Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្រេង ស៊ីថា ៖ ខ្មែរក្រហម​សម្លាប់​ក្រុមគ្រួសារ​និង​ម្តាយ​របស់ខ្ញុំ​ទាំង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​

Views: 1

ដោយ ៖ ទូច វ​ណ្ណេ​ត បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម​/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ ស្រេង ស៊ីថា អាយុ​៦២​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំ​គឺជា​អតីត​គ្រូបង្រៀន​ថ្នាក់​ទី​១​នៅ​សាលាបឋមសិក្សា​ទីប្រជុំ​។ ខ្ញុំ​រៀបការ​ប្ដី​ឈ្មោះ អ៊ុត ម៉ៅ និង​មានកូន​ប្រុស​ស្រី​ទាំងអស់​ចំនួន​៤​នាក់​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ស ស្រេង គឺជា​នាយទាហាន​ក្នុង​របប លន់ នល់ និង​ម្ដាយ​ឈ្មោះ មែន ជា​។ ខ្ញុំ​គឺជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ទាំងអស់​ចំនួន​៧​នាក់​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ចុង​កោះ​ជើង ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ នៅ​វ័យ​កុមារ ខ្ញុំ​ចូលរៀន​នៅ​សាលាបឋមសិក្សា​ទួល​ថ្ម​រហូតដល់​បញ្ចប់​ថ្នាក់​ទី​៧​ចាស់​។ ខ្ញុំ​បាន​ប្រឡង​ចូលរៀន​ថ្នាក់​ទី​៦​នៅ វិទ្យាល័យ​ព្រះសីហនុ​។

ស្រេង ស៊ីថា អាយុ​៦២​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ (​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​​បន្ទាប់ពី​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ដើមឆ្នាំ​១៩៧០ ខ្ញុំ​ឃើញ​មានការ​ធ្វើបាតុកម្ម​នៅ​ទី​រួម​ខេត្តកំពង់ចាម​។ បាតុកម្ម​បានអូសបន្លាយ​រយៈពេល​ប្រហែល​២​ទៅ​៣​ថ្ងៃ​។ មិនយូរប៉ុន្មាន​បន្ទាប់​ពី​បាតុកម្ម​បានបញ្ចប់ សង្គ្រាម​រវាង​ទាហាន លន់ នល់ និង​កងទ័ព​រំដោះ​ខ្មែរក្រហម​បាន​ផ្ទុះឡើង​។ នៅពេលនោះ ឪពុក​របស់ខ្ញុំ​គឺជា​នាយទាហាន លន់ នល់ ថ្នាក់​អនុសេនីយ៍ឯក​។ ចាប់ពី​ចុងឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧២ សង្គ្រាម​រវាង​ទាហាន លន់ នល់ ដែល​ឈរជើង​នៅតាម​ក្រវាត់ក្រុង​កំពង់ចាម និង​កងទ័ព​រំដោះ​ខ្មែរក្រហម​ដែល​ឈរជើង​នៅតាម​ភូមិ​ផ្ទុះឡើង​កាន់តែខ្លាំង​ឡើង​។ នៅ​ឆ្នាំ​១៩៧៣ ដោយ​បានឃើញ​ស្ថានភាព​ការណ៍​មិន​ស្រួល ឪពុក​របស់ខ្ញុំ​បាន​នាំ​គ្រួសារ​ទៅ​ជិះ​យន្តហោះ​ស្ថិតនៅ​ម្ដុំ​វាលវង់ ក្នុង​ក្រុង​កំពង់ចាម ដើម្បី​រក​កន្លែង​សុវត្ថិភាព​គឺ​ទីក្រុង​ភ្នំពេញ​។ បន្ទាប់មក ឪពុក​របស់ខ្ញុំ​បាន​ផ្លាស់​ទៅធ្វើ​ការ​នៅ​កំពង់សោម​។ ខ្ញុំ​និង​ក្រុមគ្រួសារ​បាន​ទៅ​រស់នៅ​ជាមួយ​ឪពុក​នៅ​ទីនោះ​ដែរ​។

