Views: 1
ភ្នំពេញ៖ ស្ថាប័នជំនាញផ្នែកគណនេយ្យហិរញ្ញវត្ថុពន្ធដារនិងអាជីវកម្មស្តង់ដារចំនួនបីកាលពីរសៀលថ្ងៃទី២៨ កញ្ញា ២០២៣នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញបានអនុស្សរណៈជាមួយគ្នា ដើម្បីរួមគ្នារកដំណោះស្រាយជូនសហគ្រិនទាំងឡាយណាដែលកំពុងមានកង្វល់អំពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ស្ថាប័នទាំងបីនោះរួមមាន សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA) វិទ្យាស្ថានស៊ីអ៊ីអូ(CEO)និងសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជា(CFO)។ ពិធីនេះចុះអនុស្សរណៈនេះបានធ្វើឡើងស្របពេលដែលសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA)បានបើកសម្ពោធជាផ្លូវការរបស់ខ្លួននាថ្ងៃនោះផងដែរ។
ស្ថាប័នទាំងបីនេះនឹងធ្វើយ៉ាងណាដើម្បីឱ្យម្ចាស់អាជីវកម្មបានយល់ដឹងកាន់តែច្បាស់អំពីរបររកទទួលទាននិងការធ្វើអាជីវកម្មរបស់ពួកគាត់ ទាក់ទងទៅនឹងផ្លូវច្បាប់ និងការគ្រប់គ្រងអាជីវកម្មឲ្យមាននិរន្តរភាព។ នេះបើតាមការប្រកាសឱ្យដឹងក្នុងព្រឹត្តិការណ៍ចុះអនុស្សរណៈ។

លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាបានបញ្ជាក់ថា អនុស្សរណៈនេះ នឹងជួយម្ចាស់អាជីវកម្មឱ្យរកស៊ីមានការរីកចម្រើន និងអាជីវកម្មតាមស្តង់ដារនិងទទួលបានចំណេះដឹងផ្នែកអាជីវកម្ម ការគ្រប់គ្រងអាជីវកម្មព្រមទាំងយល់ដឹងពីបញ្ហាពន្ធដារ ពីហានិភ័យនៃពន្ធដារ និងច្បាប់ជាធរមាន ។ជាពិសេសជួយម្ចាស់អាជីវកម្មឱ្យយល់ដឹងអំពីគណនេយ្យក៏ដូចជាគណនេយ្យហិរញ្ញវត្ថុច្បាស់លាស់»។
លោក អ៊ុំ សារ៉ាវុធ បានបញ្ជាក់ទៅកាន់អ្នកចូលរួមប្រមាណជាង២០០ នាក់ថា សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាមានគោលដៅជួយលើបញ្ហាពន្ធដារ ។ចំណែកស៊ីអូម៉ាស្ទ័រក្លិបផ្ដោតលើការបណ្តុះបណ្តាលម្ចាស់អាជីវកម្មទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម។ ចំណែកសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជាបណ្តុំទៅដោយអ្នកជំនាញខាងគណនេយ្យនិងហិរញ្ញវត្ថុ។
ក្នុងឱកាសនេះដែរ លោក តឹក វាសនា ប្រធានសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា នៅកម្ពុជាធនធានមនុស្សផ្នែកគណនេយ្យហិរញ្ញវត្ថុខ្វះខាតយ៉ាងខ្លាំង។ កម្ពុជាត្រូវការធនធានលើវិស័យនេះជាចាំបាច់។ ដូច្នេះអនុស្សរណៈត្រីភាគីនេះគឺប្រមូលអ្នកជំនាញខាងវិស័យគណនេយ្យហិរញ្ញវត្ថុ និងពន្ធដារ ដើម្បីជួយបណ្តុះបណ្តាលធនធានលើវិស័យនេះឱ្យកាន់តែមានការរីកចម្រើន។លោកបានបន្ថែមថា កន្លងមកសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជា បានជួយម្ចាស់អាជីវកម្ម ក៏ដូចជានិស្សិត រៀនគណនេយ្យឱ្យយល់ច្បាស់ពីបញ្ហាការងារគណនេយ្យនិងហិរញ្ញវត្ថុ។
