀត រួមមាន​នាយ​ប៉ូលិស​ប្រាំ​បីនាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​និង​សុទ្ធតែជា​កូនចៅ​របស់​លោក​ស៊ូ​រ៉ា​ឆាត​ ​តែលោក​ស៊ូ​រ៉ា​ឆាត​មិន​មាន​ឈ្មោះ​ក្នុង​ដីកាចាប់ខ្លួន​ទេ​និង​ក៏​មិន​ត្រូវបាន​ឃាត់ខ្លួន​ដែរ​។​

​បើ​តាម​លោក ត្រៃ​រ៉ុង នាយ​ប៉ូលិស​ដែល​ត្រូវបាន​ចាប់ខ្លួន​ខ្លះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​«​ការគ្រប់គ្រង​និង​ចាត់ចែង​»​វេបសា​យ​ចំនួន​១២​របស់​បណ្តាញ​ល្បែង​អន​ឡាញ​។​សរុប​មនុស្ស​១៧​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​ឆ្មក់​ឆែកឆេរ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីតាំង​៣០​ផ្សេង​គ្នា​នៅ​ទូទាំង​ប្រទេស​។​

​លោក ស៊ូ​រ៉ា​ឆាត បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រោយ​ការចូល​ឆែកឆេ​រថា លោក​ជា​ជនស្លូតត្រង់​ដោយ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​មួយ​ទេ​។​លោក​មាន​ជំនឿ​​ទៅ​លើ​សមា​ជិក​ក្រុម​របស់​លោក តែ​ក៏​បាន​និយាយថា​លោក​នឹង​មិន​ជួយ​នរណា​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់​ទេ​។​

​ស៊ូ​រ៉ា​ឆាត ហាក់​ផាន ស្នងការរង​ប៉ូលិស​ជាតិ​ថៃ កំពុង​បាក់មុខ​ខ្លាំង​ក្រោយ​ប៉ូលិស​ប្រឆាំង​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ចូល​ឆែក​ផ្ទះ​របស់​លោក​ ក្រោយពី​កូនចៅ​របស់​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ពុករលួយ​នៃ​ប្រតិបត្តិការ​ល្បែង​អន​ឡាញ​ខុសច្បាប់​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​ប្រតិបត្តិ​ការឆែកឆេរ​និង​ចាប់ខ្លួន​នេះ​អាច​ទាក់ទង​នឹង​ការតែងតាំង​មេ​ប៉ូលិស​ថ្មី​ដែរឬទេ លោក​ស៊ូ​រ៉ា​ឆាត​បាន​តប​ថា​« ខ្ញុំ​ទុក​អោយ​អ្នកយក​ព័ត៌មាន​គិត​ដោយ​ខ្លួន​ឯង​»​អំពី​ពេលធ្វើ​ប្រតិបត្តិការ​នេះ​និងការតែងតាំងមេប៉ូលិសដែលគ្រោងធ្វើនៅសប្តាហ៍នេះ។​លោក​ក៏​បាន​និយាយថា ដីកា​ចូល​ឆែកឆេរ​ផ្ទះ​របស់​លោក​អាច​បង្កប់​ភាពមិនស្មោះត្រង់​និង​ថា​«​អាច​មក​ពី​ខ្ញុំ​បានធ្វើការ​លើ​ករណី​ច្រើន​ដែល​ប៉ះពាល់​មនុស្ស​ជាច្រើន​។​ថ្ងៃនេះ ខ្ញុំ​ត្រូវតែ​ប្រឈម​ផលវិបាក​ដូចនេះ​»​។​

​ទោះជា​យ៉ាងណា​លោកត្រៃ​រ៉ុង ប្រធាន​ការិយាល័យ​ប៉ូលិស​នីតិកម្ម​និង​បណ្តឹង​បាន​និយាយ​ថា​ដីកា​ចូល​ឆែកឆេរ​ផ្ទះ​លោក​ស៊ូ​រ៉ា​ឆាត​ផ្អែកលើ​ភស្តុ​ង​តាង​និង​ដាន​លុយ​មក​ពី​ការស៊ើបអង្កេត​។​«​ការឆែកឆេរ​ផ្ទះ​នោះ​ក៏​បាន​នាំ​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​។​វា​បញ្ជាក់​ថា ក្រុម​ស៊ើបអង្កេត​បានធ្វើការ​ផ្អែក​លើ​ការ​ពិត​និង​ភស្តុតាង​»​។​

​សូមបញ្ជាក់​ថា ក្រោយ​ការឆែកឆេរ​ស្រាប់តែ​លេចចេញ​វីដេអូ​មួយ​បង្ហាញ​លោក​ស៊ូ​រ៉ា​ឆាត​និង​កូនចៅ​ប៉ូលិស​របស់​គាត់​ជប់លៀង​សប្បាយ​ជាមួយ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​កក្កដា​និង​ជា​ជនសង្ស័យ​ចម្បង​ម្នាក់​នៅ​ក្នុង​បណ្តាញ​ល្បែង​អន​ឡាញ​ខុសច្បាប់​។​តែ​លោក​ស៊ូ​រ៉ា​ឆាត​បាន​និយាយថា ពិធី​នោះ​ត្រូវបាន​កូនចៅ​របស់​គាត់​រៀបចំ​និង​លោក​មិន​បាន​ស្គាល់​ស្ត្រី​នោះ​ពីមុន​មក​ទេ​។​

​ត្រូវ​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា​Big Joke​និង​បង្ហាញមុខ​ក្នុង​សារព័ត៌មាន​ញឹកញាប់​ជាង​គេ លោក​ស៊ូ​រ៉ា​ឆាត​ជា​តារា​កំពុង​រះ​មួយ​ដួង​ក្នុង​ការិយាល័យ​អន្តោប្រវេសន៍​ថៃ​ក្រោយ​លោក​ត្រូវ​បាន​តែង​តាំង​នៅ​ឆ្នាំ​២០១៨​។​លោក​ត្រូវបាន​ដកចេញ​ពី​មុខតំណែង​និង​បាន​មុខ​មួយ​រយៈពេល​ខ្លី​កាលពី​ឆ្នាំ​២០១៩​។​

​លោក​បាន​វិល​មក​កាន់​ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​វិញ​នៅ​ឆ្នាំ​២០២១​ក្រោយ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​តែងតាំង​លោក​ជា​ទីប្រឹក្សា​មេ​ប៉ូលិស​ជាតិ​។​លោក​បាន​បន្ត​ឡើង​ឋានៈ​និង​ក្លាយ​ជា​ស្នង​ការរង​ប៉ូលិស​ហើយ​បាន​ដឹកនាំ​ការបង្ក្រាប​និង​ស៊ើបអង្កេត​ករណី​ធំៗ​ជាច្រើន​៕

ទិដ្ឋភាពប៉ូលិសចូលឆែកឆេរផ្ទះលោកស៊ូ​រ៉ា​ឆាត ហាក់​ផាន(អាវស)កាលពីថ្ងៃចន្ទ(រូប ដឹណេសិន)

Post navigation