​នៅ​ឆ្នាំ​១៩៧៤ ឪពុក​របស់ខ្ញុំ​បាន​ផ្លាស់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ​។ នៅពេលនោះ ឪពុក​និង​ម្ដាយ​របស់ខ្ញុំ​បាន​ទិញ​ផ្ទះមួយ​នៅ​ម្ដុំ​វត្ត​ទឹកល្អក់​។ ខ្ញុំ​បាន​ចូលរៀន​នៅ​សាលា​ឯកជន​មួយ​ឈ្មោះ តារាសាស្ត្រ ដោយបាន​រៀន​ត្រឹម​ថ្នាក់​ទី​៤​។ ប៉ុន្មាន​ខែ​បន្ទាប់មក ឪពុក​របស់ខ្ញុំ​ទទួលបាន​តួនាទី​ជា​បា​ឡ័​ត​ខេត្តកំពត​។ នៅពេលនោះ ឪពុក​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពត​តាមរយៈ​យន្តហោះ​ខ្នាតតូច ព្រោះ​ការធ្វើដំណើរ​តាមផ្លូវ​គោក​គឺ​មិនមាន​សុវត្ថិភាព​ឡើយ ហើយ​អាច​ទទួលរង​ការវាយប្រហារ​ពី​កងទ័ព​រំដោះ​ខ្មែរក្រហម​។ ម្ដាយ និង​បងប្អូន​របស់ខ្ញុំ​ផ្សេងទៀត​គឺ​បន្ត​រស់នៅ​ទីក្រុង​ភ្នំពេញ​។ នៅពេលដែល​កងទ័ព​រំ​ដោះ​ខ្មែរក្រហម​ខិតជិត​មកដល់​ទីក្រុង​ភ្នំពេញ ឪពុក​របស់ខ្ញុំ​សម្រេចចិត្ត​ជិះ​យន្តហោះ​ខ្នាតតូច​វិលត្រឡប់​មក​ភ្នំពេញ​ដើម្បី​ជួបជុំ​ជាមួយ​គ្រួសារ​។ ឪពុក​របស់ខ្ញុំ​បានមក​ដល់ផ្ទះ​វិញ នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៩៧៥ គឺ​មួយថ្ងៃ​មុនពេល​កងទ័ព​រំដោះ​ខ្មែរក្រហម​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​។ នៅវេលា​ប្រហែល​ម៉ោង​៤​រសៀល ខ្ញុំ​ឮសូរ​គ្រាប់បែក​ធ្លា​ក់នៅ​ម្ដុំ​ខ្ញុំ​រស់នៅ​។

​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​រំដោះ​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ទាំងស្រុង​។ កងទ័ព​ខ្មែរក្រហម​បានមក​គោះទ្វារ​ផ្ទះ ប៉ុន្តែ​ឪពុក​របស់ខ្ញុំ​បាន​សុំ​ស្នាក់នៅ​ផ្ទះមួយ​យប់​សិន​។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​បានមក​ប្រាប់​គ្រួសារ​ខ្ញុំ​ឲ្យ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ត្រឹមតែ​បីថ្ងៃ​ប៉ុណ្ណោះ​។ ភ្លាមនោះ ម្ដាយ​ខ្ញុំ​បានរៀបចំ​យក​មុង ភួយ និង​ខោអាវ​ខ្លះៗ មុនពេល​ចាក​ចេញពីផ្ទះ​។ គ្រួសារ​របស់ខ្ញុំ​ដើរ​តាមផ្លូវ​ទឹកល្អក់ រហូតដល់​អង់​តែ​ន​ទួលគោក​ឆ្ពោះទៅ​គីឡូម៉ែត្រ​លេខ​៦ និង​បន្តទៅ​ព្រែក​ក្ដាម​ដើម្បី​ឆ្លងទន្លេ​ទៅខាង​កំពង់ចាម​។ ខ្ញុំ​ឃើញ​ប្រជាជន​ជាច្រើន​នាក់​ដើរ​ពាសពេញ​ផ្លូវ​ទៅ​ព្រែក​ក្ដាម​។ គ្រួសារ​ខ្ញុំ​ដើរ​រយៈពេល​៤​ថ្ងៃ​ទើប​ទៅដល់​កំពង់ចម្លង​ព្រែក​ក្ដាម​។ ខ្ញុំ​នៅចាំ​បាន​ថា កងទ័ព​ខ្មែរក្រហម​បាន​ស្កាត់​សួរ​អំពី​ប្រវត្តិ​របស់​ប្រជាជន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​។ ការ​ស្កាត់​សួរ​អំពី​ប្រវត្តិរូប​លើក​ទី​១​គឺ​នៅក្នុង​វត្ត​មួយ ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ​។ នៅពេលនោះ ឪពុក​របស់ខ្ញុំ​ប្រាប់​កងទ័ព​ខ្មែរក្រហម​ថា គាត់​គឺជា​អ្នកបើក​ឡាន​នៅ​ភ្នំពេញ​។ ការ​ស្កាត់​សួរ​ប្រវត្តិរូប​លើក​ទី​២​គឺ​នៅ​ម្ដុំរ​ការ​កោង​។ ប្រជាជន​ជាច្រើន​នាក់ ដែល​ត្រូវបាន​ស៊ើប​ដឹងថា ធ្លាប់​បម្រើការ​ជា​គ្រូបង្រៀន ទាហាន ឬ​មន្ត្រី​ក្នុង​របប​លន់ នល់ ត្រូវបាន​កងទ័ព​ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅមុខទៀត​ទេ និង​ក្រោយមក​ត្រូវបាន​យកទៅ​សម្លាប់ចោល​។ គ្រួសារ​ខ្ញុំ​បន្តដំណើរ​ទៅដល់​ភូមិ​ត្រពាំង​ស្នោរ និង​បាន​ស្នាក់នៅ​ប្រហែល​មួយ​ខែ​។

