Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សន្និសីទអន្តរជាតិពិសេសស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារនិងកោះកេរត្រូវបានរៀបចំឡើង

Views: 1

ដោយៈ ជា សីហៈ/ភ្នំពេញៈ ដើម្បីអបអរខួប១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (២០០៨-២០២៣) និងខួប១០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ICC Preah Vihear (២០១៤-២០២៣) អាជ្ញាធរជាតិព្រះវិហារបានរៀបចំសន្និសីទអន្តរជាតិពិសេសស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នាថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣ នៅខេត្តសៀមរាប។

សន្និសីទនេះរៀបចំឡើង ក្រោមអធិបតីភាពរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលោកស្រី ឌីរីយ៉ានី អូតាម ខូប្រាហ្គេត ( Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា និងលោកស្រី ជូ យី ( Zhu Ye )អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន៤ប្រទេសផ្សេងទៀត ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០នាក់ និងភ្ញៀវកិត្តិយសចូលរួមតាមប្រព័ន្ធវីដេអូប្រមាណ ៣០នាក់។

សន្និសីទអន្តរជាតិពិសេសនេះមានគោលដៅបូកសរុបលទ្ធផល នៃការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងកោះកេរ ក្នុងរយៈពេល ១០ឆ្នាំ ក្រោមយន្តការរបស់គណៈកម្មការអន្តរជាតិ ICC Preah Vihear។ ការងារសំខាន់ៗមួយចំនួនដែលអាជ្ញាធរជាតិព្រះវិហារសម្រេចបានកន្លងមកមានដូចជា ការកំណត់ផែនទីហានិភ័យ នៃប្រាសាទព្រះវិហារទាំងមូល, ការអន្តរាគមន៍ទល់ទ្រតាមកន្លែងដែលមានហានិភ័យខ្ពស់ចំនួនជាង ៣០កន្លែង, ការជួសជុលបង្គោលផ្កាឈូកនៅលើស្ពានហាលគោបុរៈទី២ និងគោបុរៈទី៤, ការស្ដារប្រព័ន្ធបង្ហូរទឹកបុរាណតាមបណ្ដោយប្រាសាទព្រះវិហារដើម្បីទប់ស្កាត់ការខូចខាតដោយសារទឹកភ្លៀង, ការស្ដារបារាយណ៍បុរាណខាងលិច និងខាងកើតឡើងវិញ, ការសាងសង់ជណ្ដើរឈើឡើងប្រាសាទខាងកើត និងការបណ្ដុះបណ្ដាលយុវជនឲ្យស្រឡាញ់ការពារតំបន់បេតិកភណ្ឌ។ល។

ជាមួយគ្នានេះដែរក្នុងក្របខ័ណ្ឌ ICC Preah Vihear អាជ្ញាធរជាតិព្រះវិហារទទួលបានការគាំទ្រ និងការចូលរួមពីបណ្ដាប្រទេសមួយចំនួនដូចជា÷ សហរដ្ឋអាមេរិក បាននិងកំពុងផ្ដល់ថវិកាជួយជួសជុល និងអភិរក្សជណ្ដើរបុរាណខាងជើងចាប់តាំងពីឆ្នាំ២០១៨ រហូតមក, ប្រទេសឥណ្ឌាបានចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី៥, ប្រទេសចិននឹងចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី១ ទី២ និងទី៣, ប្រទេសប៊ែលហ្សិក បានជួយក្នុងការបោសសម្អាតមីន និងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជ្ញាធរជាតិព្រះវិហារ, និងប្រទេសជប៉ុនបានជួយទ្រទ្រង់សកម្មភាពអភិវឌ្ឍសហគមន៍នៅតំបន់ជុំវិញរមណីយដ្ឋានព្រះវិហារ។ ដោយឡែកសាលាចុងបូព៌ាបារាំង (EFEO) កំពុងជួយការងារជួសជុលរូបបដិមាព្រះសិវៈរាំនៅកោះកេរ ព្រមទាំងសាកលវិទ្យាល័យ Waseda និងសាកលវិទ្យាល័យ Toronto កំពុងធ្វើការសិក្សាស្រាវជ្រាវទីតាំងឡបុរាណ និងប្រព័ន្ធធារាសាស្រ្តនៅតំបន់កោះកេរ។ នៅក្នុងសន្និសីទអន្តរជាតិពិសេសនេះអ្នកជំនាញ And hoc បានធ្វើបទបង្ហាញផងដែរអំពីបទពិសោធន៍សម្រាប់ការងារគ្រប់គ្រង កាលានុវត្តភាព និងបញ្ហាប្រឈម របស់តំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាមេរិកកណ្ដាល និងតំបន់មជ្ឈិមបូព៌ា ដើម្បីផ្ដល់ជាគំនិតដល់ការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៅកម្ពុជា។ សន្និសីទនេះក៏មានការចូលរួមពីអ្នកជំនាញអន្តរជាតិ ដើម្បីធ្វើការសិក្សា និងវាយតម្លៃអំពីហានិភ័យដែលបង្កឡើងដោយកត្តាមនុស្សនិងកត្តាធម្មជាតិ នៅក្នុងតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរផងដែរ។

ស្របពេលនឹងសន្និសីទនេះ អាជ្ញាធរជាតិព្រះវិហារបានរៀបចំដាក់តាំងពិព័រណ៍សមិទ្ធផលការងាររយៈពេល ១៥ឆ្នាំ ដែលបង្ហាញអំពីលទ្ធផល នៃការអភិរក្សនៅក្នុងតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ផងដែរ។

ជាលទ្ធផល អង្គសន្និបាតទាំងមូល បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្ដេជ្ញាចិត្តចំពោះការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារក្នុងរយៈពេល ១៥ឆ្នាំ បន្ទាប់ពីការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈលទ្ធផលដែលបានបង្ហាញដោយអាជ្ញាធរជាតិព្រះវិហារ ហើយបានកោតសរសើរចំពោះការចូលរួមរបស់ដៃគូអន្តរជាតិក្នុងរយៈពេល ១០ឆ្នាំកន្លងមក នៅក្នុងក្របខណ្ឌ ICC Preah Vihear រួមមានប្រទេសចិន និងឥណ្ឌាជាសហប្រធាន និងប្រទេសសមាជិកមួយចំនួនដូចជាប្រទេសបែលហ្សិក ជប៉ុន សហរដ្ឋអាមេរិក រួមជាមួយស្ថាប័នដៃគូជាតិ និងអន្តរជាតិមួយចំនួនដូចជា អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិសំបូរព្រៃគុក, សាលាចុងបូព៌ាបារាំង (EFEO), ពីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាឡឺម៉ង់ (GIZ), សាកលវិទ្យាល័យ Waseda, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ជាស្ថានបច្ចេកទេសកម្ពុជា និងសាកលវិទ្យាល័យ Toronto ជាដើម។ ជាមួយគ្នានេះដែរ អង្គសន្និបាតបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការនាំយកវត្ថុបុរាណដែលជាកេរមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរត្រឡប់មកជួបជុំគ្នាវិញក្រោមម្លប់សន្តិភាព៕/R

Post navigation