លោក តឹក វាសនា បានគូសបញ្ជាក់ថា “មូលហេតុដែលពន្ធដារពិន័យ គឺដោយសារបញ្ហាឯកសារហិរញ្ញវត្ថុមិនច្បាស់លាស់។ ស្ថាប័នទាំងបីមានជំនាញច្បាស់លាស់ដូច្នេះអាចនឹងជួយដល់ម្ចាស់អាជីវកម្មអាចបង់ពន្ធបានត្រឹមត្រូវចៀសផុតពីការពិន័យពីមន្រ្តីពន្ធដារ”។
លោកបានបញ្ជាក់ថា “សមាគមរបស់យើងមានសមាជិកសុទ្ឌសឹងជាងអ្នកជំនាញផ្នែកគណនេយ្យហិរញ្ញវត្ថុដែលផ្តល់ប្រឹក្សាមិនយកកម្រៃឡើយ”។
លោកក័បានជំរុញឱ្យសហគ្រិនយកចិត្តទុកដាក់សិក្សាផ្នែកគណនេយ្យហិរញ្ញវត្ថុ ការកត់ត្រាចំណូលចំណាយ ចំណេញខាត ដែលជាមូលដ្ឋានឯកសារផ្លូវច្បាប់ក្នុងការបង់ពន្ធ។
ចំណែកស្ថាប័នស៊ីអ៊ីអូម៉ាស្ទ័រក្លិបបានជួយបណ្តុះបណ្តាលបង្វឹកម្ចាស់អាជីវកម្ម ពីវិធីសាស្ត្រគ្រប់គ្រងអាជីវកម្ម។

លោក អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស៊ីអ៊ីអូ ក៏បានឆ្គឹះបង្ហាញនូវគន្លឹះសំខាន់ៗអំពីការកសាងសមត្ថភាពរៀបចំក្រុមហ៊ុនពីលក្ខណៈគ្រួសារទៅស្តង់ដារ។ សំណួរគន្លឹះជាង២០ត្រូវបានចោទសួរទៅម្ចាស់អាជីវកម្មជាង២០០នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ ដើម្បីស្វែងរកពិន្ទុថាតើ អាជីវកម្មរបស់ពួកស្ថិតនៅស្ថានភាពបែបណា?។
លោកគ្រូធំ អោម សេងបូរ៉ា បានចោទជាសំណួរថា ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នកតើអាជីវកម្មរបស់អ្នក និងគ្រួសាររបស់អ្នកនឹងមានស្ថានភាពដូចម្តេចដែរ?
ម្ចាស់អាជីវកម្មមួយចំនួនបានទទួលស្គាល់ថា អាជីវកម្មរបស់ពួកគេមានស្ថានភាពមិនប្រសើឡើយ ពិសេសក្នុងស្ថានភាពអាជីវកម្មបែបហេងស៊យ និងអាជីវកម្មបែបគ្រួសារ ដែលតម្រូវឱ្យបង្វឺកបន្ថែមឱ្យក្លាយជាអាជីវកម្មស្តង់ដារនាពេលអនាគត។
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ឃី សុវណ្ណរតនា បានមានប្រសាសន៍ថា ពលរដ្ឋកម្ពុជាក៏ដូចជាពលរដ្ឋនៅទូទាំងពិភពលោកដែរត្រូវមានកាតព្វកិច្ចបបង់ពន្ធជូនរដ្ឋដើម្បីកសាងនិងអភិវឌ្ឍជាតិលោកបានលើកឡើងនូវពំនោលសកលដ៏មានប្រជាប្រិយមួយដោយនិយាយថា មនុស្សកើតមកមិនអាចគេចផុតពីរឿងពីរយ៉ាងនោះ គឺ ”សេចក្តីស្លាប់និងការបង់ពន្ធអាករ”។ ហើយនេះជាការពិត។
ថ្មីៗនេះលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបកស្រាយពន្យល់អ្នកបង់ពន្ធតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា វាជាការចាំបាច់ក្នុងការអនុវត្តពន្ធអាករដើម្បីប្រមូលថវិកាជូនរដ្ឋតាមផែនការក្នុងបំណងប្រើប្រាស់កសាងនិងអភិវឌ្ឍប្រទេសជាតិ៕សរន