​នៅ​ខែមិថុនា ឆ្នាំ​១៩៧៥ គ្រួសារ​ខ្ញុំ​បាន​លួច​រត់​ទាំងយប់​ចេញពី​ភូមិ​ត្រពាំង​ស្នោរ មក​ភូមិកំណើត​របស់​ជីដូន​ដែល​កំពុង​រស់នៅ​គឺ​ភូមិ​ប្រមាត់ដី ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ចាប់ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៧៧ ខ្ញុំ​ចូលធ្វើការ​ក្នុង​កងចល័ត​នារី​ឃុំ​ស្វាយទាប ដោយបាន​ដើរ​លើក​ទំនប់ ជីក​ប្រឡាយ និង​ភ្ជួរ​រាស់​។ ចំណែក​ឪពុកម្ដាយ និង​បងប្អូន​របស់ខ្ញុំ​ត្រូវបាន​ដាក់​ឲ្យ​ធ្វើការ​នៅតាម​កងចល័ត​រៀងៗ​ខ្លួន​។ នៅ​ថ្ងៃមួយ ខ្ញុំ​និង​កងចល័ត​នារី​ផ្សេងទៀត​ត្រូវបាន​ប្រធាន​កង​ប្រាប់​ឱ្យ​ទៅ​ប្រជុំ​នៅផ្ទះ​លេខា​ភូមិភាគ គឺ​មិត្ត កែ ពក​។ នៅពេលនោះ ខ្ញុំ​ឃើញ​មាន​កងចល័ត​ជាច្រើន​បាន​អង្គុយ​ប្រជុំ​។ មិត្ត កែ ពក បាន​និយាយ​ឱ្យ​យើង​ខិតខំ​ធ្វើ​ការងារ​។ នៅ​ឆ្នាំ​១៩៧៨ កងចល័ត​នារី​របស់ខ្ញុំ​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅ​លើក​ទំនប់​នៅ​ខេត្តកំពង់ធំ​គឺ​ទំនប់​១​មករា​អស់​រយៈពេល​បី​ខែ​។ ការដ្ឋាន​ទំនប់​១​មករា​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ប៉ុន្តែ​កងចល័ត​នារី​របស់ខ្ញុំ​ត្រូវបាន​ផ្លាស់​មកកាន់​ភូមិ​ប្រមាត់ដី​វិញ​។

