Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ថានភាពទឹកទន្លេទាំងបួននៅសល់កម្ពស់ប្រហាក់ប្រហែលកម្ពស់មធ្យមច្រើនឆ្នាំ

Views: 4

ដោយៈប.ខុន/ភ្នំពេញៈ ស្ថានភាពទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រនៃទន្លេទាំងបួនក្នុងរដូវប្រាំងឆ្នាំ២០២៣នេះត្រូវបានមន្ត្រីជំនាញជលសាស្ត្រនៃក្រសួងធនធានទឹកនិងឧតុនិយមបញ្ជាក់ថាមានអំណោយផលល្អ ដោយសារទឹកមាននៅសល់កម្ពស់ប្រហាក់ប្រហែលនឹងកម្ពស់ទឹកមធ្យមច្រើនឆ្នាំនៅគ្រប់ស្ថានីយ។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបដែលមានជំនាញជលសាស្ត្រនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣ថា  ស្ថានភាពទឹកបឹងទន្លេសាបនិងទឹកទន្លេមេគង្គនៅក្នុងរដូវប្រាំងពេលនេះ (២៨មីនា)នៅសល់កម្ពស់ប្រហាក់ប្រហែលនឹងកម្ពស់ទឹកមធ្យមច្រើនឆ្នាំបានន័យថាស្ថានភាពទឹកនៅសល់ល្អទាំងសម្រាប់ការស្រោចស្រពនិងទឹកប្រើប្រាស់។

លោក ម៉ៅ ហាក់ បាននិយាយថា ស្ថានភាពទឹកនៅមានកម្ពស់ខ្ពស់នេះដោយសារមានភ្លៀងធ្លាក់ច្រើនអូសបន្លាយពេលកាលពីចុងរដូវវស្សានិងម្យ៉ាងដោយសារនៅពេលនេះមានការបញ្ចេញទឹកពីតាមបណ្តាអាងវារីអគ្គិសនី ធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គនៅចតុមុខស្ថិតនៅក្នុងរង្វង់២ម៉ែត្រដែលជាកម្ពស់ប្រហាក់ប្រហែលនឹងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ។

ស្ថានភាពទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ទន្លេមេគង្គនៅស្ទឹងត្រែងទឹកមានកម្ពស់ ,៧៥ម៉ែត្រទន្លេមេគង្គនៅក្រចេះទឹកមានកម្ពស់៧,៥១ម៉ែត្រ ទន្លេមេគង្គនៅកំពង់ចាមទឹកមានកម្ពស់២,៧៦ម៉ែត្រ ទន្លេបាសាក់ ចតុមុខទឹកមានកម្ពស់២,០២ម៉ែត្រ ទន្លេមេគង្គនៅអ្នកលឿងទឹកមានកម្ពបស់១,២០ម៉ែត្រ ទន្លេបាសាក់កោះខែលទឹកមានកម្ពស់១,៩៤ម៉ែត្រ ទន្លេសាបព្រែកក្តាមទឹកមានកម្ពស់១,០៤ម៉ែត្រ និង ទឹកបឹងទន្លេនៅក្រគរ កំពង់លួងទឹកមានកម្ពស់១,០១ម៉ែត្រ ជាទូទៅកម្ពស់ទឹកខាងលើ គឺប្រហាក់ប្រហែលកម្ពស់ទឹកមធ្យមច្រើនឆ្នាំ៕/PC

Post navigation