បន្ទាប់ពី​មកដល់​ភូមិ​បាន​ប្រហែល​២​ទៅ​៣​ខែ ខ្ញុំ​ត្រូវបាន​មិត្ត រឿន ដែលជា​ប្រធាន​កងចល័ត​ឃុំ ជ្រើសរើស​ឲ្យ​ចូលក្នុង​កងកម្លាំង​ស្រួច ដែលមាន​សម​មិត្ត​នារី​ប្រហែល​២៥​នាក់ ដើម្បី​ទៅធ្វើ​ការ​នៅ​កន្លែង​នេសាទ​ត្រី​នៅ​ខេត្តកំពង់ធំ និង​ទៅ​បោច​វ​ល្លិ៍​នៅ​ខេត្តព្រះវិហារ​។ ខ្ញុំ​បាន​និយាយ​លា​ឪពុកម្ដាយ និង​បងប្អូន​មុនពេល​ចាកចេញ​ដំណើរ​ទៅ​។ បន្ទាប់ពី​បាន​ទៅធ្វើ​ការ​ឆ្ងាយ​ពី​ភូមិ​រយៈពេល​៣​ខែ ខ្ញុំ​បាន​សុំច្បាប់​មកលេង​ផ្ទះ​បាន​៣​ថ្ងៃ​។ នៅពេលដែល​ខ្ញុំ​ចេញពីផ្ទះ​វិលត្រឡប់​ទៅធ្វើ​ការងារ​វិញ ប្អូនប្រុស​របស់ខ្ញុំ​បាន​សុំ​ខ្ញុំ​ទៅជា​មួយ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​មិនបាន​យក​ប្អូន​ទៅជា​មួយ​ទេ ពីព្រោះ​ខ្ញុំ​ធ្វើការ​បោច​វ​ល្លិ៍​នៅក្នុង​ព្រៃ​ក្បែរ​ភ្នំ​ត្បែង គឺ​ពិបាក​រស់នៅ​ខ្លាំងណាស់​។ ៤​ថ្ងៃ​បន្ទាប់ពី​ខ្ញុំ​ចាក​ចេញពីផ្ទះ​លើក​នេះ ខ្ញុំ​ទទួលបាន​ដំណឹង​ថា គ្រួសារ​របស់ខ្ញុំ​រួមមាន​ឪពុកម្ដាយ​ដែល​កំពុង​ពពោះ​ជិត គ្រប់​ខែ និង​បងប្អូន​ទាំងអស់​ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ​សម្លាប់​ទាំងអស់​។ នៅពេល​ទទួលដំណឹង​អំពី​ការស្លាប់​របស់​គ្រួសារ ខ្ញុំ​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​ឡើយ​។ ប៉ុន្តែ​មិត្ត រឿន បាន​និយាយ​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​ពង្រឹងស្មារតី​ក្នុង​ការធ្វើការងារ ពីព្រោះ​ខ្ញុំ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្នុង​ប្រជាជនមាន​ប្រវត្តិរូប​មិនល្អដែល​ប្រឈម​ការចាប់​យកទៅ​សម្លាប់​គ្រប់ពេលវេលា​។

​នៅពេលដែល​កងទ័ព​វៀតណាម​វាយ​ចូលមក​ដល់ទី​រួម​ខេត្តកំពង់ចាម នៅ​ដើមឆ្នាំ​១៩៧៩ កងចល័ត​ទាំងអស់​ត្រូវបាន​រំសាយ​។ នៅពេលនោះ ខ្ញុំ​និង​មិត្ត​នារី​៣​នាក់​ទៀត រត់ចេញ​ពី​កង​និង​បាន​ចែវ​ទូក​តាម​ទន្លេ​មក​ភូមិកំណើត​វិញ ប៉ុន្តែ​ត្រូវ​កងទ័ព​ខ្មែរក្រហម​ដែល​នៅ​សេសសល់​បាន​ឃាត់ខ្លួន​យើង​។ ខ្ញុំ​និង​មិត្ត​នារី​ពីរ​នាក់​ទៀត​ត្រូវបាន​ដោះលែង​វិញ ហើយ​យើង​ចែវ​ទូក​រហូតមកដល់​ភូមិ​វិញ​។ ខ្ញុំ​ដឹងថា មាន​ប្រជាជន​ជាច្រើន​គ្រួសារ​ក៏បាន​ចែវ​ទូក​នៅ​ពីក្រោយ​ខ្ញុំ ប៉ុន្តែ​ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ​សម្លាប់​ទាំងអស់​។ ខ្ញុំ​រួច​ផុតពី​សេចក្ដីស្លាប់​នាពេលនោះ ប៉ុន្តែ​បាន​បាត់បង់​សមាជិកគ្រួសារ​ទាំងអស់​។ នៅ​ឆ្នាំ​១៩៨០ ខ្ញុំ​បាន​ផ្លាស់​មក​រស់នៅ​ភូមិ​ទី​៨ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ នៅ​ឆ្នាំ​២០១០ ខ្ញុំ​ចាប់ផ្ដើម​បង្រៀន​សិស្ស​នៅ​សាលាបឋមសិក្សា​ទីប្រជុំ រហូតដល់​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០២០​។ បច្ចុប្បន្ន​ខ្ញុំ​លក់ដូរ​បន្តិចបន្តួច​នៅផ្ទះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕​សរន​

Post navigation